តារាសម្តែងកូរ៉េខាងត្បូង នាង អូ​ អ៊ីនហេ ទទួលមរណភាព សង្ស័យសម្លាប់ខ្លួន

694
ចែករម្លែក

តារាសម្តែងកូរ៉េខាងត្បូង នាង អូ​ អ៊ីនហេ បានទទួលមរណភាពកាលពីថ្ងៃចន្ទ (១៤ កញ្ញា) បន្ទាប់ពីនាងត្រូវគេប្រទះឃើញដេកសន្លប់នៅក្នុងផ្ទះរបស់នាងនៅទីក្រុងអ៊ីនឆន់កាលពីព្រឹកថ្ងៃដដែល។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dispatch បានឱ្យដឹងថា តារាស្រីអាយុ ៣៦ ឆ្នាំរូបនេះត្រូវគេប្រទះឃើញនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅម៉ោងប្រហែល ៥ ព្រឹកថ្ងៃចន្ទ។ នាងត្រូវអ្នកស្គាល់គ្នាប្រទះឃើញបាត់បង់ស្មារតី ដែលបន្ទាប់មកបានតេទូរស័ព្ទទៅប៉ូលិសនិងសេវាកម្មសង្គ្រោះបន្ទាន់។

អូ អ៊ីនហេ បានទទួលការសង្គ្រោះចលនាបេះដូង (CPR) និងនីតិវិធីសង្គ្រោះបន្ទាន់ផ្សេងទៀតមុនពេលនាងត្រូវបាននាំទៅកាន់មន្ទីរពេទ្យក្បែរនោះ កន្លែងដែលដង្ហើមនិងជីពចររបស់នាងនៅលោតនៅឡើយ។ នេះយោងតាមកាសែត The Korea Herald ។

ទោះយ៉ាងណា នាងមិនបានដឹងខ្លួនឡើងវិញទេ និងត្រូវបានប្រកាសស្លាប់នៅយប់ថ្ងៃចន្ទ។

ប៉ូលិសកូរ៉េខាងត្បូងកំពុងស៊ើបអង្កេតករណីនេះ ដោយសង្ស័យជាការធ្វើអត្តឃាត។

ពិធីបុណ្យសពឯកជនមួយនឹងត្រូវធ្វើឡើងនៅមន្ទីរពេទ្យសាកលវិទ្យាល័យអ៊ីនហាក្នុងទីក្រុងអ៊ីនឆន់នៅថ្ងៃពុធទី១៦កញ្ញា។

នាងអូចាប់ផ្តើមសម្តែងដំបូងក្នុងរឿង Sin Of A Family ក្នុងឆ្នាំ២០១១ និងសម្តែងក្នុងភាពយន្តដទៃទៀតដូចជា រឿង Red Vacance Black Wedding (២០១១) និងរឿង A Journey With Korean Masters (២០១៣)។

នាងដណ្តើមការចាប់អារម្មណ៍ពីសារព័ត៌មានអំឡុងមហោស្រពភាពយន្តអន្តរជាតិប៊ូសានក្នុងឆ្នាំ ២០១១ នៅពេលនាងស្លៀកសម្លៀកបំពាក់សិចស៊ីខ្លាំងនៅលើកម្រាលព្រំក្រហម៕ ដោយ ៖ កញ្ញាដាលីស

នាង អូ​ អ៊ីនហេ ស្លាប់កាលពីថ្ងៃចន្ទសង្ស័យសម្លាប់ខ្លួន

ទីតាំងផ្សាយពាណិជ្ជកម្ម