កម្មវិធី​ស្តារ​លទ្ធភាព​ពលកម្ម​ខេត្ត តាកែវ បានរួម​ចំណែក​លើកស្ទួយ​គុណភាព​ជីវិត​ជនពិការ​

520
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក​បណ្ឌិត រស់ ឆាយ ប្រធាន​កម្មវិធី​ជាន់ខ្ពស់​តំណាង​ស្ថានទូត អូស្ត្រាលី ប្រចាំ​ប្រទេស កម្ពុជា បានលើកឡើង​អំពី​ទឹកចិត្ត​លោក​ចំពោះ​សមិទ្ធផល នៃ កិច្ច​ការស្តារ​លទ្ធភាព​ពលកម្ម​ស្តារនីតិសម្បទា​នៅ​ខេត្ត តាកែវ ថា “ ខ្ញុំ​ពិតជា​មាន​ភាព​រីករាយ​នឹង​លទ្ធផល​ការងារ​ដែល​មូលនិធិ​ជនពិការ និង មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា នៅក្នុង​ទឹកដី ខេត្ត តាកែវ បាន​អនុវត្ត​កន្លងមក និង សម្រេចបាន ក្នុងការ​លើកស្ទួយ​គុណ​ភាព​ជីវិត​របស់​ជនពិការ ! ខ្ញុំ​សូម​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល កម្ពុជា តាមរយៈ​មូលនិធិ​ជនពិការ ដែល​តែងតែបាន​យកចិត្តទុកដាក់​លើ​ការផ្តល់សេវា​ជូន​ជនពិការ​ប្រកបដោយ​គុណភាព និង សុវត្ថិភាព “ ។​

លោក ម៉ុម សុត្ថា​រ៉ា និង លោក​បណ្ឌិត រស់ ឆាយ ( ឆ្វេង) ប្រគល់​សម្ភារ​ការពារ​កូ​វីដ ១៩ ដល់ មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ខេត្ត តាកែវ (​រូបៈ ថុ​នា )


​លោក​បណ្ឌិត រស់ ឆាយ លើកឡើង​ប្រកបដោយ​មោទកភាព​យ៉ាង​ដូច្នេះ នាឱកាស​ដឹកនាំ​ប្រតិភូ នៃ ស្ថានទូត អូស្ត្រាលី ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​លើ​ការងារ​ផ្តល់​សេវា​របស់ មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ខេត្ត តាកែវ កាលពី​រសៀល​ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២០ ដែល​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ក៏មាន​ការចូលរួម​ពី លោក ម៉ុម សុត្ថា​រ៉ា នាយករង​មូលនិធិ​ជនពិការ លោក Sasha Cigljarevic អនុប្រធាន​កម្មវិធី Access ថ្នាក់ដឹកនាំ និង មន្ត្រី នៃ មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្តតាកែវ និង​ជនពិការ​ចូលរួម​សរុប ១៧ នាក់ ។​


​នាឱកាស​នោះ លោក​បណ្ឌិត រស់ ឆាយ ក៏បាន​នាំ​សម្ភារ សម្រាប់​ការ​ជំងឺ​កូ​វីដ ១៩ មួយចំនួន ពី​ស្ថានទូត អូស្ត្រាលី ប្រចាំ​ប្រទេស កម្ពុជា ទៅ​ចែកជូន​ដល់​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ខេត្ត តាកែវ ផងដែរ ដែល​ក្នុងនោះ រួមមាន ៖ អាកុល​ចំនួន ៤៥០ ដប ម៉ាស់​វះកាត់ ចំនួន ៣៥ ប្រអប់ ម៉ាស់​ក្រមា ចំនួន ៤៥០ ម៉ាស់ ស្រោមដៃ ចំនួន ២០ ប្រអប់ ។​


​លោក ម៉ុម សុត្ថា​រ៉ា នាយករង​មូលនិធិ​ជនពិការ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​របស់​ប្រទេស អូស្ត្រាលី តាមរយៈ​កម្មវិធី Access ដែល​បាន​ឧបត្ថម្ភ​នូវ​សម្ភារ​ការពារ​ទាំងនេះ ដល់​មជ្ឈមណ្ឌល​ស្តារ​ខេត្ត តាកែវ ដែល​កន្លងមកនេះ​ធ្លាប់បាន​ជួយឧបត្ថម្ភ​ចំនួន ៣ មជ្ឈមណ្ឌល​រួចមកហើយ និង បន្ត​ផ្តល់ជូន​មជ្ឈមណ្ឌល​ផ្សេងទៀត​នាពេលខាងមុខ​។
​បន្ទាប់ពីនោះ​ទៅ ប្រតិភូ​បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ជីវភាព​របស់​ជនពិកា​រ​នៅតាម​សហគមន៍​ចំនួន ៣ នាក់ ដែល​រស់​ស្រុក ទ្រាំង ស្រុក ត្រាំកក់ និង ក្រុង ដូន​កែវ ខេត្ត តាកែវ ក្រោយពី​បានទទួល​សេវា​ស្តារ​លទ្ធភាព​ពលកម្ម ដែល​ពេលនេះ​ពួកគាត់​បាន​ផ្លាស់ប្តូរ​ពី​ការរស់នៅ​ដោយ​ពឹង​ផ្អែកលើ​គ្រួសារ មកជា​អ្នកចូលរួម​រក​ចំណូល​ផ្គត់ផ្គង់​ដល់​គ្រួសារ​វិញ​ម្តង ដូច​ជាការ​តាមរយៈ​ការប្រកប​មខរ​បរជួស​ជុល​គ្រឿង​អេឡិចត្រូនិក ការលក់​សៀវភៅ និង ឧបករណ៍​សិក្សា និង ការចិញ្ចឹម​មាន់​ជាដើម ៕

​ក្រុម​ប្រតិភូ​ចុះ​ទស្សនកិច្ច​នៅ​កន្លែង​ផ្តល់​សេវា​ស្តារ​លទ្ធភាព​ពលកម្ម និង ដល់ផ្ទះ​ជនពិការ​នៅ​ខេត្ត តាកែវ ( រូបៈ ថុ​នា )

ទីតាំងផ្សាយពាណិជ្ជកម្ម