សមត្ថកិច្ចអំពាវនាវឲ្យអ្នកបុកក្មេងប្រុស អាយុ១១ឆ្នាំម្នាក់ស្លាប់ ចូលខ្លួនដោះស្រាយ

160
ចែករម្លែក

ដោយ៖ ឆាយានាថ/កណ្តាល៖ សមត្ថកិច្ច បានអំពាវនាវអោយជនបង្ក ចូលខ្លួនដោះស្រាយជាបន្ទាន់ ព្រោះសមត្ថកិច្ច បានស្គាល់ភិនភាគ និងផ្លាកលេខឡានបង្កហើយ ខណៈឡានមួយគ្រឿងនេះ បានបោះពួយយ៉ាងលឿន បុកក្មេងប្រុស អាយុ១១ឆ្នាំម្នាក់ ស្លាប់ ខណៈកំពុងដើរឆ្លងផ្លូវ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ស្ថិតក្នុងភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច បានអះអាងថា ករណីនេះ គ្រួសារនៃសព មិនចង់ប្ដឹងផ្ដល់ឡើយ សុំអោយម្ចាស់ឡាន ចូលខ្លួនមកដោះស្រាយ លើថ្លៃធ្វើបុណ្យ អោយកូនខ្លួន ខណៈរថយន្តបង្ក ត្រូវបានគេថតរូបភាព និងផ្លាកលេខ បានហើយ ។

សមត្ថកិច្ច បានបន្តថា មានរថយន្ត មិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិសដៅ ពីអ្នកលឿង ទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ។ ពេលបើកមកដល់ កន្លែងកើតហេតុ បានបុកជាមួយ មនុស្សកំពុងដើរឈ្មោះ បុន ពិនយ៉ាង ភេទប្រុស អាយុ១១ឆ្នាំ មានលំនៅ នៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលដើរផ្លូវថ្នល់ ក្នុងទិសដៅពីខាងកើត ទៅខាងលិច បណ្តាលអោយស្លាប់ភ្លាម ហើយរថយន្តបង្ក បានបើកគេចមកភ្នំពេញ ។

សមត្ថកិច្ច សន្និដ្ឋានថា ករណីនេះ បណ្តាលមកពីអ្នកបើកបរ រថយន្តធ្វេសប្រហែស បើកក្នុងល្បឿនលឿន មិនមើលស្ថានភាពផ្លូវ ខាងមុខ មានឧបសគ្គ ។

ឆ្លើយតបនឹងករណីនេះ ផងដែរ លោកអធិការស្រុកកៀនស្វាយ សំណូមពរ អោយភាគីបង្ក ចូលខ្លួនមកដោះស្រាយ ជាបន្ទាន់ ព្រោះសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ តាមរយៈរូបភាព ដែលប្រជាពលរដ្ឋ បានរាយការណ៍មកហើយ ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម