ស្ត្រី​ម្នាក់ គំនូរ​របស់​វិចិត្រករ ញឹក ឌឹ​ម ក្នុង​ឆ្នាំ​១៩៧៣

443
ចែករម្លែក

ដោយៈ ស៊ា​ង ចិន្តា​/ភ្នំពេញៈចាប់តាំងពី​ឆ្នាំ​២០០៩​មក មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានដាក់​តាំង​បង្ហាញ​គំនូរ​មួយ​ផ្ទាំង ដែលជា​ស្នាដៃ​សិល្បៈ​របស់​វិចិត្រករ​ខ្មែរ​ដ៏​ល្បីល្បាញ​មួយរូប​គឺ​លោក ញឹក ឌឹ​ម​។ ផ្ទាំងគំនូរ​នេះ គឺជា​ភ័ស្ដុតាង​បង្ហាញ​អំពី​ជំនាញ​សិល្បៈ​យ៉ាង​ប៉ិនប្រសប់​របស់លោក ដោយ​លោក​គឺជា​វិចិត្រករ​ម្នាក់​ក្នុងចំណោម​វិចិត្រករ​ដទៃទៀត​នា​យុគសម័យ​ដ៏​រុងរឿង​នៃ​សិល្បៈ​និង​វប្បធម៌​កម្ពុជា នៅ​មុនពេល​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូលទៅក្នុង​សង្គ្រាមស៊ីវិល​និង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។ គំនូរ​មួយ​ផ្ទាំង​ដែល​បាន​ឆ្លងកាត់​រយៈកាល​ខាងលើ បង្កើត​ជាការ​នឹក​អាឡោះអាល័យ​ដល់​អតីតកាល​ដ៏​យូរលង់​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ផ្ដល់​ជា​កម្លាំង​ជំរុញ​ចិត្ត​ដល់​អនាគត​របស់​ប្រទេស​កម្ពុជា​។​

​វិចិត្រករ ញឹក ឌឹ​ម មាន​ស្រុកកំណើត​និង​ធំ​ដឹងក្ដី​នៅ​ខេត្តព្រៃវែង​។ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ លោក​បាន​សិក្សា​ជំនាញ​គំនូរ​បែប​បុរាណ នៅ​សាលា​សិល្បៈ​ខ្មែរ (​បច្ចុប្បន្ន សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​)​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ វិចិត្រករ ញឹក ឌឹ​ម បានចាប់ផ្ដើម​បម្រើ​ការងារ​នៅ​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​។ នា​ទសវត្សរ៍​ឆ្នាំ​១៩៦០ លោក​ទទួលបាន​អាហារ​រូបករណ៍​ទៅ​សិក្សា​ជំនាញ​ផលិតភាព​យន្ត​គំនូរជីវចល​នៅឯ​ស្ទូ​ឌី​យោ វ៉​លត៍ ឌី​ស​នី នៅ​សហរដ្ឋ​អាម៉េរិក​។ នៅ​ឆ្នាំ​១៩៦៧ សា្ន​ដៃ​គំនូរ​ត្លុក​របស់លោក មាន​ចំណងជើង​ថា “​ទន្សាយ​វាងវៃ​” ឬ “​ទន្សាយ​ចង់ស៊ី​ចេក​” ដែល​ប្រើប្រាស់​បច្ចេកទេស​ប្រើ​សន្លឹក​សៀវភៅ​បើក​ឲ្យ​រូបភាព​មាន​ចលនា បាន​ជាប់​ជ័យលាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​សិស្ស​លើ​ផ្នែក​គំនូរជីវចល ដែល​រៀបចំឡើង​ដោយ ស្ទូ​ឌី​យោ វ៉​លត៍ ឌី​ស​នី​។ បន្ទាប់មក ស្នាដៃ​ដែលជា​ប់​ជ័យលាភី​នេះ ត្រូវបាន​ផលិត​ជា​ភាពយន្ត​គំនូរជីវចល​និង​ចាក់ផ្សាយ​តាម​ទូរទស្សន៍​ទូទាំងប្រទេស​កម្ពុជា​។ ភាពយន្ត​គំនូរជីវចល​ខាងលើ បាន​បង្កើន​ប្រជាប្រិយភាព​របស់​វិចិត្រករ​រូបនេះ ពី​សំណាក់​កុមារា​-​កុមារី​និង​មាតាបិតា​។ លោក ញឹក ឌឹ​ម បាន​ក្លាយជា​វិចិត្រករ​ដ៏​ល្បីល្បាញ​ម្នាក់​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ត្រូវបាន​ស្នើ​ឲ្យ​គូរគំនូរ​ក្នុង​រូបភាព​ផ្សេងៗ​គ្នា​ជាច្រើន​រួមមាន គំនូរ​ស្តីពី​ជីវិត​ប្រចាំថ្ងៃ គំនូរ​អំពី​កសិកម្ម រហូតដល់​គំនូរ​ពណ៌នា​អំពី​សម្រស់​របស់​ប្រជាជន​កម្ពុជា​។ នៅ​គ្រាមួយ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រើប្រាស់​រូបគំនូរ​របស់​វិចិត្រករ ញឹក ឌឹ​ម ធ្វើជា​អំណោយ​អនុស្សាវរីយ៍​ជូន​ដល់​គណៈប្រតិភូ​បរទេស​។ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ បាន​សព្វព្រះរាជហឫទ័យ​ស្នើ​ដល់​វិចិត្រករ ញឹក ឌឹ​ម ឲ្យ​គូរគំនូរ​ជាច្រើន​ដើម្បី​ដាក់​នៅលើ​គម្រប​សៀវភៅ​ចម្រៀង ដែលជា​ស្នា​ព្រះហស្ដ​និពន្ធ​របស់​ព្រះអង្គ​ផ្ទាល់​ថែម​ទៀតផង​។ បន្ថែម​លើសពីនេះទៅទៀត អ្នកចម្រៀង​ដ៏​ល្បីល្បាញ​ជាច្រើនរូប ដោយ​រួម​ប​ញ្ជូ​ល​ទាំង​លោក ស៊ិន ស៊ី​សាមុត បាន​ប្រើប្រាស់​ស្នាដៃ​គំនូរ​ពណ៌​គូរ​ដោយ​ជក់ទឹក​របស់​វិចិត្រករ​រូបនេះ ដែល​រំលេច​ទេសភាព​នៅតាម​ទីជនបទ ឬ​ឆ្នេរសមុទ្រ នៅលើ​គម្រប​ថាស​ចម្រៀង​របស់ខ្លួន​ដែរ​។​

ស្ត្រី​ម្នាក់ គំនូរ​របស់​វិចិត្រករ ញឹក ឌឹ​ម ក្នុង​ឆ្នាំ​១៩៧៣(​រូប​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅពេល​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ស្នាដៃ​គំនូរ​របស់​វិចិត្រករ ញឹក ឌឹ​ម កាន់​តែមាន​សភាព​ស្រពាប់​ស្រពោន​ជាង​មុន ដោយ​បង្ហាញ​អំពី​ការពិត​ដ៏​សោកសង្រេង​របស់​ប្រទេស​កម្ពុជា ដែល​ដង្ហោយ​រក​ភាព​ស្ងប់​សុខ សោភណភាព និង​សន្តិភាព​របស់ខ្លួន ក្នុងអំឡុង​ពេលដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច នយោបាយ​និង​សង្គម​។ ក្នុងចំណោម​គំនូរ​ទាំងឡាយ​ដែល​លោក​រំលេច​ពី​ភាព​ស្រពាប់​ស្រពោន​នេះ មាន​គំនូរ​មួយ​ផ្ទាំង​គឺ «​ស្រី្ត​វ័យក្មេង​ម្នាក់​កំពុង​ងូតទឹក​» គូរ​ឡើង​នៅក្នុង​ឆ្នាំ​១៩៧៣ ដោយ​ប្រើប្រាស់​បាវ​អង្ករ​ធ្វើជា​ស៊ុម​។ នៅពេលនោះ អង្ករ មានតម្លៃ​ខ្ពស់​ខុសប្លែក​ពី​ធម្មតា​។ ហេតុនេះ ជម្រើស​របស់​វិចិត្រករ ញឹក ឌឹ​ម ក្នុងការ​ប្រើប្រាស់​បាវ​អង្ករ​ដើម្បី​រំលេច​រូប​របស់ខ្លួន គឺធ្វើឡើង​ដោយ​ចេតនា​បង្កប់​នូវ​អត្ថន័យ​ប្រៀបធៀប​និង​ស៊ីជម្រៅ​។ សម្ផស្ស​ដ៏​ត្រកាល​របស់​ស្ត្រី​ក្នុង​គំនូរ ដែល​រំលេច​នៅ​ចំ​កណ្ដាល​ស៊ុម​បាវ​អង្ករ តំណាង​ឲ្យ​ស្ថានភាព​ខ្មៅ​ងងឹត សភាព​ទន់ខ្សោយ​និង​ក្តី​អស់សង្ឃឹម​របស់​ប្រទេស​កម្ពុ​ជានា​សម័យ​កាលនោះ​។​

​អំឡុងពេល​ខ្មែរក្រហម​ឡើងកាន់​អំណាច ផ្ទាំងគំនូរ​ខាងលើ​រួមទាំង​ម្ចាស់​ស្នាដៃ បាន​បាត់​ដំណឹង​សូន្យសុង​។ ខណៈដែល​របប​ខ្មែរក្រហម​បាន​ដួលរលំ នា​ខែមករា ឆ្នាំ​១៩៧៩ លោក ឌិ​ញ ហ្វុ​ង និង​លោក ហូ វ៉ាន់​តី ដែលជា​អ្នក​ថតរូប​កងទ័ព​ជនជាតិ​វៀតណាម បានមក​ថត​យក​រូប​ភាពជា​ច្រើន​សន្លឹក​ព្រមទាំង​វីដេអូ​អំពី​ទិដ្ឋភាព​នៃ​ទីក្រុង​ភ្នំពេញ​។ ពេលដែល​កំពុង​ថតរូប​ក្នុង​ទីក្រុង​ភ្នំពេញ អ្នក​ថតរូប​ជនជាតិ​វៀតណាម​ទាំងពីរ​រូបនេះ បាន​ចូលមក​កាន់​បរិវេណ​ព្រះបរមរាជវាំង ហើយ​បាន​ពើបប្រទះ​នឹង​ផ្ទាំងគំនូរ​រូប «​ស្ត្រី​វ័យក្មេង​ម្នាក់​កំពុង​ងូតទឹក​» ដែល​ត្រូវ​បានគរ​ទុកចោល​។ លោក ហូ វ៉ាន់​តី បាន​យក​កាំបិត​ចំពុះទុង​របស់ខ្លួន​ដើម្បី​លើក​ផ្ទាំងគំនូរ​នេះ​ឡើង ដែល​បង្ក​ជា​ស្នាម​កាត់​នៅ​ផ្នែក​ខាងលើ​នៃ​រូបគំនូរ​។ ក្រោយមក លោក ហូ វ៉ាន់​តី បាន​យក​គំនូរ​នេះ​ទៅកាន់​ប្រទេស​វៀតណាម និង​បាន​វេច​ខ្ចប់​ថែរក្សា​ទុក​នៅឯ​ផ្ទះ​របស់ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០០៩ លោក ហូ វ៉ាន់​តី បានប្រគល់​ផ្ទាំងគំនូរ​ខាងលើ ជា​អំណោយ​ជូន​ដល់​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ចាប់តាំងពី​ពេលនោះ​មក ផ្ទាំងគំនូរ​រូប «​ស្ត្រី​វ័យក្មេង​ម្នាក់​កំពុង​ងូតទឹក​» ត្រូវបាន​ថែរក្សា​យ៉ាង​មធ្យ័ត​។ ផ្ទាំងគំនូរ​នេះ គឺជា​វត្ថុ​បុរាណ​សិល្បៈ​ដ៏​មាន​សារសំខាន់ ដែល​បង្ហាញ​អំពី​ទេពកោសល្យ​សិល្បៈ​ឯក​របស់​វិចិត្រករ ញឹក ឌឹ​ម​។ ផ្ទាំងគំនូរ​នេះ គឺជា​ការ​បន្លឺ​អំពី​អតីតកាល​ដ៏​យូរលង់​និង​សោកសង្រេង​របស់​ប្រទេស​កម្ពុជា ដើម្បី​បន្ត​ក្រើនរំឭក​និង​ជំរុញ​ទឹកចិត្ត​ដល់​អនាគត​របស់​ប្រទេស​កម្ពុជា​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម