បូរី​ស ច​ន​សុន ត្រូវបាន​ជំរុញ​ឱ្យ​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទៅ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​គំរាម​ចិន​

7653
ចែករម្លែក

​ក្រសួង​ការពារជាតិ​អង់គ្លេស ក្រោម​រដ្ឋការ​របស់​នា​យក​រដ្ឋមន្ត្រី បូរី​ស ច​ន​សុន ត្រូវបាន​ជំរុញ​ឱ្យ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង HMS Queen Elizabeth ទៅ​តតាំង​នឹង​ចិន​ស្រប​ពេល​ជម្លោះ​​នៅ​សមុទ្រ​ចិន​ខាងត្បូង គំរាមកំហែង​ឈានទៅរក​ការផ្ទុះ​អំពើហិង្សា​។​

​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​តម្លៃ​៤ ពាន់​លាន​ដុល្លារ​របស់​កងទ័ព​អង់គ្លេស​នៅ​សប្តាហ៍​នេះ​បាន​ធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​នៅ​សមុទ្រ​មុនពេល​ត្រឡប់​ទៅ​មូលដ្ឋានទ័ព​ដើម្បី​ទទួល​យក​សម្ភារៈ​ផ្គត់ផ្គង់​មុននឹង​​ចេញ​ដំណើរ​សម្រាប់​សម​យុទ្ធ​អន្តរជាតិ​សំខាន់ៗ ដែល​រួមមាន​ទាំង​ការ​ឱ្យ​ចុះចត​ជា​លើកដំបូង​ទាំង​សម្រាប់​យន្តហោះ F35 Lightning របស់​អាម៉េរិក និង​អង់គ្លេស ផងដែរ​។ កងទ័ព​អង់គ្លេស មាន​គម្រោង​ប្រកាស​ពី​សមត្ថភាព​របស់​នាវា​នេះ​នៅ​ចុងឆ្នាំ​នេះ មុន​ពេល​ការ​ដាក់​ពង្រាយ​ប្រតិបត្តិការ​លើកដំបូងរ​បស់​ខ្លួន​នៅ​ឆ្នាំ​២០២១ ។​

​ប៉ុន្តែ​លោក អ៊ែន​ឌ្រូ បូ​វី សមាជិក​សភា​សស្កុត​លែនខាង​ជើង​និយាយថា ក្រសួង​ការពារជាតិ​អង់គ្លេស​ត្រូវតែ “​បើកភ្នែក​មើល​ទង្វើ​ដ៏​ជាក់ស្ដែង​នេះ​” ដោយ​សង្កត់ធ្ងន់ថា ពួកគេ​ត្រូវតែ “​ចាត់វិធានកា​រតបត​” ហើយ​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ​ទៅ​កាន់​សមុទ្រ​ប៉ាស៊ីហ្វិក​។​

​ថ្លែង​ទៅ​កាន់​ក្រុម​សមាជិក​សភា​សប្តាហ៍​នេះ លោក​បាន​ព្រមាន​ពី “​ទំហំ​កង​នាវា​ចិន​” ហើយ​ថា ការកើនឡើង​កង​នាវា​ចិន ជា​សញ្ញា​ព្រមាន​យ៉ាងច្បាស់​អំពី​ការប្តេជ្ញា​ចិត្ត​របស់​ចិន ដែល​ចង់​ក្លាយជា “​មហាអំណាច​ដែនសមុទ្រ​”​។​

​លោក​ថ្លែងថា កងទ័ពជើងទឹក​របស់​ប្រទេស​ចិន បាន​ពង្រីក​ខ្លួន​យ៉ាង​ខ្លាំង​ចាប់តាំងពី​ឆ្នាំ​២០១៤ ដោយ​កង​នាវា​របស់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​បាន​កើនឡើង​រហូត​ដល់​នាវា ៣៣៥ គ្រឿង​។​

​លោក អ៊ែន​ឌ្រូ បូ​វី ដែល​ជា​អតីតមន្ត្រី​កងទ័ព​ជើង​ទឹក​បាន​បន្ថែមថា “​ដោយ​សហរដ្ឋ​អាម៉េរិក និង​អូស្ត្រាលី បាន​ច្រានចោល​ជា​ថ្មី​នូវ​ការអះអាង​សិទ្ធិ​កាន់កាប់​ទឹកដី និង​ដែនសមុទ្រ​ពី​សំណាក់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង វា​ដល់ពេល​ដែល​អង់គ្លេស ត្រូវ​ចាត់វិធានកា​រតបត​វិញ​ម្ដង​ហើយ​ចំពោះ​ការទន្ទ្រាន​ដោយ​ខុសច្បាប់​នេះ​”​។​

​លោក​បាន​បន្តថា “​ទើប​តែ​កាលពី​សប្តាហ៍​មុន​ប៉ុណ្ណោះ កងទ័ព​រំដោះប្រជាជន​ចិន បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ជា​បន្តបន្ទាប់ ដែល​មាន​សមត្ថភាព​ផ្ទុក​កាំជ្រួច​នុយក្លេអ៊ែរ​ចម្ងាយ​ឆ្ងាយ​ចូលទៅ​​សមុទ្រ​ចិន​ខាងត្បូង​”​។​

​សូមបញ្ជាក់​ថា ប្រទេស​ចិន បាន​ទាមទារ​សិទ្ធិ​កាន់កាប់​៨០ ភាគរយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ទាំងមូល ដែល​ត្រួតស៊ីគ្នា​ជាមួយ​ប្រទេស​ព្រុយ​ណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន កោះ​តៃវ៉ាន់ និង​វៀតណាម​។​​ហើយ​សហរដ្ឋ​អាម៉េរិក កាលពី​ខែ​មិថុនា បានប្រកាស​ជំហរ​របស់​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដោយ​ចោទប្រកាន់​ចិន ថា​បាន​ប៉ុនប៉ង​សាង “​អាណាចក្រ​ដែនសមុទ្រ​”​ដែល​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង បាន​ច្រានចោល​៕ប្រែសម្រួល៖ខុម/sn

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​តម្លៃ​៤ ពាន់​លាន​ដុល្លារ​របស់​កងទ័ព​អង់គ្លេស HMS Queen Elizabeth

ទីតាំងផ្សាយពាណិជ្ជកម្ម