តើ​ស្រីលង្កា​និង​ឡាវ កំពុង​ជាប់អន្ទាក់​បំណុល​ចិន​ឬ​?

242
ចែករម្លែក

ដោយៈ លោក អ៊ុច លាង នាយកដ្ឋាន​សិក្សា​អាស៊ី អាហ្វ្រិក និង​ម​ជ្ឍឹ​ម​បូព៌ា​នៃ​វិទ្យាស្ថាន​ទំនាក់ ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​

​ចិន​ជា​ប្រទេស​ផ្តល់​ប្រាក់កម្ចី​ធំជាងគេ​បង្អស់​នៅលើ​ពិភពលោក ដោយបាន​ផ្តល់​កម្ចី​ច្រើនជាង ធនាគារពិភពលោក ឬ​ស្ថាប័ន​អន្តរជាតិ​ដទៃទៀត​។ ចាប់ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ​២០១៧ ប្រាក់កម្ចី​របស់​បណ្តា​ប្រទេស​នានា​ពី​ប្រទេស​ចិន «​បាន​កើនឡើង​១០​ដង ចាប់ពី​ចំនួន​តិចជាង ៥០០​ពាន់​លាន​ដុល្លារ ទៅដល់ ជាង​៥​លាន​លាន​ដុល្លារ​អាម៉េរិក​» ហើយ​មានការ​លើកឡើង ជាច្រើន ជាច្រើន​ទាក់ទង​នឹង​បញ្ហា​នេះ ដោយ​ចាត់ទុកថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង កំពុង​ប្រើ ប្រាស់ «​ការទូត​អន្ទាក់​បំណុល​» ដើម្បី​បាន​ចំណេញ​ប្រយោជន៍​ផ្នែក​យុទ្ធសាស្ត្រ​ទៅលើ បណ្ដា​ប្រទេស នានា ដែល​កំពុង​ជួប​ការលំបាក​ក្នុងការ​សងបំណុល​ដែល​ខ្ចី​នៅក្រោម​គម្រោង ហេដ្ឋារចនាសម្ព័ន្ធ «​ខ្សែក្រវាត់​និង​ផ្លូវ​» របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​។​

​តើ​ប្រទេស​ឡាវ និង​ស្រីលង្កា ដែល​បានផ្តល់​សិទ្ធិ​គ្រប់គ្រង​ក្រុមហ៊ុន​អគ្គិសនី និង​លក់ កំពង់ផែ ទៅឱ្យ​ភាគី​ចិន ជាការ​ដាក់​អន្ទាក់​បំណុល​របស់​ចិន​មែន​ឬទេ​?

​ប្រទេស​ឡាវ នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០ បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចិន​គ្រប់គ្រង​ចំណែក ភាគហ៊ុន​ដ៏​ធំ​នៅក្នុង​ក្រុមហ៊ុន​អគ្គិសនី​របស់ខ្លួន ដោយបាន​ចុះ​កិច្ចព្រមព្រៀង​ចែក​ចំណែក ភាគហ៊ុន​អគ្គិសនី​រវាង​ក្រុមហ៊ុន​អគ្គិសនី​រដ្ឋ «Electricite du Laos» (EdL) របស់​ឡាវ និង​ក្រុម ហ៊ុន​ចិន «China Southern Power Grid Co»​។​ក្រុមហ៊ុន​រដ្ឋ​ឡាវ និង​ក្រុមហ៊ុន​ចិន​នេះ បាន ព្រមព្រៀងគ្នា​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ឈ្មោះថា «Electricite du Laos Transmission Company Limited» (DELT) ដោយ​ក្នុងនោះ ភាគហ៊ុន​ធំ​គ្រប់គ្រង​ក្រុមហ៊ុន​ថ្មី​នេះ ត្រូវបាន​ប្រគល់​ទៅ ឱ្យ​ក្រុមហ៊ុន​ចិន​។ ក្រុមហ៊ុន​ថ្មី EDLT នឹង​វិនិយោគ​ទឹកប្រាក់​ប្រហែល​២​ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅលើ​ការតភ្ជាប់​បណ្ដាញ​អគ្គិសនី​ក្នុងស្រុក និង​ទៅ​ក្រៅ​ស្រុក ។​

​ប្រទេស​ឡាវ​បាន​វិនិយោគ​ថវិកា​យ៉ាងច្រើន​ទៅលើ​គម្រោង​វា​រី​អគ្គិសនី ដែល​ភាគច្រើន​គាំទ្រ ដោយ​កម្ចី​ថវិកា​ពី​ប្រទេស​ចិន ក្នុង​បំណង​ក្លាយខ្លួនជា «​ធុងអាគុយ​នៃ​អាស៊ីអាគ្នេយ៍​» ប៉ុន្តែ គម្រោង​មួយចំនួន​ទាំងនោះ រួមទាំង​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចិន​ថ្មី​គម្រោង​យុទ្ធសាស្ត្រ ផ្លូវដែក​របស់​ប្រទេស​ទាំងពីរ គឺ​ស្របទៅតាម​គោលដៅ​របស់​ប្រទេស​នីមួយៗ​ហើយ​វា​ជា ការ​បន្ស៊ី​គ្នា​រវាង​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ភាគី​ចិន និង​យុទ្ធសាស្ត្រ​របស់ ភាគី​ឡាវ ក្នុងការ​ប្រែក្លាយ​ពី​ប្រទេស​ឡាវ​ដីគោក​បិទ​ជិត​ទៅជា​ប្រទេស​មាន​ផ្លូវ​ឆ្លងកាត់ (From land-locked to land-linked country) កំពុង​ក្លាយជា​ចំណុច​ស្នូល​នៃ​បញ្ហា​បំណុល ។​

​ធនាគារពិភពលោក ក៏បាន​ប៉ាន់ស្មាន​កាលពី​ខែមិថុនា ឆ្នាំ​២០២០ កន្លងទៅ​ថា កម្រិត​បំណុល របស់​ឡាវ​អាច​នឹង​ឡើងដល់ ៦៨​ភាគរយ នៃ​ផលទុន​ក្នុងស្រុក​សរុប​-​ផ​.​ស​.​ស នៅ​ឆ្នាំ​២០២០ កើនឡើង​ពី​៥៩% កាលពី​ឆ្នាំ​២០១៩​។ ចំណែក​ទីភ្នាក់ងារ​កម្រិត ឥណទាន Moody បាន ព្រមាន​ថា ប្រទេស​នេះ ប្រហែលជា​មិនអាច​សងបំណុល​របស់​ចិន​បាន​នៅពេល​អនាគត ដ៏​ខ្លី​ខាងមុខនេះ​ទេ​។​

​ទីភ្នាក់ងារ Moody ក៏បាន​និយាយថា ប្រទេស​ឡាវ​នៅក្នុង​ឆ្នាំ​២០២០​នេះ ត្រូវមាន​កាតព្វកិច្ច សងបំណុល​បរទេស​ប្រហែល ១.២​ពាន់​លាន​ដុល្លារ​អាម៉េរិក ជា​កម្ចី​ដែល​ខ្លួន​ខ្ចី​ពី​ធនាគារ ពាណិជ្ជ និង​បណ្ណ​បំណុល​ថៃ ដែល​ត្រូវ​ទូទាត់​ជា​សាច់ប្រាក់​នៅ​ខែកញ្ញា និង​ខែតុលា ប៉ុន្តែ ទុនបម្រុង​អន្តរជាតិ​របស់​ឡាវ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២០​នេះ មានតែ ៨៦៤​លាន​ដុល្លារ អាម៉េរិក ប៉ុណ្ណោះ​។​

​ចំណែក​ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ ក៏បាន​ចុះហត្ថលេខា​លើ​កិច្ច សន្យា​លក់​កំពង់ផែ​នៅ​តំបន់​ទឹក​ជ្រៅ «Hambantota» ដែល​ស្ថិតនៅ​ភាគខាងត្បូង​របស់ ប្រទេស​ស្រីលង្កា ដើម្បី​យកប្រាក់​ដែល​បានមកពី​ការលក់​កំពង់ផែ នោះ​ទៅ​សងបំណុល បរទេស ដែល​នៅ​ក្នុងនោះ មាន​មួយ​ភាគ​ជា​បំណុល​ពី​ប្រទេស​ចិន​។​

​រដ្ឋាភិបាល​ស្រីលង្កា​សម្រេច​លក់​កំពង់ផែ Hambantota និង​ដី​ទំហំ ១៥.០០០ ហិច​តា នៅក្បែរ កំពង់ផែ​សម្រាប់​ធ្វើជា​តំបន់ឧស្សាហកម្ម ទៅឱ្យ​ក្រុមហ៊ុន​រដ្ឋ​ចិន ក្នុងតម្លៃ​មួយ​ពាន់​មួយរយ លាន​ដុល្លារ សម្រាប់​គម្រោង​វិនិយោគ​រយៈពេល​៩៩​ឆ្នាំ ។​

​កិច្ចសន្យាលក់​កំពង់ផែ​ក្នុងស្រុក​ទៅឱ្យ​ក្រុមហ៊ុន​ចិន ត្រូវបាន​ពន្យារពេល​ជាច្រើន​ដង ដោយសារ​ចលនា​ប្រឆាំង​ពី​សហជីព​កម្មករ​នៅ​កំពង់ផែ​ផ្ទាល់ និង​ពី​ក្រុម​បក្សប្រឆាំង​របស់ ស្រីលង្កា ដែល​បារម្ភ​ពី​ផល​អាក្រក់​ពីរ​យ៉ាង​។ ទីមួយ គេ​ខ្លាចក្រែង​ចិន​ប្រើ​កំពង់ផែ Hambantota ជា​មូលដ្ឋានទ័ព និង​ទី​២ គេ​បារម្ភ​ថា ចិន​បង្កើត​តំបន់​អាណានិគម​កិច្ច​នៅក្នុង​ទឹកដី​ស្រីលង្កា​។ ដើម្បី​ធានាថា ចិន​នឹង​មិនអាច​ប្រែក្លាយ​កំពង់ផែ​ទៅជា​កន្លែង​តាំងទ័ព​ចិន ទៅ​ថ្ងៃ​អនាគត រដ្ឋាភិបាល​ស្រីលង្កា​បាន​អះអាងថា ខ្លួន​បាន​បញ្ចុះ​ចំណែក​ភាគហ៊ុន​របស់​ចិន​នៅ​ក្នុងការ គ្រប់គ្រង​កំពង់ផែ ពី​៨០​ភាគរយ មក​នៅ​៧០​ភាគរយ ចំណែក បញ្ហា​សន្តិសុខ​ការធ្វើ​គមនាគមន៍ ផ្លូវទឹក ត្រូវ​គ្រប់គ្រង​និង​សម្រេច ដោយ​រដ្ឋាភិបាល​ស្រីលង្កា គឺ​មិនមែន​ដោយ​ភាគី​ក្រុមហ៊ុន ចិន​នោះឡើយ​។​

​កំពង់ផែ Hambantota ចាប់​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១០ នៅក្រោម​ជំនួយ​ឥណទាន​របស់​ចិន ប្រមាណ ១.៣០០​លាន​ដុល្លារ​អាម៉េរិក​។ ដោយសារ​ទីតាំង​សេដ្ឋកិច្ច មិនសូវ​អំណោយផល ព្រោះថា ទំនិញ​ភាគច្រើន​ត្រូវ​ស្រូប​ដោយ​កំពង់ផែ​ដ៏​ធំ​នៅ​ក្រុង​កូឡុំបូ កំពង់ផែ Hambantota រកប្រាក់​ចំណូល​មិនសូវ​បាន និង​បានធ្វើឱ្យ​រដ្ឋ​ស្រីលង្កា​ជាប់បំណុល​ដោយសារតែ​ការ​ខាត បង់​ប្រមាណ ៣០០​លាន​ដុល្លារ ចាប់តាំងពី​បើកសម្ពោធ​កំពង់ផែ​នោះមក​។​

​កិច្ចសន្យាលក់​កំពង់ផែ Hambantota​ទៅឱ្យ​ចិន បាន​ជួយ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​យក ប្រាក់​ទៅ​សងបំណុល​របស់​បរទេស ប្រមាណ​៦៥​ពាន់​លាន​ដុល្លារ​ដែល​នៅ​ក្នុងនោះ​៨​ពាន់ លាន​ដុល្លារ ជា​បំណុល​ដែល​ស្រីលង្កា​ជំពាក់​ចិន​។​

​កំពង់ផែ Hambantota​ជា​កំពង់ផែ​ធំ​ទី​២ របស់​ស្រីលង្កា ដែល​ចិន​បានផ្តល់​ថវិកា​សាងសង់ ក្រោម​ស្លាក​ប្រាក់​ជំនួយ​ឥណទាន​ហើយ​ឥណ្ឌា​ព្រួយបារម្ភ​ពី​ការពង្រីក​ដែនទឹក ជាពិសេស វត្តមាន​កងទ័ព​រប​ស់​ចិន​នៅ​ស្រីលង្កា ដែល​ស្ថិតនៅ​ចុង​ច្រមុះ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រទេស​ខ្លួន​។ ប៉ុន្តែ​ក្រុង ប៉េកាំង​បាន​អះអាងថា​កំពង់ផែ​នៅ​ស្រីលង្កា​នឹង​ដើរតួ​ជា​ចំណត​សំខាន់​នៅក្នុង នយោបាយ​សេដ្ឋកិច្ច ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ដែល​ចិន​ត្រូវ​ការប្រើ​សម្រាប់​ភ្ជាប់​ពី​អាស៊ី​ទៅ​អឺរ៉ុប​។​

​បន្ថែម​សេចក្តីសន្និដ្ឋាន​សម្រាប់​ក​រ​ណី​ស្រីលង្កា​និង​ឡាវ​នៅទីនេះ មុននឹង​ចូល​ករណី​កម្ពុជា​។​

​សម្រាប់​ករណី​ប្រទេស​ឡាវ និង​ស្រីលង្កា រដ្ឋាភិបាល​នៃ ប្រទេស​ទាំងពីរ​មិនបាន​ប្រយ័ត្ន ប្រ​យ៉ែ​ង​ក្នុង​ការកំណត់​ពិ​ដាន​នៃ​កម្ចី​បរ​ទស ទើបបាន​ជាប់បំណុល​ប​រទេស ដែល​ភាគច្រើន ពី​ប្រទេស​ចិន រហូត​មិនអាច​មានលទ្ធភាព​ទូទាត់ សង​ត្រឡប់​ទៅវិញ​តាម កាលកំណត់​បាន ទើប​ឈានទៅដល់​ការផ្ទេរ​សិទ្ធ​គ្រប់គ្រង និង​លក់ សម្បត្តិ​រដ្ឋ​ដើម្បី​ទូទាត់​សងបំណុល​បរទេស មួយចំនួន ក្នុងពេលដែល​រដ្ឋាភិបាល មិនមាន​លទ្ធភាព គ្រប់គ្រាន់ ឬ ហៅ​ម្យ៉ាង​ទៀតថា បំណុល​បរទេស​បាន​ឡើង​ហួស​ពិ​ដាន​នៃ​កម្ចី​។​

​ករណី​ប្រទេស​ស្រីលង្កា និង​ឡាវ នាំឱ្យមាន​មជ្ឈដ្ឋាន​មួយចំនួន​សម្តែង​កង្វល់​ថា កម្ពុជា អាច​នឹង​ជាប់បំណុល​ចិន ដែល​មិនអាច​សង​បាន​ផងដែរ​នៅពេល​ខាងមុខ បើសិនជា​មិន មានការ​ប្រយ័ត្នប្រយែង​។​

​សម្រាប់​ប្រទេស​កម្ពុជា គិត​មកទល់នឹង​ពេលនេះ​បំណុល​សាធារណៈ​ដែល​កម្ពុជា​ជំពាក់ បរទេស គឺ​ស្ថិតនៅក្រោម​៣០​ភាគរយ ធៀប​នឹង ផ​.​ស​.​ស ដែលជា​ទំហំ​មួយ​តិចតួច បើ​ធៀប នឹង​ប្រទេសជិតខាង​ផ្សេងទៀត​ដូចជា ឡាវ មាន​រហូត​ពី ៥៩​ភាគរយ​ទៅ ៦៨​ភាគរយ នៃ ផ​.​ស​.​ស និង​វៀតណាម មាន​រហូត​ពី ៦០​ភាគរយ ទៅ ៧០​ភាគ​ករ​យ នៃ ផ​.​ស​.​ស ឯណោះ​។ នេះ​សបញ្ជាក់​ឱ្យឃើញថា កម្ពុជា​នៅតែមាន​លទ្ធភាព​ខ្ចី​បំណុល​ពី​បរទេស និង​ស្ថាប័ន​ដៃគូ អន្តរជាតិ​នានា​បន្ថែមទៀត ដើម្បី​យកមកប្រើ​ប្រាស់​ក្នុងការ​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។​

​សូមបញ្ជាក់ថា យោងតាម​យុទ្ធសាស្ត្រ ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ ២០១៩-២០២៣ អនុ​បាត​តម្លៃ​បច្ចុប្បន្ន​នៃ​បំណុល​សាធារណៈ សរុប ធៀប​នឹង ផ​.​ស​.​ស ត្រូវ​ស្ថិតនៅក្រោម ៥៥​ភាគរយ ដែល​ក្នុងនោះ អនុ​បាត​តម្លៃ​បច្ចុប្បន្ន​នៃ​បំណុល​សាធារណៈ ក្រៅប្រទេស (​រួមទាំង​បំណុល​ដែលមាន​ការធានា​ពីរ​ដ្ឋ​) ធៀប​នឹង ផ​.​ស​.​ស ត្រូវ​ស្ថិតនៅក្រោម ៤០​ភាគរយ និង​អនុ​បាត​តម្លៃ​បច្ចុប្បន្ន​នៃ​បំណុល​សាធារណៈ​ក្នុងប្រទេស​(​រួមទាំង​បំណុល​ដែលមាន​ការធានា​ពីរ​ដ្ឋ​) ធៀប​នឹង ផ​.​ស​.​ស ត្រូវ​ស្ថិតនៅក្រោម ១៥​ភាគរយ ដូច្នេះ​បំណុល​សាធារណៈ ក្រៅប្រទេស របស់​កម្ពុជា​នៅមាន​ចីរភាព និង​ហានិភ័យ​ទាប​។​

​តាម​របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បង្ហាញថា គិត​ត្រឹម​ឆ្នាំ​២០១៩ កម្ពុជា មាន​សន្និធិ​បំណុល​សាធារណៈ​សរុប​ចំនួន ៧.៥៩៩ លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ បំណុល សាធារណៈ​ក្នុងប្រទេស​មាន​ចំនួន​ប្រមាណ​០.០៤​ភាគរយ ស្មើនឹង​២.៧៤​លាន​ដុល្លារ អាម៉េរិក និង​បំណុល​សាធារណៈ​ក្រៅប្រទេស​មាន​ចំនួន ៩៩.៩៦ ភាគ​គរ​យ ត្រូវ​នឹង​ប្រមាណ ៧.៥៩៦ លាន​ដុល្លារ ដែល​ក្នុងនោះ ៤០​ភាគរយ ជា​បំណុល​របស់​ប្រទេស​ចិន​។ របាយការណ៍​បាន បង្ហាញ​ទៀតថា ក្នុង​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​បាន​ទូទាត់​សេវា​បំណុល​ជូន​ដៃគូ​អភិវឌ្ឍន៍ សរុប​ចំនួន ជាង ៣០៨ លាន​ដុល្លារ​អាម៉េរិក​។ បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩៣​រហូតដល់​ដំណាច់ ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​បាន​ទូទាត់​សេវា​បំណុល​ជូន​ដៃគូ អភិវឌ្ឍន៍​សរុប​ចំនួន ១.៦៩ ពាន់​លាន​ដុល្លារ​អាម៉េរិក ។​

​សូមបញ្ជាក់​ផងដែរ​ថា អត្រា​ការប្រាក់​ដែល​កម្ពុជា​ខ្ចី​ពី​ចិន​មាន​បី​ប្រភេទ គឺ មាន​(០%), ១.២៥ ភាគរយ និង​២​ភាគរយ​។ ០​ភាគរយ ជា​កម្ចី​គ្មាន​ការប្រាក់​, ១.២៥​ភាគរយ​គឺ​សម្រាប់​កម្ចី​ជា​លុយ យ័ន និង​២​ភាគរយ សម្រាប់​កម្ចី​ជា​លុយ​ដុល្លារ​អាម៉េរិក ហើយ​សង​មកវិញ​ក្នុង​រយៈពេល​២០​ឆ្នាំ តែ​អាច​ពន្យារពេល សង​បាន​រយៈពេល​៧​ឆ្នាំ​ដោយ​មិនមាន​ការផាកពិន័យ​៕ (​ប្រភព​៖ វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា​)

ទីតាំងផ្សាយពាណិជ្ជកម្ម