បរិយាយ​លេខ​នេះ​៖ ទៅ​ភ្ជុំ​នៅ​ស្រុកកំណើត ត្រូវ​រួមគ្នា​បញ្ចៀស​ទុក្ខសោក

240
ចែករម្លែក

ដូច​រៀងរាល់ឆ្នាំ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ ក្នុងនាម​ជា ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានចេញ​សេចក្តី អំពាវនាវ ៩ ចំណុច ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​បុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃទី​១៦-១៨ ខែកញ្ញា ឆ្នាំ​២០២០ ។​
​ ​
​ក្នុង​សេចក្តីអំពាវនាវ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា ស្ថានភាព​គ្រោះថ្នាក់ ចរាចរណ៍ ក្នុង​រយៈកាល​កន្លងមក បាន​ធូរស្រាល គួរ​ឲ្យ​កត់សម្គាល់ គឺ​ក្នុង​រយៈពេល ៨​ខែ ឆ្នាំ​២០២០ នេះ ប្រៀបធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន ថយចុះ ចំនួន ៦៦៧​ករណី ស្មើ ២៤% អ្នកស្លាប់ ថយចុះ ២១៥​នាក់ ស្មើ ១៦% និង​អ្នករបួស ថយចុះ​ចំនួន ១.០១០ នាក់ ស្មើ ២៤%​។​
​ ​
​សម្តេច​ក្រឡាហោម ស ខេង បាន​បន្តថា នៅក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​ដែល​បាន និង​កំពុងតែ​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ អាច​នឹងមាន​សកម្មភាព​ធ្វើ​ចរាចរណ៍ ទៅកាន់​វត្ត​អារាម ស្រុកកំណើត និង​ដំណើរ​កំសាន្ត ទូទាំងប្រទេស យ៉ាង​មមាញឹក ហើយក៏​អាចមាន​កំណើន គ្រោះថ្នាក់​ចរាចរណ៍ ផងដែរ​។​
​ ​
​ដើម្បី​ទប់ស្កាត់ បញ្ហា​ប្រឈម​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សូម សំណូមពរ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​យកចិត្តទុកដាក់​រក្សា​សុវត្ថិភាព​ក្នុងការ​ធ្វើ ចរាចរណ៍ ដោយ​អនុវត្ត ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​វិធាន​ការសំខាន់ៗ ដូចខាងក្រោម​៖

១-​ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​រថយន្ត​ដឹកទំនិញ សូមកុំ​ផ្ទុក​មនុស្ស ឬ​ទំនិញ​លើស​ច្បាប់ កំណត់ ជាពិសេស​រថយន្ត​ដឹក​អ្នកដំណើរ មិនត្រូវ​ផ្ទុក​មនុស្ស នៅលើ​ដំបូល និង​សុំ​កុំ​ដំឡើងថ្លៃ សំបុត្រ​ធ្វើដំណើរ ។​
២-​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​រប​ស់​ខ្លួន មុន​ពេលធ្វើ​ចរាចរណ៍​។​
៣-​អ្នកបើកបរ​រថយន្ត និង​អ្នករួមដំណើរ សូម​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​ជាប់​ជា ប្រចាំ​។​
៤-​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ទាំងអស់ ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ៗ​គ្នា ទោះ​ធ្វើដំណើរ​ជិត ឬ​ឆ្ងាយ និង​គ្រប់ពេលវេលា​។ ត្រូវ​ចងចាំ​ជានិច្ច​ថា «​មួកសុវត្ថិភាព​មួយ ជួយ​ការពារ​ជីវិត​បាន​ម្នាក់​»​។​
៥-​អ្នកបើកបរ ត្រូវ​បន្ថយល្បឿន បើកបរ​របស់ខ្លួន ទៅតាម​ច្បាប់​កំណត់ និង​តាម​ស្ថានភាព ជាក់ស្តែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវ​កោង ផ្លូវ​ប្រសព្វ ផ្លូវ​ចំណោត ផ្លូវ​ចង្អៀត ឬ​ផ្លូវ​រអិល​។​ល​។ មូលហេតុ​ចម្បង ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក គឺ​ការបើកបរ​លើស​ល្បឿន​កំណត់​។​
៦-​អ្នកបើកបរ​មុននឹង​វ៉ា​ជែង ត្រូវ​ដឹង​ច្បាស់​ថា ផ្លូវ​ខាងមុខ​ទំនេរ​អាច​ជែង​បាន​ដោយ​សុវត្ថិភាព ជៀសវាង​ការ​វ៉ា​ជែង ដោយ​ប្រថុយប្រថាន ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ជាយថាហេតុ​។​
៧-​អ្នកបើកបរ ត្រូវគោរព​សិទ្ធិ​អាទិភាព​នៅត្រង់​ផ្លូវ​ប្រសព្វ ដោយ​ត្រូវ​បើកបរ​បន្ថយ ល្បឿន នៅពេល​ជិត​ដល់​ផ្លូវ​ប្រសព្វ និង​ត្រូវ​ទុក​សិទ្ធិ​ឲ្យ​អ្នកបើកបរ ដែល​ធ្វើ​ចរាចរណ៍ នៅលើ​ផ្លូវធំ និង​ត្រង់ ទៅមុន​។​
៨-​មិន​បើកបរ​ក្រោម​ឥទ្ធិពល នៃ​ជាតិ​ស្រវឹង ឬ​សារធាតុ​ញៀន និង​សូម​ចងចាំ​ជានិច្ច​នូវ​ពាក្យស្លោក «​បើ​ពិសា​គ្រឿង​ស្រវឹង កុំ​បើកបរ​»​។ ស្ថានភាព​ស្រវឹង នឹង​បង្ក​ឲ្យ​អ្នក បើកបរ​បាត់​ការ ចងចាំ វង្វេងស្មារតី មិនអាច​បញ្ជា​យាន​បាន​ដោយ​សុវត្ថិភាព ងាយ​ប្រឈម​នឹង​ការបង្ក គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​។​
៩-​នៅពេល​បើកបរ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សុជីវធម៌ សីលធម៌ និង​ការយោគយល់​អធ្យាស្រ័យ​ទៅ វិញ​ទៅមក ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់ ឬ​សម្រួល​ស្ថានភាព​កកស្ទះ​ចរាចរណ៍​។​

​របាយការណ៍​របស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧-២៩ ខែកញ្ញា ឆ្នាំ​២០១៩ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស សរុប​ចំនួន ៥២​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២៦​នាក់ របួសស្រាល ២៨​នាក់ និង​របួសធ្ងន់ ៥២​នាក់​។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៥២ លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ ចំនួន ៦៦​គ្រឿង រថយន្ត​តូច ២៤​គ្រឿង រថយន្ដ​ធំ ៣​គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​៖ ល្បឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្ដាំ ប្រជែង​បត់​គ្រោះ ថ្នាក់ និង​ស្រវឹង​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ៣​ថ្ងៃ កាលពី​ឆ្នាំ​២០១៩ បើ​ប្រៀបធៀប​នឹង បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៨ គឺ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​បុណ្យ​ភ្ជុំបិណ្ឌ កាលពី​ឆ្នាំ​២០១៩ ថយចុះ ០១​លើក ចំនួន​អ្នកស្លាប់ ថយចុះ ០២​នាក់ និង​អ្នករងរបួស ថយចុះ​ចំនួន ០៥​នាក់​។​
​ ​
​ក្រៅពី​អំពាវនាវ តាមរយៈ​លិខិត អាជ្ញាធរ​សមត្ថកិច្ច ពិសេស​ប៉ូលិស​ចរាចរណ៍​ក៏បាន​អប់រំ ផ្សព្វផ្សាយ និង​ដាក់​កម្លាំង​ពង្រាយ​តាមផ្លូវ ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ឃាត់​ផាកពិន័យ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ឡាន ដែល​មិន​គោរព​ច្បាប់​ផងដែរ​។​
​ ​
​ក៏ប៉ុន្តែ​ប្រសិទ្ធភាព​មែនទែន កាលពីពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កាលពី​ខែមេសា ឆ្នាំនេះ គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​អ្នកស្លាប់ និង​របួស បាន​ថយ​ចុះបើ​ធៀប​នឹង​ពេលចូលឆ្នាំ កាលពី​ឆ្នាំមុន​។ នោះ​ក៏​ដោយសារតែ​រាជរដ្ឋាភិបាល បាន សម្រេច​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ ហើយ​តម្រូវ​ឲ្យ​មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ក្រុមហ៊ុន​ទាំងអស់​បន្តធ្វើ​ការងារ ជាធម្មតា​។

​ក្រៅពីនោះ កាលពីពេល​ចូលឆ្នាំ នៅ​ខែមេសា រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ហាម ឃាត់​ការធ្វើ ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ចាប់តាំងពី​យប់​ថ្ងៃទី​៩​មេសា ដល់​ម៉ោង ៦​ព្រឹក​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០​។ វិធានការ​របស់​រាជ​រដ្ឋាភិបាល​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ កូ​វីដ​១៩ នៅតាម​សហគមន៍​ភូមិ​ស្រុក ក្នុងអំឡុងពេល​ចូលឆ្នាំ​។​
​ ​
​ជា​សរុប រាប់​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស ក្នុងអំឡុងពេល​ចូលឆ្នាំ បានកើត​ឡើង ៥៥​លើក បណ្តាល​ឲ្យ​ស្លាប់ ២០​នាក់ និង​របួស ១០២​នាក់​។ ចំនួន​នេះ បាន​ថយចុះ​ច្រើន​បើ​ធៀប​នឹង​ឆ្នាំមុន​។​

​កាលពី​អំឡុងពេល​ចូលឆ្នាំថ្មី ប្រពៃណីជាតិ កាលពី​ខែមេសា ឆ្នាំ​២០១៩ រយៈពេល ៥​ថ្ងៃ រាប់​ចាប់ពី​ថ្ងៃទី​១៣-១៧ ខែមេសា ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៥៤​លើក បណ្តាល​ឲ្យ​ស្លាប់ ៥៩​នាក់ និង​របួស ២៣៨​នាក់​។​
​ ​
​ដូច្នេះ​បើសិនជា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងការ​ការពារ ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍ ក្នុងអំឡុងពេល​បុណ្យទាន​ប្រពៃណីជាតិ​នេះ គួរតែ​អាជ្ញាធរ​សមត្ថកិច្ច​បន្ថែ​ម​លើ ការអំពាវនាវ អប់រំ​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​ចរាចរណ៍ ក៏​គួរតែ​ដាក់​កម្លាំង​ពង្រាយ​តាមផ្លូវ ពិសេស​ផ្លូវជាតិ តាម​ស្រុក​ក្រុង​ខណ្ឌ ឃុំ​សង្កាត់ រហូតដល់​ភូមិ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ ការពារ​សន្តិសុខ​សុវត្ថិភាព​ផង និង​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផង​។

​កាលណា មាន​ប៉ូលិស​ចរាចរណ៍ ឈរជើង ចាំ​ត្រួតពិនិត្យ នោះ​អ្នកបើកបរ អ្នកធ្វើដំណើរ មិនជា​ហ៊ាន​ល្មើសច្បាប់​ប៉ុន្មាន​ឡើយ ហើយក៏​មិន​បើកបរ​លឿនៗ​ដែរ​។

​តែ​ឲ្យ​មែនទែនទៅ អ្នកបើកបរ និង​អ្នកធ្វើដំណើរ​ទាំងអស់ ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្លួនឯង​ហើយ ម្ចាស់ការ និង​ទទួលខុសត្រូវ ដោយ​បើកបរ​ឡាន​ម៉ូតូ យានយន្ត​គ្រប់​ប្រភេទ ត្រូវគោរព​ច្បាប់ ព្រមទាំង​យោគយល់​អធ្យាស្រ័យ​គ្នា ព្រោះ​កុំភ្លេចថា​យើង​ធ្វើដំណើរ​តាមផ្លូវ​ក្នុងពេល​បុណ្យ ទាន​នេះ គឺ​ដើម្បី​ទៅធ្វើ​បុណ្យ​ផង ដើម្បី​ទៅ​ជួបជុំ​ក្រុមគ្រួសារ​មិត្តភក្តិ អ្នកស្រុក​អ្នកភូមិ នៅ​ស្រុកកំណើត​ផង​។ ក្នុងនោះ ក៏មាន​អ្នកខ្លះ ធ្វើដំណើរ ដើម្បី​ទៅ​កម្សាន្ត​លេង​សប្បាយ នៅ​កន្លែង​ទេសចរណ៍ រមណីយដ្ឋាន​នានា​ផងដែរ​។ ដូច្នេះ​រឿង​អី​យើង​ត្រូវ​ឲ្យ​ការធ្វើដំណើរ របស់​យើង កើតរឿង​ហេតុ សោកនាដកម្ម ដោយសារតែ​គ្រោះថ្នាក់​តាមផ្លូវ​ទៅវិញ​?​។ សូម​ឲ្យ​បងប្អូន​ជនរួមជាតិ​យើង ដំណើរ​ដោយ​សុខសាន្ត គ្រប់ទិសទី ហើយ​កុំ​បើកបរ​ក្រោយ ផឹកស្រា ទោះជា​ស្រាស ស្រាថ្នាំ ស្រា​បៀរ ឬ​ស្រា​ថ្លៃៗ​អ្វី​ណាក៏ដោយ ព្រោះថា នៅពេល​ជួបជុំ និង​ពេល​បុណ្យទាន​នេះ ចំនួន​អ្នក​ផឹកស្រា មាន​ច្រើន ទាំងស្រី ទាំងប្រុស​ដោយមាន​ទាំង ចាក់ធុងបាស ច្រៀង​រាំ អា​ឡេ​អា​ឡូ រំខាន​ដល់​គេឯង ក៏មាន​៕ ដោយ​៖ លី ម៉េង​ហួរ​

ទីតាំងផ្សាយពាណិជ្ជកម្ម