ដាក់ឱ្យ​ដំណើរការ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​(SDP)​ដំណាក់កាល​ទី​២​ចាប់ពី​ឆ្នាំ​២០២០-២០២៤​នៅ​ភូមិភាគ​ឦ​សាន្ត​

275
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ក្រសួងទេសចរណ៍​បានប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ (SDP)​ដំណាក់កាល​ទី​២​ចាប់ពី​ឆ្នាំ​២០២០-២០២៤​នៅ​តំបន់​ភូមិភាគ​ឦ​សាន្ត​ដែលមាន​ដូចជា​ខេត្តក្រចេះ​, ស្ទឹងត្រែង​, ព្រះវិហារ​,​រតនគិរី ,​និង​ខេត្តមណ្ឌលគិរី​។​
​កម្មវិធី​នេះ​នឹងចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្រសួងទេសចរណ៍​ក្នុងការ​ផ្តល់នូវ​ចំណេះដឹង​នូវ​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​-​យុវនារី​និង​អ្នកជំនាញ​កម្រិត​ទាប​ក្នុង​ខេត្ត​ទាំង ៥ ខាងលើ ដើម្បី​ទទួលបាន​ការងារ​សម​រម្យ​និង​បង្កើន​ប្រាក់ចំណូល​បន្ថែម​ហើយ​កម្មវិធី​នេះ​ក៏​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ឆ្នាំ​២០១៧-២០២៥ ផងដែរ​។​

​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ខាងលើនេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​មណ្ឌលគិរី ក្រោម​អធិបតីភាព​លោក​ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គម្រោង​កម្មវិធី​បណ្តុះបណ្តាល​បដិសណ្ឋារកិច្ច​សម្រាប់​កម្ពុជា (Hospitality for Kampuchea) ហៅ​កាត់ HoKa ។​លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្តមណ្ឌលគិរី និង​លោក Christian Volker Ide ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ (SDP) នៃ​អង្គការ​ស្វី​ស​ខន់​ថាក់​។​

​លោក ប៉ាក់ សុខុម បាន​លើកឡើងថា តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ជំនាញ (SDP) ដំណាក់កាល​ទី​២​នេះ​ក្រសួងទេសចរណ៍​នឹង​យកចិត្តទុកដាក់​លើ​ការអប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​តាម​កម្មវិធី​បណ្តុះបណ្តាល​បដិសណ្ឋារកិច្ច​សម្រាប់​កម្ពុជា (HoKa) ដល់​យុវជន​-​យុវ​ជ​នារី ដែល​នឹង​ផ្តល់នូវ​វិថី​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​ដល់​ពួកគេ​បង្កើត​ការចាប់យក​ឱកាស​ការងារ​សមរម្យ​និង​លើកកម្ពស់​ជីវភាព​រស់​នៅ​ជាពិសេស​គាំទ្រ​ដល់​ការបង្កើត​មូលធន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ខណៈពេល​ខេត្តមណ្ឌលគិរី​និង​ភូមិភាគ​ឦ​សាន្ត​ទាំងមូល​កំពុង​ទទួលបាន​កំណើន​ទេសចរ​យ៉ាង​កុះករ នា​រយៈកាល​ចុងក្រោយ​នេះ និង​និន្នាការ​ទេសចរណ៍​ភូមិភាគ​ឦ​សាន្ត​កាន់តែ​កើនឡើង​។​

​លោក ជាក់ ម៉េង​ហ៊ាង បាន​លើកឡើងថា ការសិក្សា​ជំនាញ​វិជ្ជាជីវៈ​នៅក្នុង​វិស័យ​ទេសចរណ៍​នេះ គឺជា​កត្តា​គ​ន្លឺះ​សម្រាប់​យុវជន​ក្នុងការ​ចាប់យក​ឱកាស​ការងារ​ភ្លាមៗ​ក្រោយ​ការសិក្សា និង​អាច​មានឱកាស​ចាប់ផ្តើម​អាជីវកម្ម​ខ្នាតតូច​ផ្សេងៗ​ទៀតផង​ដែរ​។​

​លោក Christian Volker Ide បាន​បញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​ជំនាញ (SDP) ជំហាន​ទី​២ ឆ្នាំ​២០២០-២០២៤ នេះ ជា​ជំនួយ​ឧបត្ថម​របស់​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) ដោយ​រយៈពេល ៤ ឆ្នាំ​បន្ត​ទៅមុខ​នឹង​យកចិត្តទុកដាក់​អនុវត្ត​លើ​កម្មវិធី​ចំនួន ៤ រួមមាន​៖ ការពង្រឹង​សមត្ថភាព​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទីពិសោធន៍​នវានុវត្តន៍ ការបណ្តុះបណ្តាល​ពេញ​ម៉ោង​សម្រាប់​យុវជន​ងាយ​រងគ្រោះ និង​បដិសណ្ឋារកិច្ច​សម្រាប់​ក​ម្ពុ​ជា​។​

​លោក​ChristianVolkerIde​បាន​បន្តថា​តាមរយៈ​គម្រោង​នេះ​យុវជន​ងាយ​រងគ្រោះ​និង​បុគ្គលិក​ជំនាញ​ទាប​ប្រមាណ​១១.៦៤០​នាក់​ព្រមទាំង​គ្រូ​បណ្តុះបណ្តាល​បុគ្គលិក​អ្នកគ្រប់គ្រង​គ្រឹះស្ថាន​បណ្តុះបណ្តាល​និង​ក្រុមហ៊ុន​ឯកជន​ប្រមាណ​៩១០​នាក់​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​បង្វឹក​និង​ពង្រឹងសមត្ថភាព​ទៅតាម​ស្តង់ដា និង​បទដ្ឋាន​នានា​ដែល​បានរៀបចំ​។​

​លោក​ប៉ាក់ សុខុម បាន​ផ្តាំផ្ញើ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​ទេសច​រណ៍​ខេត្ត​គោលដៅ​ទាំង ៥ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ប្រតិបត្តិ​ករ​ទេសចរណ៍​នានា​ចូលរួម​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ជំហាន​ទី​២ ឆ្នាំ​២០២០-២០២៤ នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​បញ្ចូល​បុគ្គលិក ដើម្បី​ចូលរួម​ការបណ្តុះបណ្តាល​និង​ពង្រឹងសមត្ថភាព​ឱ្យ​កាន់តែ​ផុលផុស​ដើម្បី​លើ​កម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​ក៏ដូចជា​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​ខេត្ត​ភូមិភាគ​ឦ​សាន្ត​ឲ្យ​កាន់តែ​ល្អប្រសើរ​ផងដែរ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម