សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​ក្រុមគ្រួសារ អញ្ជើញ​កាន់បិណ្ឌ​ទី​១៣ នៅ​វត្ត​បុ​ទុម​វ​ត្តី​

241
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ភរិយា​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ព្រមទាំង​ក្រុមគ្រួសារ​អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​-​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​និង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់​បាន​អញ្ជើញ​បូជា​ទៀនធូប​ផ្កា​ភ្ញី​ថ្វាយ​ព្រះ​រតនត្រ័យ​និង​នាំយក​នូវ​គ្រឿងឧបភោគ​-​បរិភោគ​ចង្ហាន់​បិណ្ឌ​បាត្រ​និង​បច្ច័យ​ទៅកាន់​បិណ្ឌ​ទី​១៣ នៅ​វត្ត​បុ​ទុម​វ​ត្តី រាជ​វ​រា​រាម រាជធានី ភ្នំពេញ​។​

​ពិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០២០​ត្រូវ​នឹង​វេន​កាន់បិណ្ឌ​ទី​១៣​ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ជា​ពុទ្ធសាសនិកជន​ទូទាំងប្រទេស​កម្ពុជា​កំពុង​ចូលរួម​សប្បាយរីករាយ​ប្រកបដោយ​សទ្ធា​ជ្រះថ្លា​ក្នុងការ​នាំយក​នូវ​ទេយ្យទាន​និង​គ្រឿង​ឧបភោគបរិភោគ​។​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​គ្រប់​ទី​អារាម​ទូទាំងប្រទេស​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា​បុព្វការី​ជន​ញាតិ​ការ​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅកាន់​ឋាន​បរលោក​។​

​សូមបញ្ជាក់ថា​ទេយ្យទាន​និង​ទេយ្យវត្ថុ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី ក្នុងឱកាស​កាន់បិណ្ឌ​វេន​ទី​១៣ នា​វត្ត​បុ​ទុម​វ​ត្តី​មាន​ទេយ្យវត្ថុ​មួយចំនួនធំ​ដូចជា អង្ករ មី ត្រីខ ស្ករស តែ ទឹក​បា​កាស ទឹក​សណ្តែក ទឹក​ត្រឡាច ទឹក​គូលែន ទឹកដោះគោ​ខាប់ មៀន​កំប៉ុង អូ​វ៉ាន់​ទីន ទឹកក្រូច ទឹកបរិសុទ្ធ ត្រីងៀត សាច់ក្រក អាល់កុល​និង​ម៉ាស់​ពាក់​មុខ​។​ទេយ្យទាន​និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​២៨៣​អង្គ​ក្រណាត់ស​និង​ថវិកា​មួយចំនួន​ជូន​តាជី​យាយជី​។​

​ចំណែក​បច្ច័យ​កាន់បិណ្ឌ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​និង​សម្តេច​តេ​ជោ​មាន​ចំនួន​៥​លាន​រៀល​និង​បច្ច័យ​រៀបចំ​ចង្ហាន់​ព្រះសង្ឃ​។​ដោយឡែក​បច្ច័យ​ចូលរួម​ពី​ពុទ្ធបរិស័ទ​ក្នុងឱកាស​នេះ​មាន​សរុប​ចំនួន​ជាង​១៥​លាន​រៀល​និង​ជិត​៤​ម៉ឺន​ដុល្លារ​អាមេរិក​។​ពិធី​ដាក់​បិណ្ឌ​នេះ​ក៏បាន​ធ្វើឡើង​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​បុព្វការី​ជន​ទាំងឡាយ​ដែលមាន​មាតាបិតា​ជីដូន​ជីតា​កុងម៉ា​និង​ញាតិ​កា​ទាំង​៧​សន្តាន​ដែល​បាន​បែក​កាយ​រំលាយ​ខន្ធ​ទៅកាន់​បរិ​លោក​អស់កាល​ដ៏​យូរហើយ​ក្តី​ទើបនឹង​ទទួល​អា​និច្ច​កម្ម​ក្នុងពេល​ថ្មីៗ​នេះ​ក្តី​។​


​ក្នុងនោះ​មាន​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង មហា​ឧបាសិការ​ឌី​ប៉ុក​មហា​ឧបាសក លីន គ្រី អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​ប៊ុន​ស៊ា​ង​លី ដែល​ត្រូវជា​មាតា​បង្កើត ជា​មាតា​ក្មេក​និង​ជា​ជីដូន​ព្រមទាំង​បុត្រ​ច្បង​របស់​សម្តេច​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍​រួមទាំង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន យុទ្ធជន ញាតិ​កា​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន ។​

​សូមជម្រាបថា​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​មួយ​ដែល​ធំជាងគេ​នៅក្នុង​ចំណោម​ពិធីបុណ្យ​ទាំងអស់ ចំពោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា​។ ជា​រៀងរាល់ឆ្នាំ​នៅពេល​ដល់​ថ្ងៃខែ ដែល​ត្រូវ​ប្រារព្ធ ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់​ទោះ​នៅ​ទីជិត​ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា ។​ជាពិសេស​ឪពុកម្ដាយ​នៅ​ស្រុក​កណើត​ដើម្បី​រៀបចំ​ម្ហូបអាហារ​បាយ​សម្ល​ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម​។​

​ទាំងនេះ​គឺជា​ទម្លាប់​មួយ​ដែល​គេ​និយម​ធ្វើ​តៗ​គ្នា​របស់​ជនជាតិខ្មែរ​ជា​យូរ​មកហើយ​។​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​ឆ្នាំ​២០២០​នេះ គឺ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ ១៤​រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០៕S/

​ចំណងជើង​រូបថត​៖​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​ក្រុមគ្រួសារ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​-​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ បាន​អញ្ជើញ​កាន់បិណ្ឌ​ទី​១៣ នៅ​វត្ត​បុ​ទុម​វ​ត្តី រាជធានី ភ្នំពេញ​(​រូប​ថ​តៈ វីរៈ​មុនី​)​

ទីតាំងផ្សាយពាណិជ្ជកម្ម