សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨

1023
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ មាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​

 

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) ប្រមាណ ៣.១៨៧​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​នា​ព្រឹក​ថ្ងៃទី ១០ ខែ មេសា នេះ ។​


ក្រៅពី​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​លើកឡើង​ពី​កាលានុវត្តភាព​នៃ​វឌ្ឍនភាព​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន សម្ដេច​តេ​ជោ បានលើកឡើង​នូវ​សារសំខាន់ៗ​ចំនួន​២​គឺ ទី​១.​សម្ដេច បានបង្ហាញ​ការ​ព្រួយ បារម្ភ ចំពោះ​មូលធន​បញ្ញា​របស់​កម្ពុ​ជា ដែល​មិនទាន់​អាចឆ្លើយតប​បាន​ទៅនឹង ការរីកលូតលាស់​រប​ស់​សង្គមជាតិ និង​ឆ្លើយតបបាន​ទៅ​កំណើន​នៃ​ការវិនិយោគ​ពី​ក្រៅប្រទេស និង ការប្រកួតប្រជែង​នៅក្នុង​តំបន់ ។ ចំណែក​សារ​មួយវិញទៀត​នោះ គឺ​សម្ដេច​បាន​ទម្លាយ​ផែនការ​របស់​ជន​ក្បត់​ប៉ង​រំខាន​មុន​ចូលឆ្នាំថ្មី​។ ក្នុងន័យនេះ សម្ដេច​បាន​លើកឡើងថា អា​ក្បត់ជាតិ​ម្នាក់​ឈ្មោះ សម សេរី បាន​បញ្ជា​មក​កម្លាំង​វា​នៅ​ទីក្រុង​ភ្នំពេញ រៀបចំ​បង្ក​ឲ្យ​មានការ​រំខាន​និង​សម្លេង​ផ្ទុះ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១២ ខែមេសា​នេះ ។ តែ​យើង​បាន​ក្តាប់​ព័ត៌មាន​នេះ​បាន​អស់ហើយ​។ សម្តេច​បាន​បន្តទៀតថា សម្រាប់​អា​អ្នកទទួល​បញ្ជា​នៅ​ភ្នំពេញ វា​ថា​មិនអាច​ធ្វើទៅ​រួច​ទេ ។​ក៏ប៉ុន្តែ អាច​វា​បញ្ជា​ទៅ​អា​អ្នកផ្សេង​ឲ្យ​ធ្វើ​។ ដូចជា​វា​អាចធ្វើ​នៅ​កន្លែង​ផ្សេង​។ វា​អាចធ្វើ​នៅ​ភ្នំពេញ ឬ សៀមរាប​៕

*​សម្តេច​តេ​ជោ​អញ្ជើញ​ចូលរួម​ពិសា​របាយ​សាមគ្គី​ជាមួយ​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ល្ងាច​នេះ​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ពិធី​ពិសា​របាយ​សាមគ្គី ជាមួយ​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ប្រមាណ​៥.៥០០​នាក់ នា​ល្ងាច​ថ្ងៃទី​១០ ខែមេសា នេះ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ ក្នុងឱកាស​នេះ សម្ដេច​បាន​អំពាវនាវ​ដល់​គ្រប់​ជាតិ​សាសន៍ គ្រប់​សាសនា​ទាំងអស់ ដែលមាន​វត្ត​មាននៅ​កម្ពុជា ត្រូវមាន​សាមគ្គីភាព និង​ចេះ​រស់នៅ​ជាមួយគ្នា​ដោយ​សុខដុម​នីយកម្ម ក្រោម​ដំបូល​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​៕

*​សម្តេច​ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​កីឡាករ កីឡាការិនី ជ័យលាភី​មេដាយមាស ចូលជួប​សម្តែង​ការគួរសម​

​នា​ព្រឹក​ថ្ងៃ​អង្គារ ១០​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩ នៅ​វិមាន​ព្រឹទ្ធសភា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​កីឡាករ កីឡាការិនី​ជ័យ លា​ភី​មេដាយមាស​ចំនួន ៤០​រូប ចូលជួប​សំណេះសំណាល និង​សម្តែង​ការគួរសម ក្នុងឱកាស​ពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ដែល​នឹង​ចូលមក​ដល់​នា​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៨​នាពេលខាងមុខ​។​

​បន្ទាប់ពី​បាន​ស្តាប់​សេចក្តីរាយការណ៍​របស់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា អំពី សកម្មភាព និង​លទ្ធផល​របស់​គណៈកម្មាធិកា​រ ជាតិ​អូឡាំពិក​កម្ពុជា រួចមក សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ថ្លែង​នូវ​អំណរ​សរសើរ និង​វាយ តម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ទាំងឡាយ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុងការ​អនុវត្ត គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​រហូត​ទទួលបាន​លទ្ធផល ជា​ផ្លែផ្កា​គួរ​ជាទី​មោទនៈ​ដូច​ថ្ងៃនេះ​៕

*​កម្មករ​រោងចក្រ ហ្គ្រេ​ត អន​នើ​រ ចំនួន​៨០០​នាក់ ទទួលបាន​ប្រាក់​សំណង​ចេញ​ជួស​ដោយ​រដ្ឋាភិបាល​

​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​រសៀល​ថ្ងៃទី​១០ ខែមេសា​នេះ កម្មករនិយោជិត​នៃ​រោងចក្រ ហ្គ្រេ​ត អន​នើ សរុប​៨០០​នាក់ ក្នុងចំណោម កម្មករ​សរុប​ជិត​១.០០០​នាក់ ទទួលបាន​ប្រាក់​សំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​
​តាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា កម្មករនិយោជិត​ដែលមាន​ឈ្មោះ​ទទួល​ប្រាក់​សំណង​នេះ ជា​មធ្យម​ក្នុង​ម្នាក់​ទទួលបាន​ប្រមាណ​ជាង ១.០០០​ដុល្លារ ចំពោះ​កម្មករ​ធ្វើការ​ពេញ​ម៉ោង (​ពេញសិទ្ធិ​) ដោយឡែក កម្មករ​ធ្វើការ​ក្រៅ​ម៉ោង (​កម្មករ បណ្តែត​ដែល​ធ្វើការ​ម្តង​ក្នុង​មួយខែ​) ជា​មធ្យម​ប្រមាណ​ក្នុង​ម្នាក់​ទទួលបាន​១៨០​ដុល្លារ ៕

*​រថភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បើក​ដំណើរការ​

​រថភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ បាន​ត្រូវ​បើក​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ នេះ ក្រោម​វត្តមាន​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។ សម្រាប់​ការដាក់​ឲ្យ​ប្រើប្រាស់ ជា​បណ្តោះអាសន្ន​នេះ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម រថភ្លើង ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​១០ ខែមេសា រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។​ជាពិសេស​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ត្រូវ​ធ្វ់​ដំណើរ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មិន​ស្ទះចរាចរណ៍​និង​ចំណេញ​ពេលវេលា​៕

*​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​នឹង​បើក​ដំណើរការ​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​១២​ខែមេសា​នេះ​

​ស្ពាន​អាកាស​នៅត្រង់​ភ្លើងស្តុប​ផ្សារ​ដី​ហុយ​ឬ​ហៅថា ស្ពាន​អាកាស​ទី​៥ ដែល​ទទួល​ការស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន​និង​ជា​អំណោយ​របស់​ប្រទេស​ចិន នឹងត្រូវ​បើក​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៨​មុនពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​មកដល់​នេះហើយ​។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ដោយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕

*​គ​.​ជ​.​ប​. កំណត់​ថ្ងៃ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចាប់ពី​ថ្ងៃទី​៧-២៧ ខែកក្កដា​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​ឲ្យ​ដ​ដឹងថា ការឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ មាន​រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨​៕

*​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ធំ​មួយទៀត​នឹង​កើតឡើង​នៅ​កំពង់ស្ពឺ​

​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ធំ​មួយទៀត​ក្រោម​ទុន​វិយោគ​ជាង​ពីរលាន​ដុល្លារ​នោះ នឹង​កើតឡើង​នៅ​ភូមិ​បុស្ស​តា​នៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​រោងចក្រ​នេះ អាចបង្កើត​ការងារ​បាន​ចំនួន ១.០៥៨​កន្លែង ។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា​ស៊ី​ឌី​ស៊ី​(CDC)​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០​ខែមេសា​នេះ​ថា​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់​ក្រុមហ៊ុន “RUN YI (CAMBODIA) CO.,LTD” គណៈកម្មាធិការ​វិនិយោគ​កម្ពុជ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បុស្ស​តា​នៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,៧៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០៥៨​កន្លែង ៕

*​ចេញពី​ក្លឹប​ត្រូវ​ក្រុមចោរ​កាប់​ប្លន់​របួសធ្ងន់​ដេរ​៩៥​ថ្នេរ ហើយ​យក​ម៉ូតូ​ទៅ​បាត់​

​យុវជន​ម្នាក់​ក្នុងចំណោម​៤​នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ត្រូវបាន​ប​ញ្ជួ​ន​ទៅកាន់​មន្ទីរពេទ្យ​ដេរ​៩៥​ថ្នេរ បន្ទាប់ពី​មាន​ក្រុមក្មេងស្ទាវ​មួយក្រុម មាន​គ្នា​៧​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង ប្រដាប់​ដោយ​កាំបិត ដាវ ជិះ​ដេញតាម​កាប់​ប្លន់ យក​ម៉ូតូ​ស្គូ​ប​ពីមួយ​គ្រឿង​បានសម្រេច ហើយ​គេចខ្លួនបាត់ ក្រោយពេល​ជនរងគ្រោះ​ចេញពី​ក្លឹប​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​២០០៤ ភូមិ​ទ្រង់មាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ឈ្មោះ ឆែម នាថ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ បុគ្គលិក ក្លឹប​អ​វ៉ា​លូន ស្នាក់នៅ​ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខ​ណ្ដ​ពោធិ​សែន​ជ័យ រងរបួស​បាក់​រយះ​ដៃស្តាំ និង​រយះ​ក្បាល ដេរ​៩៥​ថ្នេរ​។ ចំណែក​ម៉ូតូ​ដែល​ក្រុម​ជនសង្ស័យ​កាប់​ប្លន់​យកទៅ​បាត់​ម៉ាក ស្គូ​ប​ពី សេរី​២០១២ ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ក្រចេះ 8221 ៕

ទីតាំងផ្សាយពាណិជ្ជកម្ម