គ្រាន់តែ​ត្រី​មួយ​ក្បាល​ងាប់ ប្រកាស​កាន់ទុក្ខ​មួយ​ប្រទេស​

613
ចែករម្លែក

​លោក អេ​ដ​ហ្គា ឡាំង​ហ្គូ (Edgar Lungu) ប្រធានាធិបតី​នៃ​ប្រទេស​សំ​ប៊ី បាន​ចូលរួម​ជាមួយ​ប្រជាជន​ទូទាំង​ប្រទេស ដើម្បី​កាន់​មរណៈទុក្ខ​ចំពោះ​ការបាត់បង់​ជីវិត​រប​ស់ត្រី​ឈ្មោល​មួយ​ក្បាល​ឈ្មោះ ម៉ា​ហ្វី​ស៊ី (Mafishi) ដែល​រស់​ក្នុង​ស្រះ​មួយ​នៅ​សាកលវិទ្យាល័យ​ធំ​បំផុត​ទី​២ របស់​ប្រទេស​នេះ​។​

​ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ Copperbelt University (CBU) បាន​អុជ​ទៀន និង​ដើរ​ប្រទក្សិណ​ជុំវិញ​បរិវេណ​សាកលវិទ្យាល័យ​ដើម្បី​កាន់ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​។

​បណ្ដា​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក្នុង​ប្រទេស​នៅ​អាហ្វ្រិក​មួយ​នេះ បាន​នាំគ្នា​ដាក់​សញ្ញា #Mafishi ពេញ​ទំនាក់ទំនង​សង្គម​ទ្វី​ត​ទ័រ ជា​សញ្ញា​នៃ​ការ​កាន់ទុក្ខ​នេះ​។

​សូមបញ្ជាក់​ថា រយៈពេល​ពីរ​ទសវត្ស​កន្លងមកនេះ និស្សិត​នៅ​សាកលវិទ្យាល័យ CBU មានជំនឿថា ត្រី​នេះ​តែងតែ​នាំ​សំណាង​ល្អ​ដល់​ពួកគេ​នៅ​ក្នុង​ការប្រឡង​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​។

​ប្រធាន​និស្សិត ឡ​រ៉េ​ន កា​សុន​ដេ បាន​និយាយថា គេ​ជឿ​ថា ត្រី Mafishi ដែល​មានន័យថា “​ត្រី​ធំ​” នេះ​មាន​អាយុ​យ៉ាង​ហោច​ណាស់ ២២ ឆ្នាំ​ហើយ​វា​បាន​រស់នៅ​ក្នុង​ស្រះ​នៃ​សាកលវិទ្យាល័យ​នេះ​អស់​រយៈពេល​​ជាង ២០ ឆ្នាំ​មកហើយ​។ ប្រធាន​និស្សិត​រូបនេះ​បាន​បន្ថែមថា យើង​នឹង​បន្ត​បើក​ការស៊ើបអង្កេត​ជុំវិញ​ការស្លាប់​របស់​ត្រី​នេះ​។

​យុវជន​រូបនេះ​បាន​ប្រាប់ BBC ថា “​យើង​មិន​ទាន់​យក​វា​ទៅ​បញ្ចុះ​ទេ ព្រោះ​យើង​មាន​គម្រោង​អប់​សព (​រក្សា​សាកសព​កុំឱ្យ​រលួយ​) វា​ទុក​”​។​

​កេ​ណ្ណេ​ឌី ហ្គុន​វ៉េ (Kennedy Gondwe) ភ្នាក់ងារ​ធ្វើ​សេចក្ដីរាយការណ៍​ព័ត៌មាន​ឱ្យ BBC Zambia និយាយថា និស្សិត​ខ្លះ​ថែម​ទាំង​ធ្លាប់​បន់ស្រន់​សុំ​ត្រី​នេះ​ឱ្យ​ជួយ​ពួកគេ​ប្រឡង​ជាប់​ទៀតផង​ដោយមាន​​ជំនឿ​ថា វា​នាំ​សំណាង​ល្អ​ដល់​ពួកគេ ចំណែក​ឯ​អ្នកខ្លះ​ទៀត​ចាត់ទុក​វា​ជា​អ្នក​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង​របស់​ពួកគេ​។​

​ទន្ទឹមនេះដែរ មេដឹកនាំ​គណបក្សប្រឆាំង ហា​កា​អ៊ី​ន​ដេ ហ៊ី​ជី​ឡេ​ម៉ា និយាយថា “​យើង​រួម​ជាមួយ​សហគមន៍​និស្សិត​CBU ទាំង​ជំនាន់​ចាស់ និង​ជំនាន់​បច្ចុប្បន្ន​ដើម្បី​កាន់​មរណទុក្ខ​ចំពោះ​ការស្លាប់​របស់ Mafishi ត្រី​ចិញ្ចឹម​ដែល​ជា​និមិត្តរូប​របស់​ពួកគេ​”៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម