តែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ជំនួស​លោក អ៊ុក កុសល​

626
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​ / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី អតីត​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបានតែងតាំង​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ជំនួស​លោក អ៊ុក កុសល ដែល​ត្រូវ​បានបញ្ចប់​មុខតំណែង​ដោយសារតែ​រឿង​បៀតបៀន​កេរ្តិ៍ខ្មាស​មន្ត្រីនគរបាល​ជា​នារី​ចំនួន ៤​រូប​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ ដែល​ចុះ​ហត្ថ​លលេ​ខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ត្រូវបានតែងតាំង​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ជំនួស​លោក អ៊ុក កុសល

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​ទទួល​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ទៅកាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ដែល​ត្រូវ​ទៅកាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចេញ​ប្រកាស​សម្រេច​ប​ញ្ច​ប់​មុខតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​។ ក្រៅពី​បញ្ចប់​តំណែង​ស្នងការ ក្រសួងមហាផ្ទៃ ក៏បាន​ធ្វើលិខិត​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​បន្ថយ​ឋានន្តរសក្ដិ​លោក​ឧ​ត្ត​មា​សេនីយ៍​ទោ អ៊ុក កុសល មក​នៅត្រឹម​ស័ក្តិ​៥​។ ការបញ្ចប់​តំណែង​ស្នងការ​ន​នគរបាល​ខេត្តកំពង់ធំ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បាន​រកឃើញ​កំហុស​លោក​ឧ​ត្ត​មា​សេនីយ៍​ទោ អ៊ុក កុសល ពាក់ព័ន្ធ​ការ​បៀតបៀន​កេរ​ខ្មាស​លើ​មន្ត្រីនគរបាល​ជានា​រី​ដែលជា​កូនចៅ​របស់ខ្លួន​។ មន្ត្រីនគរបាល​ជានា​រី​ចំនួន ៤​នាក់ បានដាក់​ពាក្យបណ្តឹង​ប្តឹង​មក​សម្តេច​ក្រឡាហោម ស ខេង ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រលប់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ថា សម្តេច​ក្រឡាហោម ស ខេង បានចេញ​ប្រកាស​ជា​ស្ថាពរ​ហើយ គឺ​បញ្ចប់​មុខតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ពី​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​៧ ខែកញ្ញា ហើយ​ក្រសួងមហាផ្ទៃ​បានស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​បន្ថយ​ឋានន្តរស័ក្តិ​ពី​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​ពីរ​) មក​នៅត្រឹម​ស័ក្តិ​ប្រាំ​ប៉ុន្តែ​លោក​អ៊ុក កុសល នៅក្នុង​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ដដែល​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា “​បានបញ្ចប់​មុខតំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ជា​ស្ថាពរ​ហើយ​តាម​ប្រកាស​របស់​សម្តេច​ក្រឡាហោម ហើយ​និង​បានស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ប​ន្ថា​យ​ឋានន្តរស័ក្តិ​ពី​កម្រិត ផ្កាយ​ពីរ​ថ្នាក់ មក​នៅត្រឹម​ស័ក្តិ​ប្រាំ ក្រសួង​ជា​អ្នកស្នើសុំ​ទៅ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ជា​អ្នកសម្រេច​។ ហើយ​គាត់​នៅ​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ដដែល​ទេ អត់​មាន​បណ្តេញចេញ អត់​មាន​ជាប់​ពិរុទ្ធជន ជាប់​ផ្លូវច្បាប់​ទេ​”​។​

​សូមជម្រាបថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ចាន់​អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ រួមទាំង​អភិបាលខេត្ត​កំពង់ធំ ពិនិត្យ​លើ​ករណី​មន្ត្រីនគរបាល​ជានា​រី​ចំនួន ៤​នាក់ ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ពាក់ព័ន្ធ​ការ​បៀតបៀន​កេរ​ខ្មាស​។ ការបញ្ជា​នេះ បាន​ធ្វើឡើង​នៅក្រៅ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​សមាជិក​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម កាលពី​ព្រឹក​ថ្ងៃទី​១១ ខែសីហា​ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ ការបញ្ជា​របស់​សម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​លិខិត​ពាក្យបណ្តឹង​របស់​មន្ត្រី​នគរបាល​ជានា​រី​ចំនួន ៤​នាក់ ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ពាក់ព័ន្ធ​ការ​បៀតបៀន​កេរ​ខ្មាស សុំ​អន្តរាគមន៍​ពីស​ម្តេច​ក្រឡាហោម សខេង ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​ពួកគេ​។ លិខិត​ពាក្យបណ្តឹង​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០២០៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម