ពេជ្រ ប៊ុន​សិទ្ធ និង ភួង ឡាំ​កូស៊ីន​នរណា​កក់​កៅអី​ជុំ​ទី​២?

294
ចែករម្លែក


ដោយ​៖​រ៉ូ​ហ្សា​/​ភ្នំពេញ​៖​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cellcard សម្រាប់​ថ្ងៃទី​១៩ ខែកញ្ញា​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​២​រូប​ទៀតហើយ​ដែល​ត្រូវ​​ប្រ​ជែង​​គ្នា​ដណ្ដើមយក​កៅអី​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ ។ សម្រាប់​ព្រឹត្តិការណ៍​នេះ អ្នកចាញ់ គឺ​ហាលអាវ ចំពោះ​អ្នកឈ្នះ​នឹង​ឡើងទៅ​ប្រកួត​ជម្រុះ​បន្ត​នៅ​ជុំ​ទី​២​ទៀត ។​
​ ​
​ពេជ្រ ប៊ុន​សិទ្ធ មកពី​ក្លឹប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ ជួប​ជាមួយ​អ្នក​ប្រដាល់​ជាយដែន ភួ​ន ឡាំ​កូស៊ីន មកពី​ក្លឹប​សាន់​យ៉ាន់​នាគា ។​ពួកគេ​ជា​កំពូល​អ្នកខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ដូចគ្នា ។​

​ប៊ុន​សិទ្ធ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​ដង ឈ្នះ​៥០​ដង ចាញ់​១០​និង​ស្មើ​ពិន្ទុ​៨​ដង ។ គេ​ជា​អ្នក​ប្រដាល់​ដែល​ចូលចិត្ត​វ៉ៃ​ប្ដូរ​កែង​និង​ជង្គង់​មិនតែប៉ុណ្ណោះ​គេ​វ៉ៃ​មិនសូវ​ចេះ​សន្សំសំចៃ​កម្លាំង​ឡើយ ។​

​ចំពោះ​ភួ​ន ឡាំ​កូស៊ីន វិញ​មាន​ប្រវត្តិ​ប្រកួត​៤៥​ដង ឈ្នះ​៣៥​ដង ចាញ់​៧​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ មួយរយៈ​នេះ គេ​បានធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយសារតែ​គេ​មាន​របៀប​វ៉ៃ​យ៉ាង​ពិសេស គឺ​ល្អ​ទាំង​វ៉ៃ​លុក​និង​ល្អ​ទាំង​ការការពារ មិនតែប៉ុណ្ណោះ​កម្លាំង​​គេ​ក៏​ល្អ ។​

​ជើង​ខ្លាំង ភួ​ន ឡាំ​កូស៊ីន ដែល​ខំ​ស្កាត់​មកពី​ពី​ជាយដែន​ខេត្តបន្ទាយមានជ័យ និង ពេជ្រ ប៊ុន​សិទ្ធ ដែលជា​អ្នក​លេងដី​ក្រុងភ្នំពេញ​មិនដឹងថា​នរណា​ខ្ទាត​ចេញពី​ការប្រកួត​នោះ​ឡើយ​?
​ ​សូមបញ្ជាក់ថា​មកទល់​ពេលនេះ​មាន​អ្នក​ប្រដាល់​ចំនួន​៣​រូប​ហើយ​ដែល​បាន​កក់​កៅអី​សម្រាប់​ប្រកួត​បន្ត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២​ហើយក៏​មាន​អ្នក​ប្រដាល់​៣​រូប​ដែរ​ដែល​ខ្ទាត​ចេញពី​ការប្រកួត​នោះ ។​

​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ លន់ សៀកឡេង មកពី​ក្លឹប​ថ្នល់​ទទឹង​​​​គុន​ខ្មែរ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រ​ដាល់ ងួន គា មកពី​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​
​ ​

សៀកឡេង​ជា​អ្នក​ប្រដាល់​ដែល​ចូលចិត្ត​វ៉ៃ​ប្ដូរ​ហើយ​នៅពេល​ប្រកួត​ប្រសិនបើ​គេ​អាច​ផ្ដួល​គូប្រកួត​បាន​គេ​នឹង​ផ្ដួល​ភ្លាមៗ​តែម្ដង ។​
​តែ​ជួប​ជាមួយ​ងួន គា វា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​គេ​ជា​អ្នក​ប្រដាល់​ចិត្តធ្ងន់​វ៉ៃ​មិន​ឆេវឆាវ​ជាពិសេស​គេ​ជា​អ្នក​ប្រដាល់​ដែល​មិន​ងាយ​គូ​ប្រកួត​វាយ​ឲ្យ​សន្លប់​​នោះឡើយ ។​ជំនួប​មួយ​នេះ​នរណា​ឈ្នះ តែ​សម្រាប់​ងួន គា​ប្រសិនបើ​គេ​ចាញ់​នោះ​ក៏​គេ​ធ្វើ​ឲ្យគូ​ប្រកួត​​​វេទនា និង ទ្រមខ្លួន​ដែរ ។​

តុ​ប ផេង​ក្លិប​កុលបុត្រ​គុន​ខ្មែរ​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សូ​ដា លី​ម៉ូ​ក្លិប​គោព្រៃ​គុន​ខ្មែរ​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រ​ភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​ ពួកគេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដែល​មិនសូវមាន​គេ​ស្គាល់​នោះឡើយ ។​បើតាម​ការអះអាង​ពី​មន្ត្រី​ផ្គូរ​ផ្គង​នោះ​ថា​ពួកគេ​នៅ​ខ្ចី​មែន​តែ​ស្នៀតគុន​របស់គេ​មិន​អន់​ឡើយ​ពួកគេ​នឹងធ្វើ​ឲ្យ​គេ​កាន់តែ​ស្គាល់​តាមរយៈ​ការប្រកួត​នេះ​មិន​ខាន ។​

​ថាំង ឌី​ណា​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ពូកែ​ឌឺ​ម៉ន ភា​រម្យ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រ​ភេទ​ទ​ម្ងន់៥៤​គីឡូក្រាម ។​
​ ​

ពួកគេ​ជា​អ្នក​ប្រដាល់​ជើងចាស់​ដែលមាន​កលល្បិច​វ៉ៃ​ល្អ និង​រហ័ស​ដូចគ្នា ។​ ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ទាំង​អ្នកឈ្នះ​ទាំង​អ្នកចាញ់​នឹង​ទ្រមខ្លួន​ដូចគ្នា​មិនខាន​ឡើយ ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម