ពូ​ទីន​ផ្តល់ប្រាក់​១,៥​ពាន់​លាន នៅពេល​មេដឹកនាំ​បេឡា​រុស​មកសុំ​ការគាំទ្រ​ពី​រុស្ស៊ី​

262
ចែករម្លែក

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​កញ្ញា​បាន​ផ្តល់​ប្រាក់​កំចី​ចំនួន​១,៥​ពាន់​លាន​ដុល្លារ​ដល់​បេឡា​រុស សំរាប់​ជា​កាយវិការ​គាំទ្រ​មេដឹកនាំ​ប្រទេស​នេះ​លោក អា​ឡេស​ង់​ឌ័​រ លូ​កា​សេន​កូ​​ដែល​បាន​ជិះ​យន្តហោះ​មក​សុំ​ជំនួយ​ពី​រុស្ស៊ី​ក្រោយ​លោក​ជួប​មហា​បាតុកម្ម​ទាមទារ​អោយ​លោក​ចុះចេញ​ពី​តំណែង​អស់​ពេល​៥​សប្តាហ៍​មក​ហើយ​។​

​នៅ​មួយថ្ងៃ​បន្ទាប់​ពី​អ្នកប្រឆាំង​តវ៉ា​ជា​ង​១០០.០០០​នាក់​ចេញ​មក​តាម​ដងផ្លូវ​ក្រុង​មីនខ៍ ជាមួយនឹង​សម្រែក​«​អ្នក​ជា​កណ្តុរ » លោក​លូ​កា​សេន​កូ បាន​ជួប​លោក​ពូ​ទីន​នៅ​រមណីយដ្ឋាន​សមុទ្រ​ខ្មៅ សូ​ជី ដើម្បី​សុំ​ជំនួយ​បន្ទាន់​មួយ ក្នុង​គោលបំណង​រក្សា​ការ​កាន់​អំណាច​ចំណាស់​២៦​ឆ្នាំ​របស់​លោក​។​

​លោក លូ​កា​សេន​កូ បាន​និយាយថា «​ដំបូង​បំផុត ខ្ញុំ​សូម​អរគុណ​អ្នក​…​អរគុណ​អ្នក​ដោយផ្ទាល់​និង​ប្រជាជន​រុស្ស៊ី​ទាំងអស់ និង​អ្នកពាក់ព័ន្ធ​ក្នុង​ការគាំទ្រ​ពួកយើង​ក្នុងអំឡុងពេល​ក្រោយ​ការបោះឆ្នោត​​នេះ​»​។​

​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​បានបញ្ជាក់​ថា​លុយ​ខ្លះ​ក្នុងចំណោម​ឥណទាន​ថ្មី​នេះ​នឹង​ប្រើ​សំរាប់​សងបំណុល​មុនៗ​ដែល​បេឡា​រុស​ជំពាក់​រុស្ស៊ី​។​

​លោកពូ​ទីន គាំទ្រ​ផែនការ​ដែល​លោក លូ​កា​សេន​កូ អំពី​ការកែប្រែ​រដ្ឋធម្មនុញ្ញ ដែល​ក្រុមប្រឆាំង​បេឡា​រុស​ច្រាន​ចោល​ដោយ​ចាត់ទុក​វា​ជា​ការបន្លំ​ភ្នែក​ដើម្បី​ក្រាញ​នៅក្នុង​អំណាច​ក្រោយ​ការបោះឆ្នោត​​មាន​បញ្ហា​កាលពី​ថ្ងៃ​០៩​សីហា​។​

​តែ​អ្នកនាំពាក្យ​របស់​លោក លោក​ឌី​មី​ទ្រី ប៉េ​ស្កូវ បាន​និយាយថា រុស្ស៊ី​នឹង​បោះបង់​ចោល​ការ​ត្រៀមកម្លាំង​ដែល​លោកពូ​ទីន​ដាក់អោយ​ប្រុង​ជើងការ​នៅ​ជិត​ព្រំដែន​កាលពី​ចុង​ខែ​មុន ដើម្បី​អន្តរាគមន៍​ក្នុង​​ករណី​ដែល​សភាពការណ៍​នៅ​ប្រទេស​ក្បែរ​ខាង​បេឡា​រុស លែង​អាច​គ្រប់គ្រង​បាន​។​

​ចំណាត់ការ​នេះ បង្ហាញថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ចង់​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​ជាង​ការប្រើ​កម្លាំង​ម្យ៉ាង​ការប្រើ​កម្លាំង​សន្តិសុខ​របស់​លោក​លូ​កា​សេនកូ​វា​គ្រប់គ្រាន់​ដើម្បី​រក្សា​អោយ​លោក​នៅក្នុង​អំណាច​បន្តទៀត​​នៅក្នុង​អតីត​សាធារណរដ្ឋ​សូ​វៀត​មួយ​នេះ​។​

​ទោះជា​យ៉ាងណា លោកពូ​ទីន បាន​និយាយថា កិច្ចសហប្រតិបត្តិការ​យោធា​នឹង​នៅតែ​បន្ត​។​

​មុន​នេះ​ប៉ុន្មាន​ម៉ោង បណ្តា​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី បាន​រាយការណ៍​ថា រុស្ស៊ី​បាន​បញ្ជូន​ទាហាន​ទៅ​ចូលរួម​សមយុទ្ធ​ជាមួយ​កងទ័ព​បេឡា​រុស​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បេឡា​រុស​ជាថ្មី កាលពី​ខែ​សីហា មនុស្ស​រាប់ពាន់​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត និង​មេដឹកនាំ​ប្រឆាំង​ស្ទើរ​គ្រប់​​រូប​ត្រូវបាន​ចាប់ខ្លួន​ដាក់គុក និរទេស​ឬ​ត្រូវ​បង្ខំ​អោយ​និរទេស​ខ្លួន​។ គ្រាន់​តែ​មួយ​ថ្ងៃអាទិត្យ​កន្លងទៅ មនុស្ស​៧៧៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​។​

​លោក​ខាងលិច​បាន​ប្រតិកម្ម​ដោយ​ប្រុងប្រយ័ត្ន ដោយ​ពួកគេ​សម្តែង​ការគាំទ្រ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ផង និង​ខ្លាច​អន្តរាគមន៍​របស់​រុស្ស៊ី​ចូល​ក្នុង​ប្រទេស​នេះ​ផង​។​ប្រធានាធិបតី បារាំង​បាន​ទូរស័ព្ទ​​ទី​កាន់​លោកពូ​ទីន ដោយ​អំពាវនាវ​អោយ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​គោរព​ឆន្ទៈ​របស់​ប្រជាជន​បេឡា​រុស​៕​ប្រែ​សម្រួល​៖​វាសនា​

លូ​កា​សេន​កូ បាន​និយាយថា លោក​ដឹងគុណ​ណាស់​ចំពោះ​ការគាំទ្រ​ពី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ

ទីតាំងផ្សាយពាណិជ្ជកម្ម