ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​កម្ចី​ជាង​១២៧​លាន​ដុល្លារ សម្រាប់​ជួយ​ពង្រីក​បណ្តាញ​បញ្ជូន​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​

250
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពី​ថ្ងៃទី​១០​កញ្ញា​បាន អនុម័ត ផ្តល់ប្រាក់​កម្ចី ១២៧,៨ លាន​ដុល្លារ​គាំទ្រ​ការកសាង​បណ្តាញ​បញ្ជូន និង​អនុ​ស្ថានីយ​អគ្គិសនី ដើម្បី​ជួយ​ឱ្យ​រាជធានី​ភ្នំពេញ​និង​ខេត្ត ៣​ផ្សេងទៀត នៃ​ប្រទេស​កម្ពុជា​ទទួលបាន​ការ​ផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​ស្ថិរភាព​និង​អាច​ទុកចិត្តបាន​។​

​គម្រោង​នេះ ក៏​នឹង​សាកល្បង​ប្រព័ន្ធ​ផ្ទុក​ថាមពល ដើរ​ដោយ​អាគុយ ខ្នាត​ធំ​ដំបូងបង្អស់ នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ប្រើ​ថវិកា​ចំនួន ៦,៧​លាន​ដុល្លារ​។ ក្នុងនោះ​រាប់បញ្ចូល​ទាំង ៤,៧​លាន​ដុល្លារ ពី​មូលនិធិ​អាកាសធាតុ​ជា​យុទ្ធសាស្ត្រ (Strategic Climate Fund) នៃ​ការពង្រីក​ការអនុវត្តន៍កម្មវិធី​ថាមពលកកើត​ឡើងវិញ​នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​ទាប និង ២ លាន​ដុល្លារ​ពី​មូលនិធិ​ថាមពល​ស្អាត​(Clean Energy Fund) នៃ​គម្រោង​ដៃគូ​ហិរញ្ញប្បទាន​សម្រាប់​ថាមពល​ស្អាត (Clean Energy Financing Partnership Facility)​។ មូលនិធិ​ទាំងពីរ​ត្រូវបាន​គ្រប់គ្រង​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​។​

​លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា របស់​ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា “​គម្រោង​បង្កើន​ប្រព័ន្ធ​បញ្ជូន​ចរន្ត រួមជាមួយ​ជំនួយ​ជា​បន្តរបស់​ធនាគារ​អភិវឌ្ឍន៍ អាស៊ី​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​រៀបចំ​ផែនការ​បណ្តាញ​ថាមពល បង្ហាញថា​ការផ្គត់ផ្គង់​ថាមពល​គ្រប់គ្រាន់ អាច​ទុកចិត្តបាន និង​មាន​និរន្តរភាព​បរិស្ថាន អាច​ត្រូវបាន​ផ្តល់ជូន ក្នុងតម្លៃ​សមរម្យ ដើម្បី​គាំទ្រ​ដល់ ការអភិវឌ្ឍ​ប្រកបដោយ​សមធម៌​។ ប្រព័ន្ធ​ផ្ទុក​ថាមពល​ដោយ​អាគុយ នឹង​បង្ហាញ​ពី​របៀប ដែល​ការអភិវឌ្ឍន៍ខ្នាត​ធំ នៃ​ការអនុវត្តន៍ បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី អាច​ត្រូវបាន​ប្រើ ដើម្បី​ដំណើរការ​បណ្តាញ​អគ្គិសនី ក្នុងប្រទេស​កម្ពុជា​នាពេល​អនាគត និង ដើម្បី​បង្កើត​ថាមពល​កកើត​ឡើងវិញ​បន្ថែមទៀត​។​

​រាជរដ្ឋាភិបាល បានកំណត់​ការអភិវឌ្ឍ​វិស័យ​ថាមពល ជា​អាទិភាព​របស់​ជាតិ ព្រោះថា​ការផ្គត់ផ្គង់អគ្គិសនី​កាន់តែ​រឹងមាំ នឹង​ជួយ​ជំរុញ​ផលិតភាព​សេដ្ឋកិច្ច​និង​គុណភាព​ជីវិត​។ ខណៈពេលដែល​កម្ពុជា មាន ការរីកចម្រើន​គួរឱ្យកត់សម្គាល់​ក្នុងការ​ពង្រីក​ការផលិត​ថាមពល​តម្លៃ​ទាប​ក្នុង​រយៈពេល ១៥ ឆ្នាំកន្លងមក ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ចរន្ត ដែលមាន​ស្រាប់​កំពុង​ឈានដល់​ការប្រើប្រាស់​អស់​សមត្ថភាព ហើយ​ត្រូវការ ការពង្រីក​និង​ពង្រឹង​បន្ថែម ដើម្បី​ចៀសវាង​ការរំខាន​ដល់​ការផ្គត់ផ្គង់​។​

​គម្រោង​នេះ​នឹង​ជួយ​ដល់អគ្គិសនី​កម្ពុជា (EDC) ដែល​ជាស្ថាប័ន​អគ្គិសនី​ជាតិ របស់​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ចរន្ត តាមរយៈ​ការផ្តល់​ហិរញ្ញប្បទានដល់​ការសាងសង់​បណ្តាញ បញ្ជូន ១១៥-២៣០ គីឡូវ៉ាត់ ចំនួន ៤ និង​អនុ​ស្ថានីយ​អគ្គិសនី​ចំនួន ១០ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ ឆ្នាំង កំពង់ចាម និង​តាកែវ​។​

​គម្រោង​ផ្ទុក​ថាមពល​ដោយ​អាគុយ សាកល្បង ដែលមានទីតាំង​ស្ថិតនៅ​ក្បែរ​ឧទ្យាន​ថាមពល ព្រះអាទិត្យ​មាន​កម្លាំង ១០០ មេ​ហ្គា​វ៉ា​ត់ ដែល​គាំទ្រ​ដោយ ADB នឹង​រួមបញ្ចូលនូវ​ការបណ្តុះបណ្តាល បច្ចេកទេស​ផងដែរ​។ រាជរដ្ឋាភិបាល​គ្រោង នឹង​បង្កើន​សមត្ថភាព​ផលិតចរន្តអគ្គិសនីថាមពលព្រះអាទិត្យ ដល់ ៤១៥ មេ​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំ ២០២២ ពោលគឺ​កើនឡើង​ពី ១៥៥ មេ​ហ្គា​វ៉ា​ត់​ក្នុង​ឆ្នាំ ២០១៩ ។ ប្រព័ន្ធ​ផ្ទុកថាមពល​ដោយ​អាគុយ ដែល​គាំទ្រ​ដោយ​គម្រោង​នេះ មាន​សមត្ថភាព​សន្សំ​ថាមពល​អគ្គិសនី ១៦ មេ​ហ្គា​វ៉ា​ត់​ម៉ោង និង​ផ្តល់​លទ្ធភាព​ដើម្បី​ជួយ​រួមបញ្ចូលថាមពល​កកើត​ឡើងវិញ ការបន្ថយ​ការកកស្ទះ ការបញ្ជូន​ចរន្ត និង​ធ្វើ​តុល្យាការ​នៃ​ការផ្គត់ផ្គង់​និង​តម្រូវការ​ផងដែរ​។​

​លោកស្រី Daniela Schmidt អ្នកឯកទេស​ផ្នែក​ថាមពល​អគ្គិសនី​រប​ស់ ADB មានប្រសាសន៍ថា “​គម្រោង តាមរយៈ ការផ្តល់​ហិរញ្ញប្បទាន និង ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ច​ន្ត​ចាំបាច់ សម្រាប់ការផ្គត់ផ្គង់​អគ្គិសនី ប្រកបដោយ​និរន្តរភាព នឹង​ជំរុញ​ផលិតភាព​សេដ្ឋកិច្ច​របស់​កម្ពុជា សមត្ថភាព ប្រកួតប្រជែង និង​ការធ្វើ​ពិពិធ​កម្ម​នានា បង្កើត​ការងារ និង​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ របស់​ប្រទេស ពី​វិបត្តិ​នៃ​ការ​រាតត្បាត​នៃ COVID-19​។ គម្រោង​នេះ​នឹង​បង្កើត​ការងារ​ដោយផ្ទាល់​ចំនួន ១៣០០ នៅក្នុង វិស័យ​សំណង់ ជាមួយនឹង​ការផ្តល់​ជា​ប្រយោជន៍ ក្នុងការ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​។ វា​ក៏​នឹង​គាំទ្រ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អគ្គិសនី​កម្ពុជា​(EDC) ក្នុងការ​លើកកម្ពស់​ប​រិ​យា​ប័ន្ន និង​សមភាព​យេនឌ័រ នៅ​កន្លែងធ្វើការ​និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​រប​ស់​ស្ត្រី​នៅក្នុង​វិស័យ​ថាមពល​។​”

​ជំងឺ​រាតត្បាត COVID-19 គំរាមកំហែង​កាត់បន្ថយ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែល មាន​អត្រា​ជា​មធ្យម ៧,១% ជា​រៀងរាល់ឆ្នាំ ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៩ ។ សេដ្ឋកិច្ចកម្ពុជា ត្រូវបាន ព្យាករ​ថា​នឹង​ធ្លាក់ចុះ​ក្នុង​រង្វង់ -៥,៥ ភាគរយ​នៅ​ឆ្នាំ ២០២០ ដែល​អាច​ជំរុញ​ប្រជាពលរដ្ឋ​ប្រមាណ ១,៣ លាន​នាក់​បន្ថែមទៀត​ឱ្យ​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ​។ រាជ​ដ្ឋា​ភិ​បាល កំពុង​អនុវត្ត​កម្មវិធី​ជំនួយ ដើម្បី​កាត់ បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​។​

​ចាប់តាំងពី​ឆ្នាំ ១៩៩៤ មក ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់​ប្រាក់កម្ចី និង​ជំនួយឥតសំណង​ជិត ២០០ លាន​ដុល្លារ ដល់​វិស័យ​ថាមពល របស់​ប្រទេស​កម្ពុជា និង​ផ្តល់ជំនួយ​បច្ចេកទេស​ប្រមាណ ៦ លាន ដុល្លារ​។ ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី បាន​ផ្តោតលើ​ការពង្រីក​បណ្តាញ​បញ្ជូន និង​ចែកចាយ​ចរន្ត និង គាំទ្រ​ដល់​កំណែទម្រង់ វិស័យ​អគ្គិសនី ព្រមទាំង​ការកសាង​សមត្ថភាព​ស្ថាប័ន​។ កាលពី​ឆ្នាំមុន ធនាគារ អភិវឌ្ឍន៍អាស៊ី​បានផ្តល់ ៧,៦៤ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការសាងសង់​ឧទ្យាន​ពន្លឺព្រះអាទិត្យ​តាមរយៈ ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ឯកជន រួមជាមួយ​ការបង្កើត​ផែនទី​បង្ហាញផ្លូវ សម្រាប់​ការអភិវឌ្ឍ ថាមពល​ពន្លឺព្រះអាទិត្យ​ផងដែរ​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញា​ថា​នឹង​សម្រេចបាន​នូវ វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់ និង​និរន្តរភាព ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ស្រប​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ខ្លាំង​។ បង្កើតឡើង​នៅ​ឆ្នាំ ១៩៦៦ ធនាគារ​នេះ​គ្រប់គ្រង​ដោយ​សមាជិក​ចំនួន ៦៨ ប្រទេស ដែល​ក្នុងនោះ​មាន ៤៩ ប្រទេស មកពី​តំបន់​នេះ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម