​អ៊ូច ពេញ ៖ នយោបាយ​វរ​សេនា​តូច​លេខ​៣២៣

660
ចែករម្លែក

ដោយ​៖ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​(​ដកស្រង់​ចេញពី​ចម្លើយសារភាព​ឯកសារ J00767)
​ខ្ញុំ​ឈ្មោះ ជា ពេញ ឈ្មោះ​បដិវត្តន៍ ហៅ អ៊ូច ពេញ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​។ ខ្ញុំ​មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​បឹង​ខ្ពប ឃុំ​ខ្ពប ស្រុក​ស្អាង ឬ​ស្រុក​២០ តំបន់​២៥​។
​ឪពុក​ខ្ញុំ​ឈ្មោះ ជា មាន​អាយុ​៥៥​ឆ្នាំ និង​ម្ដាយ​ឈ្មោះ អ៊ូច ឃុ​ត​។ ខ្ញុំ​មាន​បងប្អូន​ទាំងអស់​ចំនួន​បីនាក់​ក្នុងនោះ​មាន​ស្រី​ចំនួន​មួយ​នាក់​។ បងប្អូន​ខ្ញុំ​មិន​ចូល​បដិវត្តន៍​ទេ គឺ​មានតែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​។ ខ្ញុំ​បាន​ចូល​បដិវត្តន៍​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​១៩៧២ តាមរយៈ​ឈ្មោះ ហេង មាន​តួនាទី​ជា​មេភូមិ​បឹង​ខ្ពប​។ មូលហេតុ​ដែល​នាំ​ឲ្យ​ខ្ញុំ​សម្រេចចិត្ត​ចូល​បដិវត្តន៍​គឺ​ដើម្បី​រំដោះខ្លួន និង​ប្រទេសជាតិ​ឲ្យ​រួច​ផុតពី​វណ្ណៈ​ជិះជាន់​។


​មុនដំបូង​ខ្ញុំ​នៅ​មន្ទីរ​ឈ្លប​១៦ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ឈ្មោះ គង់ មាន​តួនាទី​ជា​អនុ​នយោបាយ​កង​ធំ​។ ខ្ញុំ​រស់នៅក្នុង​មន្ទីរ​ឈ្លប​១៦ អស់​រយៈពេល​៤​ខែ​។ ក្រោយមក​ខ្ញុំ​បាន​ផ្លាស់​មក​អង្គភាព​វរ​សេនា​តូច​១២៧ ប្រចាំ​តំបន់​២៥ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ឈ្មោះ លាត គឺជា​លេខា​វរ​សេនា​តូច​១២៧​។
​ក្រោយមក​នៅក្នុង ខែមីនា ឆ្នាំ​១៩៧៣ អង្គភាព​វរ​សេនា​តូច​១២៧​ត្រូវ​អង្គការ​ប្រកាស​បញ្ចូល​ក្នុង​កង​ភូមិភាគ​ពិសេស​គឺ​ស្ថិតនៅក្នុង​វរ​សេនា​ធំ​២៦៨ ដែលជា​កងពល​១២​ចាស់ មាន ឈ្មោះ សុន គឺជា​លេខា​វរ​សេនា​តូច​១២៧​។ ខ្ញុំ​បានរស់នៅ​ក្នុង​អង្គភាព​នេះ​រហូតដល់​ខែ សីហា ឆ្នាំ​១៩៧៦​។ សុន បាន​អូសទាញ​ខ្ញុំ គឺ​ដំបូង​នៅពេលដែល​ខ្ញុំ​កំពុងតែ​នៅ​វាយ​ខ្មាំង​នៅក្នុង​សមរភូមិ​ព្រែក​តា​អេ​វ ខាង​វត្ត​ឬ​ស្សី​ស្រុក​។ ខ្ញុំ​មាន​ជំងឺ​គ្រុនញាក់ ហើយ​បានមក​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ប្រចាំ​វរ​សេនា​តូច​១២៧ នៅ​ម្ដុំ​ខាងក្រោម​ស្ពានថ្ម ត្រើយ​ខាងកើត ស្ថិតនៅ​ភូមិ​ឈើទាល​។ នៅពេល​ខ្ញុំ​ដេក​សម្រាក​តែម្នាក់ឯង សុន បាន​ដើរមក​មើល​មន្ទីរពេទ្យ ហើយក៏​ចូលមក​សួរសុខទុក្ខ​ខ្ញុំ និង​សួរ​ខ្ញុំ​អំពី​គ្រួសារ និង​បងៗ​ដែល​រស់នៅ​ភ្នំពេញ និង​រស់នៅ​ដី​ខ្មាំង​។ គាត់​សួរ​ខ្ញុំ​ថា​ប្រសិនបើ​ធ្វើ​បដិវត្តន៍​ឈ្នះ អង្គការ​នឹង​កម្ទេច​បង​របស់​មិត្ត​ហើយ​តើ​មិត្ត​គិត​យ៉ាងណា​? ខ្ញុំ​ឆ្លើយថា​ប្រសិនបើ​បដិវត្តន៍​ឈ្នះ ហើយ​កម្ទេច​បង​ខ្ញុំ​ក៏​កម្ទេច​ចុះ​។ គាត់​សួរ​បញ្ជាក់​ខ្ញុំ មិត្ត​មិន​អាណិត​បងៗ​ទេ​? ខ្ញុំ​បាន​យកសម្ដី​គាត់​មក​គិតតែ​មិនដឹងថា​គាត់​ចង់​និយាយ​ពីអ្វី​? ថ្ងៃ​បន្ទាប់​ខ្ញុំ​បាន​ជួប​គាត់​ទៀត នៅពេលដែល​ខ្ញុំ​កំពុង​អង្គុយលេង​នៅលើ​ស្ពាន ហើយ​គាត់​សួរ​ខ្ញុំ​ទៀតថា គិត​ឃើញ​ឬ​នៅ​រឿង​ដែល​គាត់​បាន​សួរ​កាលពី​ថ្ងៃមុន​? ខ្ញុំ​ថា​គិត​មិន​ចេញ​ទេ​។ គាត់​បាន​និយាយ​ពី​អង្គ​ការដែល​មិន​ទុកចិត្ត​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​បងប្អូន​រស់នៅក្នុង​ដី​ខ្មាំង​។ រហូតដល់​ថ្ងៃមួយ​អង្គការ​បាន​ចាត់តាំង​ខ្ញុំ​ទៅ​សមរភូមិ​ដែលមាន​គ្នា​៥​នាក់​ដើម្បី​ទៅ​ប្តូរ​អ្នក​ឈឺ នៅ​ខ្សែត្រៀម​ខាងមុខ​។ ខ្ញុំ​ដើរ​ក្រោយ​គេ​ចម្ងាយ​៥០​ម៉ែត្រ ពេល​ដើរកាត់​តាម​មន្ទីរ​បស់ សុន ពេលនោះ សុន បាន​ហៅ​ខ្ញុំ​ឲ្យ​ឈប់ ហើយ​បានធ្វើ​ការអប់រំ​ខ្ញុំ​កុំ​ឲ្យ​ខំ​ខិតខំ​វាយ​ខ្លាំងពេក​ប្រយ័ត្ន​អង្គការ​ឈ្នះ​កម្ទេច​បងប្អូន​ខ្ញុំ​។ សុន ថា​ខំ​ធ្វើ​បដិវត្តន៍​យូរហើយ​មិនបាន​អ្វី​ទេ ហើយ​តួនាទី​ខ្ញុំ​ជា​មេក្រុម​នេះ​គឺ​គាត់​ជា​អ្នក​ប្រាប់​មិត្ត គង់ ឲ្យ​តម្លើង​តួនាទី​ឲ្យ​ខ្ញុំ​។ បន្ទាប់ពី​ខ្ញុំ​ទទួលបាន​ការអប់រំ ខ្ញុំ​យល់ស្រប​តាម សុន ដោយបាន​អនុវត្ត​ដូចជា ៖ រត់ចោល​ខ្សែត្រៀម​ជា​ញឹកញាប់​, មិន​ប្រយុទ្ធ​មិន​វាយ​ខ្មាំង ទុក​ឲ្យ​ខ្មាំង​វាយ​សង្កត់​មកលើ​ខ្សែត្រៀម​, បំផ្លាញ​សម្ភារ​សឹក​ដូចជា ចប ប៉ែល គ្រាប់ អង្រឹង ជា​បន្តបន្ទាប់ និង​បំផុសប្រជាជន​ឲ្យ​ខ្លាច​ខ្មាំង និង​មិន​ហាន​ប្រយុទ្ធ​។ សកម្មភាព​បំផុស​របស់ខ្ញុំ​បានធ្វើ​ឲ្យ សុន ពេញចិត្ត​យ៉ាងខ្លាំង រហូត សុន បញ្ចូល​ខ្ញុំ​ក្នុង​បក្ស​ពលករ​នៅ​ខែមិថុនា ឆ្នាំ​១៩៧៤​។

​រូបៈ​យោធា​ខ្មែរក្រហម​កំពុង​ត្រៀមប្រយុទ្ធ​នៅ​លេណដ្ឋាន​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​នៅក្នុង​ឆ្នាំ​១៩៧៤ សុន ប្រាប់​ខ្ញុំ​ថា​គាត់​កសាង​កម្លាំង​បាន​ប្រាំ​នាក់​ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ទាក់ទង​ជាមួយ​អ្នក​ទាំង​៥​នាក់​នោះ​មានឈ្មោះ សេង មាន​នាទី​ស្នងការ​កង​តូច​, អេង គឺជា​បញ្ជាការ​កង​តូច​, វ៉ន គឺជា​មេក្រុម​កង​តូច​ទី​២ កង​ធំ​៧២ វរ​សេនា​តូច​១២៧, ពេ​ជ គឺជា​អនុ​កង​តូច កង​ធំ​៧១ វរ​សេនា​តូច​១២៧ វរ​សេនា​ធំ​២៦៨, ច​យ គឺជា​អនុ​ក្រុម កង​តូច​ទី​២ កង​ធំ​៧២ វរ​សេនា​ធំ​២៦៨​។ ចាប់តាំងពី​ខ្ញុំ​និង សុន ពិភាក្សាគ្នា​ពី​កម្លាំង​នេះ​មក​មិនដែល​បាន​ជួបគ្នា​រហូតដល់​វាយ​បែក​ទីក្រុង​ភ្នំពេញ​និង​ទូទាំងប្រទេស​។ ខ្ញុំ​បាន​ទៅ​រៀន​បច្ចេកទេស​យោធា​នៅ​ព្រែក​ជ្រៅ អស់​រយៈពេល​៥​ខែ រហូតដល់​ខែធ្នូ ឆ្នាំ​១៩៧៥ ទើប​ខ្ញុំ​បានបញ្ចប់​វគ្គ​។ បន្ទាប់ពី​ខ្ញុំ ត្រឡប់មកវិញ​ឈ្មោះ សុន ត្រូវ​អង្គ​ការដក​ទៅ​កន្លែង​ផ្សេង ចំណែក​បក្ខពួក​បាត់អស់​។ ខ្ញុំ​ក៏​ត្រឡប់មក​ក្នុង​កងពលធំ​៧១ គឺមាន បង​យ៉ឹ​ម និង ឆាំ ជា​អ្នកទទួលខុសត្រូវ​។ ក្រោយមក​អង្គការ​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅ​នៅ​សមុទ្រ​។ នៅពេល​ខ្ញុំ​ទៅ​សមុទ្រ ខ្ញុំ​បាន​ជួបពិភាក្សា​ជាមួយ ឈឺ​ន គឺជា​យោធា​វរ​សេនា​តូច​៣២២​។ នៅពេល​ជួប ឈឺ​ន នៅ​រោង​បាយ​ស្ថិតនៅ​ព្រែក​ត្រពាំង​ស្ដៅ ឈឺ​ន ប្រាប់​ខ្ញុំ​ថា​ពេលនេះ ប្រជាជន​មក​កន្លែង​យើង​ច្រើនណាស់ ដូច្នេះ​មិត្ត​ត្រូវធ្វើ​ឲ្យ​ខូច​នយោបាយ​បដិវត្តន៍ និង​ប្រជាជន​។ ប្រសិនបើ​ប្រជាជន​សួរ​មិត្ត​ថា មកពី​កង​ខាង​ណា​ត្រូវ​ប្រាប់​មកពី​កងទ័ព​របស់​មជ្ឈិម​ធ្វើ​ឲ្យ​ប្រជាជន​ខ្លាច ហើយ​នៅពេល​គាត់​ចង់​រកត្រី​ដោយ​មកសុំ​មង​ឲ្យ​គាត់​យកទៅ​រាយ ប៉ុន្តែ​នៅពេល​គាត់​ទៅ​មើល​មង មិនត្រូវ​ឲ្យ​គាត់​ទៅជា​ដាច់ខាត ធ្វើ​យ៉ាងនេះ​ទើប​មានទំនាស់​ជាមួយ​បដិវត្តន៍​។ ខ្ញុំ​បាន​យក​ការពិភាក្សា​នេះ​ទៅ​អនុវត្ត​ជា​បន្តបន្ទាប់​រហូតដល់ ខែសីហា ឆ្នាំ​១៩៧៦ ទើប​អង្គការ​បាន​​នៅ​ឆ្នាំ​១៩៧៦ អង្គការ​បាន​ចាត់តាំង​ខ្ញុំ​មក​នៅក្នុង​អង្គភាព វរ​សេនា​តូច​៣២៣ វរ​សេនា​ធំ​៣២ កងពល​ថ្មី​៧០៣ ដែល​ស្ថិតនៅក្រោម​ការដឹកនាំ របស់​បង ចេ​វ​។ ខ្ញុំ​បាន​នៅក្នុង​អង្គ​ភាពវរ​សេនា​តូច​៣២៣ វរ​សេនា​ធំ​៣២ កងពល​ថ្មី​៧០៣ រហូតដល់​ខែកក្កដា ឆ្នាំ​១៩៧៧​។ អង្គការ​បាន​ឲ្យ​ខ្ញុំ​ទៅ​នៅក្នុង​អង្គភាព​អនុ​សេនា​ធំ​៤៧​ថ្មី របស់​កងពល​៧០៣ ក្រោម​ការដឹកនាំ​របស់ ឆាំ រហូតដល់​អង្គការ​បា​ន​ចាប់ខ្លួន​ខ្ញុំ​៕សរន
កំណត់ចំណាំ ៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ យើង​មិនអាច​សន្និដ្ឋានបានថា ចម្លើយ​របស់ ជា ពេញ ហៅ អ៊ូច ពេញ ពិត​ឬ​យ៉ាងណា​នោះទេ​។​

ទីតាំងផ្សាយពាណិជ្ជកម្ម