អ្នកភូមិ​លើកគ្នា​ព័ទ្ធ​ចាប់​ក្រពើ​ធ្វើ​ចំណាប់ខ្មាំង​

365
ចែករម្លែក

​ក្រុម​អ្នក​ភូមិ​នៅ​ប្រទេស​ឥណ្ឌា ភាគ​ខាងជើង​បាន​ផ្អើល​ឆោឡោ​ពេញ​ភូមិ​កាលពីពេល​ថ្មីៗ​នេះ នៅ​ពេល​ពួកគេ​ពើបពះ​ប្រទះឃើញ​វត្តមាន​ក្រពើ​មួយ​ក្បាល​សម្ងំ​ក្នុង​ស្រះ​ទឹក​នៅក្នុង​មូលដ្ឋាន​។​ប៉ុន្តែ​បន្តិច​​ក្រោយមក ស្រាប់តែ​ពួកគេ​បែកគំនិត​ចាប់​ក្រពើ​នោះ​ដើម្បី​ជំរិត​ទារលុយ​។​

​ក្រុម​មន្ត្រី​និយាយ​ថា ក្រពើ​ប្រវែង​២​ម៉ែត្រ​ដែល​រួច​ពី​តំបន់​អភិរក្ស​ធម្មជាតិ​ក្បែរ​នោះ​បាន​បង្ហាញ​វត្តមាន​គួរឱ្យ​ភ្ញាក់ផ្អើល​នៅ​ភូមិ​មី​ដានៀ (Midania) ក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដេស (Uttar Pradesh) ប្រទេស​ឥណ្ឌា បន្ទាប់ពី​មាន​ជំនន់​ទឹកភ្លៀង​កាលពី​ថ្ងៃ​អង្គារ​ដើម​សប្ដាហ៍​នេះ​។​

​លោក អា​នី​ល ប៉ាតេ​ល (Anil Patel) មន្ត្រី​ទទួលបន្ទុក​តំបន់ទ្រនាប់​ជុំវិញ​តំបន់​បម្រុង​ធម្មជាតិ​សម្រាប់​ខ្លា​ឌុ​តវ៉ា (Dudhwa Tiger Reserve) បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា អ្នកស្រុក​ចាប់​​ក្រពើ​នេះ​បាន ហើយ​បន្ទាប់មក​ជំរិត​ទារលុយ​លោះ ៥០.០០០ រូ​ពី (​ជិត ៧០០ ដុល្លារ​) ទើប​ព្រម​លែង​វា​វិញ​។​

​គាត់​និយាយទៀតថា “​យើង​រួម​សហការ​ជាមួយ​ប៉ូលិស និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចំណាយពេល​ជាច្រើន​ម៉ោង បញ្ចុះបញ្ចូល​អ្នក​ភូមិ​ឱ្យ​លែង​ក្រពើ​នោះ​វិញ​”​។​

​ក្រុម​មន្ត្រី​ក៏​បាន​គំរាម​អ្នក​ភូមិ​ទាំងនោះ​ផង​ដែរ ដោយ​ប្រាប់ថា ពួកគេ​អាច​ប្រឈម​ការ​ជាប់​ពន្ធនាគា​ររ​ហូ​តដល់​៧ ឆ្នាំ​។​

​លោក ប៉ាតេ​ល បានបញ្ជាក់​ថា ពេល​នេះ​ក្រពើ​នេះ​ត្រូវបាន​លែងឱ្យ​មាន​សេរីភាព​វិញ​ហើយ​ដោយ “​យើង​បាន​លែង​វា​ចូល​ក្នុង​ទន្លេ Ghagra នៅ​ថ្ងៃ​ដដែល​។ អ្នកភូមិ​មិន​ដឹង​ថា​ក្រពើ​ជា​សត្វ​ដែល​ត្រូវ​​បាន​ការពារ​ដោយ​ច្បាប់​ស្ដីពី​ការ​គាំពារ​សត្វព្រៃ​នោះទេ​”៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម