កិច្ចចរចានៅទីក្រុងដូហាអាចរំលេចរូបរាងថ្មីរបស់អាហ្វហ្គានីស្ថាន ប៉ុន្តែសន្តិភាពមិនធានានោះទេ

267
ចែករម្លែក

រដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងពួកតាលីបង់នឹងចាប់ផ្តើមកិច្ចចរចានៅចុងសប្តាហ៍នេះដើម្បីបញ្ចប់សង្រ្គាមជិត ២ ទសវត្សរ៍ ទោះបីជាមនុស្សតិចតួចរំពឹងថានឹងមានកិច្ចព្រមព្រៀងសន្តិភាពនៅពេលឆាប់ៗក្តី។

ភាគីទាំងពីរនឹងជួបគ្នានៅរដ្ឋធានីដូហារបស់កាតាចាប់ពីថ្ងៃសៅរ៍ទី១២កញ្ញា ពោលគឺ ៦ ខែយឺតជាងការគ្រោងទុកដោយសារតែការខ្វែងគំនិតគ្នាដ៏ជូរចត់ជុំវិញការដោះដូរអ្នកទោសដ៏ចម្រូងចម្រាស។

កិច្ចចរចាដែលគាំទ្រដោយសហរដ្ឋអាម៉េរិកគឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងជម្លោះរយៈពេល ១៩ ឆ្នាំរបស់អាហ្វហ្គានីស្ថាន ប៉ុន្តែលទ្ធផលសន្តិភាពឬសូម្បីបទឈប់បាញ់គ្នា គឺ មិនត្រូវបានធានានោះទេ ខណៈដែលពួកអ្នកចរចាកំពុងជាប់ផុងនឹងគោលដៅពោរពេញដោយលក្ខខណ្ឌច្រើនសន្ធឹក។

រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ ដែលនឹងចូលរួមក្នុងពិធីបើកកិច្ចពិភាក្សានេះ បាននិយាយថា ពួកគេតំណាងឱ្យឱកាស “ប្រវត្តិសាស្ត្រ” ពិតប្រាកដ។

លោកផមផេវបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅពេលដែលលោកជិះយន្តហៅទៅកាតា យ៉ាងដូច្នេះថា ភាគីទាំងពីរត្រូវតែបង្ហាញចេញនូវ “របៀបរុញប្រទេសពួកគេឆ្ពោះទៅមុខដើម្បីកាត់បន្ថយអំពើហិង្សានិងផ្តល់នូវអ្វីដែលប្រជាជនអាហ្វហ្គានីស្ថានកំពុងទាមទារ​ នោះគឺអាហ្វហ្គានីស្ថានដែលមានការបង្រួបបង្រួមជាមួយរដ្ឋាភិបាលមួយ ដែលឆ្លុះបញ្ចាំងថាប្រទេសនេះមិនស្ថិតក្នុងសង្គ្រាម”។

ប្រធានាធិបតីដូណាល់ ត្រាំ ដែលត្រៀមខ្លួនឈរឈ្មោះបោះឆ្នោតឡើងវិញនៅខែវិច្ឆិកា បានជំរុញយ៉ាងខ្លាំងក្នុងការនាំកងទ័ពមកស្រុកវិញនិងបញ្ចប់សង្គ្រាមយូរបំផុតរបស់អាម៉េរិក ដែលបានចាប់ផ្តើមកាលពីជិត ២០ ឆ្នាំមុន នៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានលុកលុយអាហ្វហ្គានីស្ថាននិងបណ្តេញពួកតាលីបង់ចេញពីអំណាច បន្ទាប់ពីការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា។

លោក វ៉ាន់ដា ហ្វែលបាប ប្រោន ជាអ្នកជំនាញជនជាតិអាហ្វហ្គានីស្ថាននិងជាសមាជិកជាន់ខ្ពស់នៃវិទ្យាស្ថានប្រ៊ូកឃីង បាននិយាយថា ការចរចាអាចមានរយៈពេលច្រើនឆ្នាំ “ដោយមានការឈប់និងផ្អាកជាច្រើនលើក ជួនកាលផ្អាករាប់ខែនៅពេលដែលការប្រយុទ្ធនៅតែបន្ត”។

កិច្ចព្រមព្រៀងណាមួយនឹងអាស្រ័យលើឆន្ទៈរបស់ភាគីទាំងពីរក្នុងការកែលម្អចក្ខុវិស័យប្រកួតប្រជែងរបស់ពួកគេសម្រាប់ប្រទេសនិងទំហំដែលពួកគេអាចចែករំលែកអំណាចគ្នា។

ពួកតាលីបង់ដែលបានបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី អាស្រាហ្វ ហ្គានី នឹងជំរុញឱ្យមានការផ្លាស់ប្តូរប្រទេសអាហ្វហ្គានីស្ថានទៅជាប្រទេសអ៊ីស្លាម “អេមីរ៉ាត”។

រដ្ឋបាលរបស់លោកហ្គានីនឹងព្យាយាមរក្សាស្ថានភាពដែលគាំទ្រដោយបស្ចិមប្រទេស ពោលគឺ រដ្ឋធម្មនុញ្ញដែលបានកំណត់សិទ្ធិជាច្រើន រួមទាំងសេរីភាពកាន់តែច្រើនសម្រាប់ស្ត្រី។

រហូតមកទល់ពេលនេះ ពួកតាលីបង់បានត្រឹមតែសន្យាមិនច្បាស់លាស់ក្នុងការការពារសិទ្ធិរបស់ស្ត្រីតាមរយៈ “តម្លៃអ៊ីស្លាម” ហើយប្រជាជនអាហ្វហ្គានីស្ថានជាច្រើនបារម្ភថា ការវិលត្រឡប់ទៅរកអំណាចមួយផ្នែកឬពេញលេញឡើងវិញរបស់ពួកតាលីបង់ នឹងបង្ហាញពីការចាប់ផ្តើមឡើងវិញនូវគោលនយោបាយពីមុន ដូចជាការប្រហារជីវិតស្ត្រី ដែលគេចោទពីបទផិតក្បត់។

អ្នកគ្រូបង្រៀនឈ្មោះ អាមីនុលឡា អាយុ ៣៥ ឆ្នាំមកពីខេត្តគុនឌូស បាននិយាយថា “ក្រៅពីចង់បានសន្តិភាព យើងក៏ចង់ឱ្យរក្សាទុកសមិទ្ធិផលនៃឆ្នាំកន្លងមកនេះផងដែរ។ ខ្ញុំមិនចង់ឱ្យសាលារបស់ខ្ញុំត្រូវបិទនោះទេ ប៉ុន្តែសន្តិភាពគឺជាអាទិភាពឥឡូវនេះ”។

  • ការអះអាងជ័យជម្នះ

ពួកតាលីបង់ដែលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានភាគច្រើនពីឆ្នាំ ១៩៩៦ ដល់ ២០០១ នឹងអះអាងអំពីជំហររឹងប៉ឹងជាងពេលណាៗទាំងអស់ ចាប់តាំងពីពួកគេត្រូវបានបណ្តេញចេញពីអំណាច។

ពួកគេបានអះអាងទទួលបានជ័យជម្នះនៅក្នុងខែកុម្ភៈបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលបានកំណត់ពេលវេលាសម្រាប់កិច្ចពិភាក្សាដែលគេសន្មត់ធ្វើកាលពីខែមីនានិងដើម្បីឱ្យកងកម្លាំងបរទេសដកចេញនៅដើមឆ្នាំក្រោយ។

ជាការឆ្លើយតប ពួកតាលីបង់ផ្តល់ការធានាផ្នែកសន្តិសុខ​ ដែលក្រុមអ្នករិះគន់និយាយថាមានលក្ខណៈភ្លាវៗ។

នៅពេលណាដែលទឹកថ្នាំស្ងួតនៅលើក្រដាសកិច្ចព្រមព្រៀង ក្រុមបះបោរតាលីបង់នឹងធ្វើការវាយប្រហារជាថ្មីទៅលើកងកម្លាំងអាហ្វហ្គានីស្ថាននិងនៅតែបន្តរក្សានូវសមរភូមិក្តៅដដែល។

កិច្ចព្រមព្រៀងនេះមិនតម្រូវឱ្យពួកតាលីបង់បោះបង់ចោលជាផ្លូវការនូវក្រុមអាល់កៃដាដែលជាក្រុមជីហាដដឹកនាំពីមុនដោយលោកអូសាម៉ា ប៊ីនឡាដិន ដែលទទួលបានទីជម្រកសុវត្ថិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថានពេលរៀបចំផែនការវាយប្រហារថ្ងៃ ១១ កញ្ញា។

ផ្ទុយទៅវិញ ពួកតាលីបង់ “មិនត្រូវអនុញ្ញាតឱ្យ” ក្រុមបែបនេះប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានជាមូលដ្ឋាននោះឡើយ។

លោក អ៊ែនឌ្រូ វ៉ាតគីន ជាអ្នកវិភាគអាហ្វហ្គានីស្ថានមកពីក្រុមវិបត្តិអន្តរជាតិបាននិយាយថា “ការបង្ហាញវត្តមានលើកនេះពីពួកតាលីបង់…បង្ហាញថាពួកគេយល់ឃើញថាជំហរបច្ចុប្បន្នរបស់ពួកគេគឺជាកម្លាំងខ្លាំងដ៏អស្ចារ្យ”។

ហើយខណៈដែលពួកតាលីបង់ជាទូទៅបង្ហាញថាក្រុមជួរមុខរបស់ខ្លួនមានការបង្រួបបង្រួម រដ្ឋាភិបាលអាហ្វហ្គានីស្ថានតែងញាំញីដោយជម្លោះបុគ្គលនិងគូប្រជែងចាស់វស្សាជាច្រើន។

  • បទឈប់បាញ់

បទឈប់បាញ់ភ្លាមៗត្រូវគេរំពឹងថាជាផ្នែកនៃការបញ្ឈប់ការបង្ហូរឈាមនៅក្នុងសង្គ្រាម ដែលបានសម្លាប់ជនស៊ីវិលរាប់ម៉ឺននាក់និងផ្លាស់ទីលំនៅរបស់ប្រជាជនរាប់លាននាក់បន្ថែមទៀត។

កិច្ចព្រមព្រៀងរបស់អាម៉េរិកបានទទូចថា ពួកតាលីបង់រួមបញ្ចូលបទឈប់បាញ់ជាអចិន្រ្តៃយ៍ គ្រាន់តែជា​ “ធាតុមួយនៅក្នុងរបៀបវារៈ” បានហើយ នៅក្នុងការចរចា ប៉ុន្តែរដ្ឋាភិបាលក្រុងកាប៊ុលបានទទូចថា ខ្លួនចង់ជំរុញឱ្យមានបទឈប់បាញ់ពីថ្ងៃទីមួយតទៅ​ ជាអ្វីដែលពួកតាលីបង់និយាយថារារាំងដល់ការចាប់ផ្តើមចរចា។

លោកវ៉ាតគីននិយាយថា ពួកតាលីបង់ “មិនទុកចិត្តសហរដ្ឋអាម៉េរិកឬរដ្ឋាភិបាលអាហ្វហ្គានីស្ថានគ្រប់គ្រាន់នោះទេក្នុងការបញ្ឈប់ការប្រយុទ្ធគ្នារហូតដល់កិច្ចចរចាសន្តិភាពឈានដល់ចំណុចមួយដែលពួកគេជឿថាក្រុមរបស់ពួកគេអាចទទួលបានផលប្រយោជន៍របស់ពួកគេយ៉ាងពិតប្រាកដ”។

ទោះយ៉ាងណា លោកប្រោននិយាយថា ពួកតាលីបង់ចង់បានកិច្ចព្រមព្រៀងសន្តិភាពជាជាងការប្រយុទ្ធគ្នាជាមួយនឹងរដ្ឋាភិបាលក្រុងកាប៊ុល។

ទោះបីជាពួកតាលីបង់និងរដ្ឋាភិបាលអាហ្គានីស្ថាននៅទីបំផុតបានធ្វើកិច្ចព្រមព្រៀងក៏ដោយ ក៏ប៉ុន្តែអ្វីដែលកើតឡើងបន្ទាប់គឺជាសំណួរបើក។

សហរដ្ឋអាម៉េរិកបានសង្កត់ធ្ងន់ថា អនាគតរបស់អាហ្វហ្គានីស្ថានឥឡូវនេះគឺស្ថិតនៅក្នុងដៃរបស់អាហ្វហ្គានីស្ថានខ្លួនឯង ហើយបានលើកឡើងថា ប្រសិនបើដំណើរការសន្តិភាពដួលរលំនិងភាពវឹកវរបន្តឡើងវិញ​ នោះអនាគតរបស់ពួកគេនឹងទៅជាបែបនោះឯង។

លោកស្រី គ្រីស្ទីន ហ្វែរ ជាអ្នកជំនាញអាស៊ីខាងត្បូងនៅសាកលវិទ្យាល័យចចថោន បាននិយាយថា “សូមបញ្ជាក់ឱ្យច្បាស់ នេះមិនមែនអំពីការចរចាសន្តិភាពទេ វាជាការចរចាអំពីការដកអាម៉េរិកចេញពីអាហ្វហ្គានីស្ថាន”៕​ ដោយ ៖ កញ្ញាដាលីស

ផ្សែងហុយពីកណ្តាលក្រុងកាប៊ុលឆ្នាំមុន ក្រោយមានការផ្ទុះដ៏ធំ

ទីតាំងផ្សាយពាណិជ្ជកម្ម