ម៉ាក ហ្សា​ក់​ឃើ​បឺ​ក ៖ Facebook កំពុង​ប្រណាំងប្រជែង​សព្វាវុធ​ជាមួយ​រុស្ស៊ី​

1221
ចែករម្លែក

​ប្រធាន​ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក បាន​ទទួលយក​ការទទួលខុសត្រូវ​ផ្ទាល់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ទី​១០​មេសា​សម្រាប់​ការ​លេច​ធ្លាយ​ទិន្នន័យ​អ្នកប្រើប្រាស់​រាប់លាន​នាក់ ខណៈ​ព្រមាន​អំពី “​ការប្រណាំង​ប្រជែង​សព្វាវុធ​” ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត​របស់​រុស្ស៊ី អំឡុងពេល​អង្គុយ​ផ្តល់​កសិណសាក្សី​ទល់មុខ​គ្នា​ជាមួយ​សមាជិកសភា​អាមេរិក​។​

​នៅក្នុង​ការបង្ហាញ​ខ្លួន​ជា​ផ្លូវការ​លើកដំបូង​របស់​គាត់​នៅ​សភា​អាមេរិក ស្ថាបនិក និង​នាយក​ប្រតិបត្តិ Facebook រូបនេះ​បាន​ព្យាយាម​ទប់ស្កាត់​ព្យុះ​កំហឹង​អំពី​ការ​លេច​ធ្លាយ​សិទ្ធិ​ឯកជន​និង​សន្តិសុខ​នៅ​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​នេះ ដែល​បានធ្វើឱ្យ​សមាជិកសភា​និង​អ្នកប្រើប្រាស់ ២ ពាន់​លាន​នាក់​ខឹង​ជាខ្លាំង​នោះ​។​

​ក្រោម​សម្ពាធ​ដ៏​ខ្លាំង​ជុំវិញ​ករណី​លួច​យក​ទិន្នន័យ​អ្នក​ប្រើ​របស់ខ្លួន​ពី​សំណាក់​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ខាង​នយោបាយ​របស់​អង់គ្លេស​នោះ លោក​ហ្សា​ក់​ឃើ​បឺ​ក​បានធ្វើការ​សុំទោស​ម្តង​ទៀត​ចំពោះ​ការរំលោភ​សិទ្ធិ​ឯកជន​ជា​ប្រវត្តិសាស្ត្រ​នេះ មុនពេល​ត្រូវបាន​ជជីក​សួរដេញដោល​អំពី​របៀប​ដែល Facebook ប្រមូល​និង​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​។​

​ទាក់ទិន​នឹង​ការចែករំលែក​ព័ត៌មាន​មិន​ប្រក្រតី​របស់​មនុស្ស​ចំនួន ៨៧ លាន​នាក់​ដោយ​ក្រុមហ៊ុន Cambridge Analytica ដែលជា​ក្រុមហ៊ុន​មួយ​ធ្វើ​ការឱ្យ​លោក ដូ​ណា​ល់ ត្រាំ ក្នុង​ឆ្នាំ ២០១៦ លោក​ហ្សា​ក់​ឃើ​បឺ​ក​និយាយថា “​វា​ជា​កំហុស​របស់ខ្ញុំ ខ្ញុំ​សុំទោស​។ ខ្ញុំ​បានចាប់ផ្តើម​បើក Facebook ខ្ញុំ​បាន​ដំណើរការ​វា ហើយ​ខ្ញុំ​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​កើតឡើង​នៅទីនេះ​”​។​

​លោក​បាន​បន្ថែមថា Facebook ខកខាន​មិនបានការ​ពារ​បណ្តាញ​សង្គម​មួយ​នេះ ដោយ​កត់សម្គាល់ថា “​ទាំងនោះ​គឺមាន ព័ត៌មាន​ក្លែងក្លាយ ការជ្រៀតជ្រែក​ពី​បរទេស​ក្នុងការ​បោះឆ្នោត និង​ការនិយាយ​ពាក្យ​សម្អប់ ក៏ដូចជា ការ​បែកធ្លាយ​ទិន្នន័យ​ឯកជន​និង​ទិន្នន័យ​របស់​អ្នក​អភិវឌ្ឍ​” ។​

​នាយក​ប្រតិបត្តិ​វ័យ ៣៣ ឆ្នាំ​រូបនេះ​បាន​និយាយ​ពី​ការតស៊ូ​ជានិច្ច​និរន្ត​ដើម្បី​ការពារ​ប្រឆាំងនឹង​ការ​កេងចំណេញ​របស់​រុស្ស៊ី​មកលើ​បណ្តាញ Facebook ដើម្បី​ជះឥទ្ធិពល​លើ​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​និង​នៅ​កន្លែង​ផ្សេងទៀត​។​

​លោក​បាន​និយាយថា “​មាន​មនុស្ស​នៅក្នុង​ប្រទេស​រុស្ស៊ី​គឺ​ការងារ​ពួកគេ គឺ​ចាំតែ​កេងចំណេញ​លើ​បណ្តាញ​របស់​យើង​និង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​និង​ប្រព័ន្ធ​ផ្សេងទៀត​។ ដូច្នេះ​នេះ​គឺជា​ការប្រណាំង​ប្រជែង​សព្វាវុធ​។ ពួកគេ​បន្ត​ធ្វើឱ្យ​ប្រសើរឡើង​ជានិច្ច ហើយ​យើង​ក៏ត្រូវ​ការវិនិយោគ​ដើម្បីឱ្យ​ប្រសើរ​ឡើងលើ​ការប្រណាំង​ប្រជែង​នេះដែរ​”​។​

​កាលពីមុន​លោក​ហ្សា​ក់​ឃើ​បឺ​កបាន​ទទួលស្គាល់ថា​បណ្តា​ញ​សង្គម​នេះ​ខកខាន​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការផ្សាយ​ព័ត៌មាន​មិន​ពិត​អំឡុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ចុងក្រោយ​នេះ​។​

​លោក​បាន​និយាយថា “​បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំ ២០១៦ អាទិភាព​កំពូល​របស់​យើង​គឺ​ការពារ​សេចក្តី​សុចរិត​នៃ​ការបោះឆ្នោត​ទាំងឡាយ​នៅ​ទូទាំង​ពិភពលោក​”៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក បង្ហាញមុខ​នៅ​សភា​អាមេរិក​កាលពី​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម