លោក ហ្វែ​ង ឡាំ​ផាត បាន​រំឭក​លោក យើ​ហ្គេ​ន ក្លប់ ថា ក្លិប​ឆេ​ល​ស៊ី គ្រាន់តែ​ធ្វើតាម​ក្លិប លី​វឺ​ភូ​ល ប៉ុណ្ណោះ​

266
ចែករម្លែក

លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) បាន​រំឭក​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ថា ក្លិប​ឆេ​ល​ស៊ី (Chelsea) គ្រាន់តែ​ធ្វើតាម​អ្វីដែល​ក្លិប​លី​វឺ​ភូ​ល (Liverpool) បានធ្វើ​កន្លងមក​ដោយ ចំណាយ​ច្រើន​នៅ​ទីផ្សារ​ទិញដូរ​កីឡាករ​។

​ការបោះ​ពាក្យសម្តី​បែបនេះ​ទើបតែ​កើតមាន​ជាថ្មី​កាលពី​សប្តាហ៍​មុន​ស្របពេល​លោក ក្លប់ និយាយ​ក្នុង​បំណង​រិះគន់​មកលើ​ក្លិប Chelsea បន្ទាប់ពី​ក្លឹប​នេះ​ចំណាយ​អស់​ប្រហែល​២០០ លាន​ផោន​កាលពី​រដូវក្តៅ​។

​លោក ក្លប់ ដែល​បាន​បន្ថែម​កីឡាករ កូ​ស្តា​ស ស៊ី​មី​កាស (Kostas Tsimikas) ក្នុងតម្លៃ ១១,៧៥ លាន​ផោន​បាន​និយាយថា ” យើង​រស់នៅក្នុង​ពិភពលោក​ជាមួយនឹង​ភាពមិនច្បាស់លាស់ ច្រើន​។ សម្រាប់​ក្លិប​មួយចំនួន វា​ហាក់ដូចជា​មិនសូវ​សំខាន់​ទេ​ថា តើ​អនាគត​នឹង​ទៅជា​យ៉ាង ណា​នោះ​”​។

​លោក​បន្តថា “​យើង​គឺជា​ក្លិប​មួយ​ខុសពី​គេ​។ យើង​បាន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​ក ពីរលើក​។ យើង​លើក​ពាន​ធំ​នេះ​កាលពី​ឆ្នាំមុន និង​ក្លាយជា​ម្ចាស់​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ លី​ក​កាលពី​រដូវ​កាល​មុន ក្នុងនាម​ជា​ក្លឹប​ដែល​យើង​មាន​ដូច​សព្វថ្ងៃ តាមរបៀប​ដឹកនាំ​ដែល យើង​មាន​។ យើង​មិនអាច​ធ្វើការ​កែប្រែ​ត្រឹម​មួយ​យប់​ហើយ​និយាយថា “​យើង​នៅពេលនេះ មិន​ចង់​ធ្វើ​ដូច​ក្លឹប Chelsea នោះទេ​។ នៅពេលនេះ ពួកគេ​នាំចូល​កីឡាករ​ច្រើន​”​។​

​លោក ឡាំ​ផាត បានបញ្ចប់​រដូវ​កាល​មុន​ដោយមាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​លោក ក្លប់ ហើយ ក្លិប​បោះពាក្យ​សម្តី​ថ្មីៗ​របស់​គ្រូបង្វឹក​ក្លិប Liverpool នេះ​បាន​បង្ករ​ឲ្យ​ជម្លោះ​ចាស់​រើ​ឡើងវិញ​។​

​គ្រូបង្វឹក​ក្លិប Chelsea ហាក់ដូចជា​ឆ្លើយតប​តាមរបៀប​កា​ទូត​ច្រើន​នៅពេលនេះ​។ លោក ឡាំ​ផាត បាន​និយាយថា “​ពិតណាស់ ក្លឹប​ភាគច្រើន​ដែល​លើក​ពាន​ជើងឯក​លី​កនៅ​សម័យ ទំនើប​នេះ​បានជ្រើសរើស​កីឡាករ​ល្អៗ​និង​បាន​ចំណាយ​ប្រាក់​ផ្ទេរ​កីឡាករ​ថ្លៃៗ​ផងដែរ​”​។​

​ឡាំ​ផាត បន្តថា “​អ្វីដែល​យើង​បានធ្វើ​គឺ​ក្រោយពី​រួច​ពី​បម្រាម​ហើយ​ការ​នេះ​គឺ​ដើម្បី​ដោះស្រាយ ស្ថានភាព​និង​ធ្វើ​ឲ្យ​ប្រសើរឡើង​។ យើង​ដឹងថា ក្លិប Liverpool បាន​ចំណាយ​ក្នុង​កម្រិត​ខ្ពស់​។ យើង​ដឹងថា ពួកគេ​មាន​គ្រូបង្វឹក​ល្អ​។ យើង​ដឹងថា ពួកគេ​មាន​កីឡាករ​ល្អ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) និង​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp)

ទីតាំងផ្សាយពាណិជ្ជកម្ម