ពលរដ្ឋ​កោះកុង ចង់បាន​ការទូទាត់​ថ្លៃ​ទឹក និង​ភ្លើងអគ្គិសនី​ជា​លុយ​រៀល

1919
ចែករម្លែក


ដោយៈ សុ​ផានី​តា​/​កោះកុង​ៈ បន្ទាប់ពី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បង្ហើប​ពី​គម្រោង​ជួប​អ្នកឧកញ៉ា លី យ៉ុង​ផាត់ អគ្គនាយក​ក្រុមហ៊ុន LYP Group ដើម្បី​ស្នើឱ្យ​មាន​ការ​បញ្ចុះតម្លៃ​ទឹកស្អាត និង​អគ្គិសនី នាពេល​ថ្មីៗ​នេះ​។ កាលពីថ្ងៃទី​៩ មេសា​នេះ ក្រុម​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ ចង់​បានឱ្យ​ក្រុមហ៊ុន​មួយ​នេះ​ជួយ​ដោះស្រាយ​ទូទាត់​ការចំណាយ​បង់ថ្លៃ​ទឹក និង​ភ្លើងអគ្គិសនី​ជា​ប្រាក់រៀល​វិញ ខណៈ​ពួកគាត់​រង​ការ​ខាត​បង់​ច្រើន​គួរសម​។

​លោក ទឹម សាមឿន ជា​ម្ចាស់​លក់​បាយ និង​អ្នកស្រី មិត្ត សុផល ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​ត្អូ​ញ​ត្អែ​រ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ការបង់ថ្លៃ​ទូទាត់​ទឹក និង​ភ្លើងអគ្គិសនី​ប្រើប្រាស់​ប្រចាំថ្ងៃ គិត​ជា​លុយ​បាត(ប្រាក់ថៃ) សុ​ទ្ធតែ​ត្រូវបាន​ប្រជាពលរដ្ឋ​អ្នក​កោះកុង អះអាងថា បាន​ខាតបង់គួរ​ច្រើន​សម​ ចំពោះ​ការចំណាយ ប្រសិនបើ​ពួកគាត់​យកលុយ​រៀល​ទៅ​បង់​នៅ​បញ្ជា​បង់ប្រាក់​នៅ​ការិយាល័យ​ក្រុមហ៊ុន​ផ្ត​ត់​ផ្គង់​ទឹកស្អាត និង​ក្រុមហ៊ុន​អគ្គិសនី​។ ឬ​វេរ​លុយ​តាម​ប្រព័ន្ធ​ឌី​ដី​ថ​ល​នៅតាម​ហាង​សេវា​អត្រា​ប្តូរប្រាក់​លើ​ទីផ្សារ​។​

​ប្រជាពលរដ្ឋ បន្ត​លើកឡើងថា ការ​តម្រូវឱ្យ​បង់ថ្លៃ​ជា​លុយ​បាត (​លុយ​ថៃ​)​កើតមាន​ច្រើន​ឆ្នាំ​មកហើយ ពោល​គឺ​តាំងពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត និង​អគ្គិសនី​ផ្តើម​វិនិយោគទុន​មកម្ល៉េះ​។ ជាក់ស្តែង រាល់​ការចង់​ត​បណ្តាញ​អគ្គិសនី ឬ​ទឹកស្អាត​នៅផ្ទះ​ណាមួយ​ម្តង អនុលោម​តាម​តារាង​កំណត់​ថ្លៃ​របស់​ក្រុមហ៊ុន ពុំ​អាច​សុំ​បញ្ចុះ​បន្តិច​ណា​ឡើយ​។​

ក្រុម​ពលរដ្ឋ បន្ថែម​ឱ្យដឹង​ដែរ​ថា ក្រោយពី​ត​បណ្តាញ​ទឹកស្អាត​រួចរាល់​ហើយ​នោះ ក្រុមហ៊ុន​LYP Group ក៏​កំណត់អោយ​ពលរដ្ឋ​ម្ចាស់​លំនៅដ្ឋាន​ម្នាក់ៗ​បង់ថ្លៃ​ថែរក្សា​កុង​ទ័​រ​ទឹក ក្នុង​១​ខែ ២០​ទៅ​៣០​បាត ស្មើនឹង​ប្រាក់​រៀល​២​ពាន់​រៀល​ទៅ​៣​ពាន់​រៀល។ករណី​បាក់បែក​នឹង​គិត​តម្លៃ​បន្ថែមទៀត​។​

​គួរ​កត់សម្គាល់ថា ការស្នើ​ឡើង​របស់​ប្រជាពលរដ្ឋ​កោះកុង​នៅពេលនេះ ក្រោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ក្រសួង ការពារជាតិ ធ្លាប់បាន​បង្ហើប​ពី​បំណង​ចង់​ជួប​អ្នកឧកញ៉ា លី យ៉ុង​ផាត់ អគ្គនាយក​ក្រុមហ៊ុន LYP Group ដោយផ្ទាល់​តែម្តង ដើម្បី​សុំ​អន្តរាគមន៍​បញ្ចុះតម្លៃ​ទឹកស្អាត និង​ភ្លើងអគ្គិសនី ក្នុងន័យ​ចូលរួមចំណែក​អភិវឌ្ឍន៍ កាត់បន្ថយ​ការចំណាយ និងលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កម្លាំង​ប្រដាប់អាវុធ​នៅក្នុង​ខេត្តកោះកុង កាលពី​ថ្ងៃទី​៥ ខែមេសាកន្លងទៅនេះ ។

​រីឯ​លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ បានឱ្យដឹងថា លោក​ទើបតែ​ឡើងកាន់តំណែង ដូច្នេះ​ពុំទាន់​មាន​គម្រោង​ស្នើសុំ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​អំពី​បញ្ហា​នេះ​ទេ​។ ប៉ុន្តែ​កន្លងទៅ ក្នុង​អា​ណ​ត្តិ​អភិបាលខេត្ត​ចាស់ លោក ប៊ុន លី​ត ធ្លាប់​ធ្វើលិខិត​អន្តរាគមន៍​ដោះស្រាយ​ការទូទាត់​ថ្លៃ​ទឹក និង​ភ្លើង​ជា​លុយ​រៀល​ម្តង​រួចរាល់​មកហើយ​។​

​ទាក់ទិន​នឹង​បញ្ហា​នេះ រស្មី​កម្ពុជា បាន​សុំ​ការឆ្លើយតប​ពី​តំណាង​ក្រុមហ៊ុន​LYP Group ដែលក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​ផ្ត​ត់​ផ្គង់​ទឹកស្អាត និង​អគ្គិសនី​ផ្តាច់មុខ​នៅ​ខេត្តកោះកុង​ផងដែរ​អំពីការស្នើសុំ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​គ្មាន​ប្រភព​តំណាង​ក្រុមហ៊ុន​ណា​ម្នាក់​អាច​បកស្រាយ​បានទេ​។​

​បើតាម​ប្រជាពលរដ្ឋ ការ​ផ្ត​ត់​ផ្គង់​ទឹកស្អាត​នៅ​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌលសីមា តែងមានការរអាក់រអួល​ជា​ញឹកញាប់ ពិសេស​នៅ​រដូវប្រាំង​ក្រោយ​ហេតុផល​ដដែល ដោយ​ធ្វើឱ្យ​ពួកគេ​មានចិត្ត​ថ្នាំងថ្នាក់​។ ករណី​បើ​ដាច់​ខែ​មិនទាន់​ឡើយ​វិក្កយបត្រ ទូទាត់​សេវាកម្ម​នឹង​មកដល់​ផ្ទះ​ភ្លាម​៕មន

ទីតាំងផ្សាយពាណិជ្ជកម្ម