សហរដ្ឋអាម៉េរិកចេញសេចក្តីណែនាំថ្មីនេះឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរទៅចិនដីគោកនិងហុងកុង

193
ចែករម្លែក

សហរដ្ឋអាម៉េរិកកាលពីថ្ងៃអង្គារទី១៥កញ្ញាបានចេញសេចក្តីណែនាំថ្មីមួយឱ្យប្រយ័ត្នប្រយែងអំពីការធ្វើដំណើរទៅកាន់ចិនដីគោកនិងហុងកុង ដោយលើកឡើងពីហានិភ័យនៃ “ការឃុំឃាំងតាមអំពើចិត្ត” និង “ការអនុវត្តច្បាប់ក្នុងស្រុកតាមអំពើចិត្ត”។

សេចក្តីណែនាំនេះទំនងជានឹងបង្កើនភាពតានតឹងរវាងភាគីទាំងពីរ ដែលបានកើនឡើងខ្លាំង ចាប់តាំងពីប៉េកាំងចាប់ផ្តើមដាក់ច្បាប់សន្តិសុខជាតិថ្មីតឹងរ៉ឹងនៅហុងកុងកាលពីខែមិថុនា ដែលត្រូវបានជួបរួចទៅហើយជាមួយនឹងសកម្មភាពដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។

សេចក្តីណែនាំថ្មីនេះបានព្រមានដល់ពលរដ្ឋអាម៉េរិកថា ចិនដាក់ចេញនូវ “ការឃុំឃាំងតាមអំពើចិត្តនិងការហាមឃាត់ចាកចេញពីប្រទេស” ដើម្បីបង្ខំឱ្យមានកិច្ចសហប្រតិបត្តិការជាមួយក្រុមស៊ើបអង្កេត ដាក់សម្ពាធលើក្រុមគ្រួសារឱ្យវិលត្រឡប់មកប្រទេសចិនវិញពីបរទេស ដាក់ឥទ្ធិពលលើជម្លោះស៊ីវិល និង “ទទួលបានអំណាចចរចាលើរដ្ឋាភិបាលបរទេស”។

សេចក្តីណែនាំថ្មីនេះលើកឡើងថា “ពលរដ្ឋអាម៉េរិក ដែលធ្វើដំណើរឬរស់នៅក្នុងប្រទេសចិនឬហុងកុងអាចត្រូវបានឃុំខ្លួនតាមអំពើចិត្ត ដោយមិនអាចទទួលបានសេវាកម្មពីកុងស៊ុលអាម៉េរិកឬព័ត៌មានអំពីបទល្មើសដែលចោទប្រកាន់របស់ពួកគេ។ ពលរដ្ឋអាម៉េរិកអាចនឹងត្រូវសួរចម្លើយយូរនិងឃុំខ្លួនយូរដោយគ្មាននីតិវិធីច្បាប់ត្រឹមត្រូវ”។

សេចក្តីណែនាំថ្មីនេះលើកឡើងទៀតថា នៅក្នុងទីក្រុងហុងកុង ចិន “ប្រើកម្លាំងប៉ូលិសនិងសន្តិសុខជាឯកតោភាគីនិងតាមអំពើចិត្ត” ដោយបន្ថែមថាច្បាប់សន្តិសុខថ្មីក៏រួមបញ្ចូលផងដែរនូវបទល្មើសដែលបានប្រព្រឹត្តដោយប្រជាជនមិនមែនហុងកុងឬអង្គការនៅក្រៅហុងកុង ដែលអាចធ្វើឱ្យពលរដ្ឋអាម៉េរិកដែលរិះគន់ចិនជាសាធារណៈមានហានិភ័យខ្ពស់នៃការចាប់ខ្លួនការឃុំខ្លួនការបណ្តេញចេញឬការកាត់ទោស។

សេចក្តីណែនាំថ្មីក៏លើកឡើងទៀតថា នៅពេលនៅហុងកុង ពលរដ្ឋអាម៉េរិកត្រូវប្រុងប្រយ័ត្នខ្ពស់អំពីអ្វីៗនៅជុំវិញខ្លួននិងចៀសវាងការធ្វើបាតុកម្ម៕ ដោយ ៖ កញ្ញាដាលីស

សេចក្តីណែនាំថ្មីនេះអំពីការធ្វើដំណើរទៅចិននិងហុងកុងទំនងធ្វើឱ្យមានភាពតានតឹងកើនឡើងបន្ថែមទៀត

ទីតាំងផ្សាយពាណិជ្ជកម្ម