ទម្លាប់​មួយចំនួន គួរតែ​កែប្រែ ក្នុងពេល​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

460
ចែករម្លែក

​ក្នុង​រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ ១៥​រោច ខែភទ្របទ ជា​ពិធីបុណ្យ​ដាក់​បិណ្ឌ ឬ​កាន់បិណ្ឌ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ខ្មែរ​យើង​តាំងពី​បុរាណកាល មក តែងតែ​ធ្វើ​ប្រារព្ធ​ដោយ​មានជំនឿថា​ជាការ សន្សំ​កុសល និង​ការជួបជុំ​សាច់ញាតិ​បងប្អូន នៅតាម​ទីកន្លែង​ជិត​ឆ្ងាយ ជាពិសេស​ទៅ​វត្ត​អារាម​នានា​។​
​ ​
​ប្រជា​ពុទ្ធបរិស័ទ តែងតែ​យក​ចង្ហាន់ និង​ទេយ្យទាន ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល ជូន​វិញ្ញាណក្ខន្ធ​សាច់​ញា​ត្តិ​ទាំង ៧​សន្តាន ដែល​បាន​ចែក​ឋាន​។ ក្នុង​រយៈកាល​ចុងក្រោយ​នេះ ក៏មាន​ទម្លាប់​នៃ​ការបោះ​បាយបិណ្ឌ ជុំវិញ​ព្រះវិហារ ថែមទៀត​។​
​ ​
​ការបោះ​បាយបិណ្ឌ និង​ទម្លាប់​នៃ​ការ​រាប់បាត្រ ដោយ​បាយ​ពេញ​ហូរហៀរ ជ្រុះ​ក្រៅ​បាត្រ ក្រៅ​ចាយ​ដែក នាំ​ឲ្យ​មានការ​លើកឡើង​ពី​ការ​ខ្ជះខ្ជាយ​របស់​ប្រជា​ពុទ្ធបរិស័ទ​ក្នុងអំឡុងពេល ពេល​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​ផងដែរ​។​
​ ​
​បាយបិណ្ឌ ដែល​ត្រូវបាន​បោះ​នៅពេល​ព្រឹក​ទៀបភ្លឺ រួមទាំង​បាយបិណ្ឌ ដែល​រាប់បាត្រ​ពេញ ហូរហៀរ​នៅតាម​វត្ត​ខ្លះ​នេះ ត្រូវបាន​គេ​លើកឡើងថា ជាការ​ធ្វើបុណ្យ​មិន​ឈ្លាស មិន​ឆ្លាត​។ អ្នកខ្លះ​លើកឡើងថា ព្រះពុទ្ធ​ឯណា ផ្តាំ​ឱ្យ​រាល់គ្នា ធ្វើ​រឿង​ដូច្នេះ​។ យើង​ធ្វើ​ត​គ្នា ដោយ​មិន​រិះ​ត្រិះ ហើយ​យល់​ខុស​ថា ធ្វើ​នេះ ជូន​ប្រែ​ត​បាន​បុណ្យ​ទៅវិញ​។ រឿងនេះ មិនតូច ទម្លាប់​នេះ ខូច​ដល់ មនុស្ស​ប្រុស​ស្រី គួរតែ​ជួបជុំ រក​គំនិត​ថ្មី ជៀសវាង​ធ្វើ​ហី ដូច​សព្វថ្ងៃនេះ​។​
​ ​
​ប្រជាពលរដ្ឋ​ខ្មែរ​យើង មួយចំនួន ក៏​លើក​ជា​គំនិត​ថា គួរតែ​ផ្លាស់ប្ដូរ​ការគិត មក​ពិចារណា ពុទ្ធសាសនា​ពិត មិនគួរ​យើង​ខ្ជះខ្ជាយ​បាយបិណ្ឌ ដូច​ទម្លាប់​តាម​វត្ត​នានា​នោះទេ​។​
​ ​
​មួយវិញទៀត ប្រជា​ពុទ្ធ​បិ​រ​ស័​ទ​យើង​មួយចំនួន ដែល​ទៅ​វត្ត ពិសេស​យុវវ័យ ក៏​ហាក់ដូចជា ភ្លេចខ្លួន មិនបាន​ទុកដាក់​សំរាម សំណល់​សម្បក​ដប ថង់​ប្លា​ស្ទិ​ក​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​។ ក្នុងពេល​ថ្វាយបង្គំ​ព្រះ និង​សំពះ​ព្រះសង្ឃ​សូត្រធម៌ នៅ​សាលាឆាន់​ហើយ​នោះ គឺ​បន្សល់ នូវ​ដប​ទឹក​សុទ្ធ ថង់​ប្លា​ស្ទីក ជាដើម នៅ​រាយប៉ាយ​។​
​ ​
​កាល​មុន ទម្លាប់​នៃ​ការអុជ​ធូប ក្នុង​សាលាឆាន់ និង​ក្នុង​ព្រះវិហារ តាម​វត្ត​នានា នៅពេល បុណ្យ​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ បង្ក​ជា​ផ្សែងហុយ​ទ្រលោម រហូតដល់​ឈ្លក់​ផ្សារ​ភ្នែក​ទាំង​អ្នក ទៅ​វត្ត និង​ទាំង​ព្រះសង្ឃ​។ ពេលខ្លះ ក៏​ក្លាយជា​ភ្លើង​ឆេះ​កន្លែង​ដុត​ធូប​នោះ ថែម​ទៀតផង​។​
​ ​
​ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រជា​ពុទ្ធបរិស័ទ​យើង បាន​ប្តូរ​ទម្លាប់ ដោយមាន​ការណែនាំ និង​រៀបចំ​ពី​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត ក៏​លែង​ឲ្យ​មាន​ដុត​ធូប​នៅក្នុង​ព្រះវិហារ ឬ​សាលា ឆាន់ ហើយ​រៀបចំ​កន្លែង​ដោត​ជើងធូប នៅក្រៅ​សាលាឆាន់ ឬ​នៅក្រៅ​ព្រះវិហារ​ជំនួស​វិញ​។ ជាការ​ពិត ការ​បែរបន់ ដុត​ធូប ហាក់ដូច​គ្រាន់តែ​ជា​ទម្លាប់​តៗ​គ្នា​ប៉ុណ្ណោះ​។ រីឯ​បុណ្យ​កុសល និង​ការ​ឧទ្ទិស​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ចែក​ឋាន ជា​ញាតិ​ការ​របស់​យើង គួរតែ​ធ្វើ​តាមរយៈ​ការសំពះ ព្រះសង្ឃ ពេល​ប្រគេន​ចង្ហាន់ និង​ពោល​នឹក​ដល់​សាច់​សា​រហោ​ហិត គឺ​បាន​ដល់​ហើយ​។​
​ ​
​ដូច្នេះ​តាម​វត្ត​អារាម គួរតែរៀបចំ​ដោយ​ការ​សន្សំសំចៃ ពេល​រាប់បាត្រ កុំ​ឲ្យ​បាយ ហៀរហូរ រហូតដល់​ជ្រុះ​ធ្លាក់​ទៅ​ដៃ​។ តាម​វត្ត អាច​រៀបចំ​កន្លែង​រាប់បាត្រ តាម​ទម្លាប់​ធម្មតា ហើយ​បើ បាយ​ពេញ​បាត្រ ឬ​ចានដែក គួរតែ​មានការ​ប្តូរផ្លាស់ ចាក់​បាយ​ចេញ ដោយ​អនាម័យ​ត្រឹមត្រូវ​។ បាយ​ទាំងនោះ ក្រៅពី​ព្រះសង្ឃ​ឆាន់ និង​សម្រាប់​ប្រជា​ពុទ្ធបរិស័ទ ទៅ​វត្ត ទទួលទាន​ហើយ ក៏​ព្រះសង្ឃ ឬ​គណៈកម្មការ​វត្ត អាច​រៀបចំ​សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ អ្នក​ខ្សត់​ក្រ នៅតាម​ស្រុកភូមិ ឬ​នៅតាម​មន្ទីរពេទ្យ​នានា ជាជាង​សល់​ចោល ឬក៏​ជ្រុះ​នៅ​ឥដ្ឋ នៅ​ដី ជាដើម​។​
​ ​
​រីឯ​ទម្លាប់​បោះ​បាយបិណ្ឌ នៅពេល​ទៀបភ្លឺ ដែល​ជំនឿ​ថា ឲ្យ​ដល់​ពពួក​ប្រេត​នោះ ក៏​គួរតែ​រក្សា ឲ្យ​បាន​នូវ​សណ្តាប់ធ្នាប់ អនាម័យ ការ​សន្សំសំចៃ ជាជាង​ការបោះ​ពាសវាល​ពាសកាល ពេល​ព្រះវិហារ​ឬ​វត្ត​អារាម បង្ក​ទៅជា​ការបាត់​សណ្តាប់ធ្នាប់ ក្លាយជា​សំរាម​ពេញ​វត្ត​និង បាត់បង់​អនាម័យ សោភ័ណភាព​ទៀតផង​។
​ ​
​ចំណែក​បញ្ហា​សំរាម នៅក្នុង​វត្ត ពិសេស​ដប​ទឹក​សុទ្ធ ថង់​ប្លា​ស្ទិ​ក ជាដើម​នោះ ក៏​គួរតែ​អ្នក​ទៅ​វត្ត ពិសេស​យុវវ័យ​យើង វេច​ខ្ចប់ កាន់​យកទៅ​បោះចោល​នៅ​ធុងសំរាម​ត្រឹមត្រូវ ដើម្បី​រួមគ្នា អនាម័យ ឲ្យ​វត្ត​ស្អាត​ផង ហើយក៏​មិនត្រូវ​ទោស ដែល​ពង្រាយ​សំរាម​ក្នុង​វត្ត​ដែរ​៕ ដោយៈ លី ម៉េង​ហួរ​

ទីតាំងផ្សាយពាណិជ្ជកម្ម