វី​តា​ល់​ធ្វើបុណ្យ​ជុំគ្នា​ជូន​លោកតា លោកយាយ​ជីវភាព​ខ្វះខាត ជាង​១០០​នាក់​ស្រុក​រមាសហែក​

209
ចែករម្លែក

ដោយៈ​សុផល​/​ស្វាយរៀង​៖ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បានរៀបចំ​កម្មវិធី “​សង្គហធម៌​” ឬ​ជាការ​ធ្វើ​ទាន​អញ្ជើញ​លោកតា​លោកយាយ​ទៅ​វត្ត​ធ្វើបុណ្យ​រួមគ្នា​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នៅ​វត្ត​រមាសហែក ស្រុក​រមាសហែក ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​។​
​កម្មវិធី​នេះ រៀបចំឡើង​ក្នុង​ចេតនា​សាង​ជា​កុសល​និង​ជួយ​បំពេញ​ក្តី​ប្រាថ្នា​របស់​លោកតា លោកយាយ ចាស់ជរា​ដែលមាន​ជីវភាព​ខ្វះខាត​និង​គ្មាន​ទីពឹងពាក់​មានលទ្ធភាព​ទៅ​វត្ត​ធ្វើបុណ្យ​ដោយ​ទឹកចិត្ត​ស្រស់ថ្លា​ដើម្បី​ឧទ្ទិស​កុសល​ទៅដល់​បងប្អូនជីដូន​ជី​តា​និង​ញាតិ​កា​ទាំង​៧​សណ្តាន​ដែលមាន​ចែក​ឋាន​ទៅ​។​

​លោកស្រី​ជឹ​ង សុគន្ធា​វី នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​សម្តែង​នូវ​ភាព​រីករាយ និង បាន​មានប្រសាសន៍ថា​៖​ដោយ​មើលឃើញ​ពី​ភាពខ្វះខាត​និង​ដើម្បី​សម្រួល​ដល់​ការ​ខ្វល់ខ្វាយ​អំពី​ការធ្វើ​ចង្ហាន់​និង​គ្រឿង​រណ្តាប់​ទៅ​វត្ត​របស់​លោកតា លោកយាយ​ដែលមាន​ជីវភាព​ខ្វះខាត យើង​បានរៀបចំ​ចង្ហាន់ និង គ្រឿង​រណ្តាប់ ជូន​ពួកគាត់​ទៅ​វត្ត​ធ្វើបុណ្យ​រួម គ្នា​ជាមួយ​វី​តា​ល់​។​

​លោកស្រី​បាន​បន្តថា យើង​សង្ឃឹមថា​៖ ទង្វើ​នេះ នឹង​បាន​ជួយ​បំពេញ​ក្តី​ប្រាថ្នា​របស់ ពួកគាត់ និង​ជួយ​ឱ្យ គាត់​មាន​អារម្មណ៍ ស្រស់ថ្លា ដើម្បី​ឧទ្ទិសផលបុណ្យ​ទៅដល់​បងប្អូនជីដូន ជីតា ដែល បាន​ចែក​ឋាន​របស់​ពួកគាត់​។​សកម្មភាព​របស់​វី​តា​ល់​នៅថ្ងៃនេះ​ជា​ទឹកចិត្ត​សប្បុរស​មួយ​ដ៏​ប្រពៃ​ដែល​ផ្តល់ជូន​លោក តា លោកយាយ​នៅក្នុង​ស្រុក​រមាសហែក​នេះ ដែល​មកពី​ឃុំ​នានា នៅ​ដាច់​ឆ្ងាយ​ពី​ទីប្រជុំជន​។​នេះ​ជា​ប្រសាសន៍​លោក​មេឃុំ​អំពិល​នៅក្នុង​កម្មវិធី​ជួបជុំ​លោកតា​លោកយាយ​។ លោក​សង្ឃឹមថា សកម្មភាព​នេះ​នឹង​ជំរុញឱ្យមាន​ការចូលរួម​បន្ថែម​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ក្នុង ការ​រួមគ្នា​យកចិត្ត​ទុក​លើ​ចាស់ជរា​បន្តទៅទៀត​។​

​លោកស្រី​ជឹ​ង សុគន្ធា​វី បាន​បញ្ជាក់ថា ថវិកា​នៃ​ការរៀបចំ​កម្មវិធី​នេះ គឺជា​ថវិកា​បានមកពី​មូលនិធិ​២៥​រៀល​របស់​វី​តា​ល់​ដែល​បានមកពី​ការ​ជាវ​ទឹក​ពិសា​វី​តា​ល់​របស់​បងប្អូន​ប្រជា ពលរដ្ឋ​ខ្មែរ​។ រាល់​ជាវ​ទឹក​ពិសា​វី​តា​ល់​មួយ​ដប​មានន័យថា​បងប្អូន​បាន​បរិច្ចាគ​ថវិកា​២៥​រៀល ចូលទៅក្នុង​មូលនិធិ​របស់​វី​តា​ល់​។​វី​តា​ល់​នឹង​យក​ថវិកា​ទាំងនោះ​ទៅប្រើ​ប្រាស់​ក្នុង​សកម្មភាព សង្គម និង​សប្បុរសធម៌​។​


​កម្មវិធី​នេះ បានធ្វើ​ឡើងជា​មួយ​លោកតា លោកយាយ ចាស់ជរា ដែលមាន​ជីវភាព ខ្វះ ខាត និង​គ្មាន​ទីពឹងពាក់​ប្រមាណ​១០០​នាក់​ក្នុងស្រុក​រមាសហែក​ខេត្តស្វាយរៀង​ដែលមាន​ការចូលរួម​ពី​នាយិកា​ក្រុមហ៊ុន​វី​តា​ល់ បុគ្គលិក​វី​តា​ល់ គ្រប់​ជាន់ថ្នាក់ អភិបាលស្រុក​រមាសហែក មន្ត្រី​ប្រចាំ​ស្រុក និង​យុវជន​ស្ម័គ្រចិត្ត​ជាច្រើន​នាក់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម