គួរ​មើលផ្លូវ នៅពេលណា​?

192
ចែករម្លែក

ដោយសារតែ​ការរីកចម្រើន ពិសេស​លើ​វិស័យ​សំណង់ អគារ​ផ្ទះល្វែង មិន​ថា នៅ​ភ្នំពេញ នៅ​ជាយក្រុង ឬ​នៅតាម​បណ្តា​ខេត្ត​នានា​ទេ គឺ​សកម្មភាព​ដឹក​ដី ខ្សាច់ ក្រួស ថ្ម ធ្វើ​ផ្ទះ​អគារខ្ពស់ៗ មាន​សកម្មភាព​យ៉ាង​ផុសផុល ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​រហូតដល់​សព្វថ្ងៃ​។​

​សកម្មភាព​ការដ្ឋាន​ទាំងនោះ រួមផ្សំ​នឹង​ការខ្វះខាត​ការគ្រប់គ្រង ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​ផង ក៏​នាំ​ឲ្យ​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ក្រួស ថ្ម​ទាំងនោះ បណ្តាល​ឲ្យ​ជ្រុះ​ធ្លាក់​តាមផ្លូវ​រហូត​បង្ក​ជា​គ្រោះថ្នាក់​។​

​ជាក់ស្តែង នៅ​ផ្លូវ​៦០​ម៉ែត្រ បឹងទំពុន ឬ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ដោយសារតែ​ឡានដឹក​ខ្សាច់​ច្រើន​តាមផ្លូវ​នេះ ធ្វើ​បុរី​ផ្ទះល្វែង​ជាច្រើន ក៏​បណ្តាល​ឲ្យ​ផ្លូវ​មួយ​ខ្សែ​នេះ នៅ​កៀនៗ មាន​ខ្សាច់​លុបបាត់​ផ្លូវ​កៅស៊ូ​។ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា​ក​ក៏មាន​បុរស​អ្នកបើកបរ​ម៉ូតូ​ម្នាក់បាន​ដួល​បណ្តាល​ឲ្យ​របួសធ្ងន់ ដោយសារតែ​ដីខ្សាច់​ធ្លាក់​គរ​លើផ្លូវ​នោះ​។​

​មិនមែន​តែ​នៅ​ផ្លូវ ៦០​ម៉ែត្រ​នេះ​ទេ ដែល​ការដ្ឋាន​សំណង់មាន​សកម្មភាព​ខ្លាំងក្លា​នោះ គឺ​នៅផ្លូវ​ជាច្រើន​ទៀត នៅ​ជាយ​រាជធានី​ភ្នំពេញ ហើយ​នៅ​អរិយ​ក្សត្រ ដែលជា​ទឹកដី​ស្រុក​ល្វាឯម ខេត្តកណ្តាល ក៏មាន​សកម្មភាព​ការដ្ឋាន​សំណង់​ខ្លាំងក្លា​ដែរ នាពេល​កន្លងមករ​ហូ​តដល់សព្វថ្ងៃ​។​

​ឲ្យ​តែមាន​ការដ្ឋាន គឺ​ត្រូវ​ការដឹក​ដី ដឹក​ខ្សាច់ ក្រួស ថ្ម ចូល​ការដ្ឋាន ហើយក៏​ធ្លាក់​ដីខ្សាច់ ក្រួស ថ្ម លើផ្លូវ បង្ក​ឲ្យ​ហុយ​ដី និង​បើ​ភ្លៀង គឺ​បែក​ម៉ាំ រអិល ក្រឡាច់ បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ ពិសេស​ម៉ូតូ និង​កង់ជាមិនខាន​។​

​គេ​អា​ច​នៅចាំ​បាន​ថា​កាលពី​ថ្ងៃទី​៣ សីហា និង​ថ្ងៃទី​១៥ ខែសីហា​កន្លងទៅនេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​រៀបចំ​សណ្តាប់ធ្នាប់ សម្អាត​អនាម័យ នៅលើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​ចាប់ពី​ផ្លូវជាតិលេខ​៦ រហូតដល់​ស្ពាន​ព្រែក​ព្នៅ​។​

​វិធានការ​របស់​អភិបាល​រាជធានី​ភ្នំពេញ​ដូច្នេះ ដើម្បី​ត្រៀម​សម្រាប់​កម្ម​វី​ធី​បើក​ដំណើរការ​សាកល្បង សួន​ទឹក​កម្សាន្ត Garden City Water Park កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១៦ ខែសីហា ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​
​ ​
​ពោលគឺ​ចាប់តាំងពី​ថ្ងៃទី​៣ ខែសីហា ក្រុម​អាជ្ញាធរ​សមត្ថកិច្ច បាន​ចាត់​កម្លាំង បោស​សម្អាត​ផ្លូវ ដែលមាន​ដីខ្សាច់​ធ្លាក់​ពី​ឡាន​ដឹក​ដី សំរាម ព្រមទាំង​កៀរ​ដីនៅ​សងខាង​ផ្លូវ ពង្រាប​ឲ្យ​ស្មើ លុប​ជង្ហុក ជាដើម​។ ស្មៅ​លើ​ទ្រូង​ពុះ​ចែកផ្លូវ និង​សងខាង​ផ្លូវ នៅ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ក៏ត្រូវ​បាន​កាត់​តម្រឹម​យ៉ាង​មាន​សោ​ភ័ណ​ភាព​។​
​ ​
​ជាធម្មតា មហាវិថី​ឈ្នះ​ឈ្នះ នៅមុខ​វិមាន​ឈ្នះ​ឈ្នះ និង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក៏ដូចជា​មហាវិថី​ផ្សេងទៀត ដូចជា មហាវិថី​ហាណូយ និង​មហាវិថី​សម្តេច​តេ​ជោ ឬ​ផ្លូវ ៦០​ម៉ែត្រ នៅ​បឹងទំពុន ជាដើម គឺ​បាន​ស្ថាបនា​យ៉ាង​ស្អាត តែ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ត្រូវ​ពោរពេញ​ដោយកម្ទេច​ដី ក្រួស​ថ្ម និង​ខ្សាច់ ដែល​ធ្លាក់​ពី​ឡាន​ដឹក​បម្រើ​ឲ្យ​ការដ្ឋាន​សាងសង់​នៅ​តំបន់​អភិវឌ្ឍន៍ បុរី​ផ្ទះល្វែង ជា​រៀងរាល់ថ្ងៃ​។​
​ ​
​ជា​ដំណោះស្រាយលើ​ឡាន​ដឹក​ដី ថ្ម ខ្សាច់ ក្រួស ដែល​តែងតែ​ជ្រុះ​តាមផ្លូវ បង្ក​ជា​គ្រោះថ្នាក់ជាយថាហេតុ​នេះ គួរតែ​អាជ្ញាធរ​សមត្ថកិច្ច​​ ក្រសួង និង​ថ្នាក់​ខេត្ត​រាជធានី​ភ្នំពេញ ពិសេសអាជ្ញាធរ​តាម​ខណ្ឌ​និ​មួយៗ សម្រាប់​នៅ​ភ្នំពេញ ចេញ​វិធានការ​រឹតបន្តឹង​លើ​ឡាន​ទាំងនោះ ដោយ​កំណត់​ឲ្យ​បិទបាំង​តង់​កៅស៊ូ កុំ​ដាក់​ពេញ​ហៀរ ជៀសវាង​ធ្លា​ក់ដី ខ្សាច់ ថ្ម ក្រួស តាមផ្លូវ​។ មុនពេល​ចេញពី​កន្លែង​ដឹក​ដី ខ្សាច់ ថ្ម ក្រួស និង​មុនពេល​ចេញពី​ការដ្ឋាន ត្រូវតែ​បាញ់​ទឹកលាង​ឡាន លាង​កង់ឡាន ដូច​អ្វីដែល​ឡានធំៗ​មួយចំនួនបានធ្វើ​កន្លងមក​។​
​ ​
​តាមផ្លូវ​ដែល​ឡានធំៗ​ទាំងនោះ បើក​ដឹក​ដី ដឹក​ខ្សាច់ គឺ​ក្រុមហ៊ុន ឬ​ការដ្ឋាន ត្រូវ​បោស​លាង សម្អាត​ផ្លូវ​យ៉ាងហោចណាស់​មួយអាទិត្យ​ម្តង​។ ក្នុងករណី ក្រុមហ៊ុន ឬ​ការដ្ឋាន មិន​ធ្វើ​ទេ គឺ​អាជ្ញាធរ​ខណ្ឌ ត្រូវមាន​វិធានការ ដោយ​ព្រមាន ឬក៏​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន ឬ​ការដ្ឋាន បង់ប្រាក់ ដើម្បីឲ្យ​ក្រុម​សន្តិសុខ​ខណ្ឌ ឬក៏​ជួល​កម្មករ បោស​លាង​សម្អាត​ផ្លូវ ដែលមាន​ដីមាន​ខ្សាច់ ជ្រុះ​នោះ​។​
​ ​
​ជា​រើ​យៗ អ្នកធ្វើដំណើរ​តាម​មហាវិថី​ហាណូយ ក៏បាន​ឃើញ​ក្រុម​សន្តិសុខ​ខណ្ឌ​សែន​សុខ តែងតែ​បោស​លាង​សម្អាត​ផ្លូវ​មួយ​ខ្សែ​នេះ ដោយសារ​តែមាន​ឡាន​ដឹក​ដី ដឹក​ខ្សាច់​ច្រើន បើក​ឆ្លងកាត់ ព្រោះ​មាន​ការដ្ឋាន​សំណង់​ច្រើន​តាម​បណ្តោយ​មហាវិថី​មួយ​នេះ​។​
​ ​
​នៅ​ផ្លូវ​ផ្សេងទៀត ក៏​គួរតែ​អាជ្ញាធរ​សមត្ថកិច្ច អនុវត្ត​វិធានការ​មើលផ្លូវ និង​ថែរក្សា​ផ្លូវ​ដោយ​ចាត់ កម្លាំង​ចុះ​បោសសម្អាត​យ៉ាងហោចណាស់​មួយអាទិត្យ ឬ​ពីរ​អាទិត្យ​ម្តង​។ រាល់​ការចំណាយ លើ​ការងារ​នេះ អាជ្ញាធរ​សមត្ថកិច្ច ត្រូវ​ឲ្យ​ការដ្ឋាន ក្រុមហ៊ុន ឬ​ម្ចាស់​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ដែល​បើក​ឆ្លងកាត់​ផ្លូវ​នោះ ជា​អ្នក​ចេញថ្លៃ​។​
​ ​
​អាជ្ញាធរ​សមត្ថកិច្ច​តាម​ខណ្ឌ​និ​មួយៗ នៅ​ភ្នំពេញ ក៏​គួរតែ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ រស់នៅ​សងខាង​ផ្លូវ ចូលរួម​បោសសម្អាត​មុខផ្ទះ​របស់ខ្លួន នៅ​ចិញ្ចើមផ្លូវ ហើយ​ម្ចាស់​ដី​ទំនេរ ដែល​ព័ទ្ធរបង​ទុក​ដី​ចោល ក៏ត្រូវ​ចូលរួម​។ បើ​មិនបាន​ចូលរួម​សម្អាត​ផ្លូវ​តាម​ទំហំ​ក្បាលដី របស់ខ្លួន ក៏ត្រូវ​បង់លុយ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ខណ្ឌ ដើម្បី​ធ្វើ​ការងារ​នេះ​។​
​ ​
​ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្លូវ ចូលរួម​មួយ​ដៃ​មួយ​ជើង ដើម្បី​ផ្លូវ​ស្អាត មិន​ហុយ​ដី​ចូល​ផ្ទះ ហើយ​ជាពិសេស​មិន​បង្ក​គ្រោះថ្នាក់ ដូចជា រអិល ឬ​ក្រឡាច់​ម៉ូតូ​កង់​របស់​បងប្អូន​ជាយ​ថាហេតុ​ណាមួយ​។​
​ ​
​ជា​សរុប ករណី​ផ្លូវ​បេតុង ឬ​ផ្លូវ​កៅស៊ូ តែមាន​ដី​ហុយ​ទ្រលោម​នេះ គួរតែ​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​អភិបាលខណ្ឌ អភិបាលស្រុក អភិបាលក្រុង ចុះ​ពិនិត្យ​មើលផ្លូវ​ជាប្រចាំ​ហើយ​ចាត់ វិធានការ​បោសសម្អាត តាមរយៈ​ការតម្រូវ​ឲ្យ​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ថ្មី ក្រួស ឬ​ក្រុមហ៊ុន​ម៉ៅការ ឬក៏​ម្ចាស់​ការដ្ឋាន​តាមផ្លូវ​នោះ បោស​លាង​សម្អាត​ជាប្រចាំ ហើយ​ប្រជាពលរដ្ឋ​ក៏​គួរតែ​ចូល រួម​សម្អាត​មុខផ្ទះ​របស់ខ្លួន​។ បញ្ហា​មើលផ្លូវ​នេះ គួរតែ​អាជ្ញាធរ​សមត្ថកិច្ច ចុះ​មើល និង​សម្អាត ជាប្រចាំ កុំ​ចាំ​ដល់​មាន​អ្នកធំ ឬ​សម្តេចនាយក​រដ្ឋមន្ត្រី អញ្ជើញ​ធ្វើដំណើរ​តាមផ្លូវ​នោះ​ ទើបបោសសម្អាត រៀបចំ​សណ្តាប់ធ្នាប់ ដូច​ពេលកន្លងមក​នោះ​។​

​ជាការ​ពិតណាស់ រាល់​វិធានការ​និង​កំណត់​ខាងលើនេះ ​គឺ​អាជ្ញាធរ​បាន​ណែនាំ​ជា​ផ្លូវការ រួចមកហើយ​។​អ្វីដែល​តែងតែ​កើតឡើង​បង្ក​ជា​រូបភាព​និង​បាតុភាព​មិនល្អ​នោះ គឺ​ការមិន បាន​អនុវត្ត​ដោយ​ហ្មត់ចត់​ពី​សំណាក់​ក​ក្រុមហ៊ុន​ឬ អ្នករកស៊ី​ខាង​ដឹកជញ្ជូន​។ ម្យ៉ាង​ក៏​នៅ​ខ្វះ​ការ តាមដាន​ត្រួតពិនិត្យ​និង​ចាត់វិធានការ​ម៉ឺងម៉ាត់​តែប៉ុណ្ណោះ​៕ ដោយ​: លី ម៉េង​ហួរ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម