​ព្រឹ​ត្ដិ​ការណ៍​អង្គរ​សង្ក្រាន្ដ​ខេត្តសៀមរាប រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​២​លាន​នាក់​

1493
ចែករម្លែក

ដោយ : វិបុល / ​សៀមរាប ​៖ សម្រាប់​ដំណើរ​កម្សាន្ត​អំឡុងពេល​ចូលឆ្នាំ ក៏ដូចជា​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ឆាប់ៗ​នេះ អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង មាន​ជំនឿ​ចិត្ត​ថា ភ្ញៀវទេសចរ​នឹង​ជ្រើសរើស​គោលដៅ​ខេត្តសៀមរាប ហើយ​ចំនួន​ភ្ញៀ​ង​ទេសចរ​នឹង​កើនឡើង ដោយ​ឆ្នាំទៅ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្ដរជាតិ ចំនួន ១​លាន​៦​សែន​នាក់ ។​

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប

​ជាការ​រំពឹងទុក ដែល​លោក ឃឹម ប៊ុន​សុង បាន​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អំពី​កំណើន​ទេសចរ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​នឹង​ចូល​មកដល់​នាពេល​ដ៏​ខ្លី នឹងមាន​ចំនួន​២​លាន​នាក់​។

​ថ្លែង​ក្នុង​ពិធី​ទទួល​ធុងសំរាម​ចំនួន ១​ពាន់​ធុង ពី​ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា នៅ​រដ្ឋបាលខេត្ត លោក​អភិបាលខេត្ត​ថ្លែងថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ខេត្តសៀមរាប​ទទួលបាន​កំណើន​ទេសចរ​ជា​លំដាប់​។ ជាមួយ​កំណើន​នេះ លោក​អភិបាលខេត្ត​ក៏​សម្ដែង​ការបារម្ភ​ពី​បញ្ហា​បរិស្ថាន​ផងដែរ ដែល​កត្តា​នេះ​ជា​បញ្ហា​ប្រឈម​របស់​រដ្ឋបាលខេត្ត​។ ជាមួយនឹង​ធុងសំរាម​ចំនួន​១​ពាន់ របស់​ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស លោក ឃឹម ប៊ុន​សុង សង្ឃឹមថា នឹង​ជួយ​សម្រួល​ដល់​ការ​ទុកដាក់​សំរាម​ក្នុង​ក្រុង​ឱ្យបាន​កាន់តែ​ប្រសើរ​។​

​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ា​នី ក្នុង​ពិធី​នោះដែរ បាន​លើកឡើងថា ធុងសំរាម​ដែល​ទទួលបាន​នៅពេលនេះ នឹង​ជួយ​សម្រួល​ច្រើន​ដល់​បញ្ហា​សម្អាត​បរិស្ថាន​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ លោក ហ៊ុន ម៉ា​នី បន្ថែមថា កន្លងមក​មានមតិ​រិះគន់​ជាច្រើន ថា​រយៈពេល​៣​ថ្ងៃ​ក្នុង​អង្គរ​សង្ក្រាន្ត មាន សំរាម​ជាច្រើន តែ​បញ្ហា​នេះ​ក៏ដោយ​សារ​ការ​ទុកដាក់​របស់​ប្រជាពលរដ្ឋ​ដែលមាន​ចំនួន​ច្រើន​លើសលប់​មិនបាន​ល្អ រួមផ្សំ​នឹង​អ្នកប្រមូល​ក៏មាន​ចំនួន​តិច​ផង​នោះ មិនអាច​សមាមាត្រ​គ្នា​ឡើយ​។​

​យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ា​នី សង្កេតឃើញថា ឥរិយាបថ​ក្នុងការ​ទុកដាក់​សំរាម​របស់​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​មានការ​វិវត្តន៍​ល្អប្រសើរ ហើយ​លោក​រំពឹងថា ធុងសំរាម​ចំនួន​១​ពាន់​ធុង​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​វេច​ខ្ចប់ និង​ការប្រមូល​សំរាម​កាន់តែ​បានល្អ​ប្រសើរ​ជាង​មុនៗ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម