ពង្រាង​សេចក្តីសំរេចចិត្ត​របស់​អាមេរិក​អំពី​ការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ី​រី ត្រូវ​រុស្ស៊ី​ជំទាស់​

1117
ចែករម្លែក

​រុស្ស៊ី បាន​វ៉េតូ​ប្រឆាំងនឹង​សេចក្តីសំរេចចិត្ត​របស់​អង្គការសហប្រជាជាតិ​ព្រាង​ដោយ​អាមេរិក​មួយ​ដែល​ថ្កោលទោស​ការវាយប្រហារ​ដោយ​ឧស្ម័ន​សង្ស័យ​ម្យ៉ាង​កាល​​ពី​ចុង​សប្តាហ៍​នៅ​ជិត​ទីក្រុង​ដា​ម៉ាស និង​បង្កើត​អង្គការ​ថ្មី​មួយ​ដើម្បី​កំណត់​ការទទួលខុសត្រូវ​សំរាប់​ការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ី​រី​។

​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ លោកស្រី និក​គី ហា​ឡេ បាន​និយាយថា អាមេរិក​«​បាន​ធ្វើដំណើរ​ឆ្ងាយ​បន្ថែម​»​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​រុស្ស៊ី​​ក្នុង​ការបង្កើត​គណៈកម្មាធិកា​រ​ស៊ើបអង្កេត​ថ្មី​មួយ ដែល​មិន​លម្អៀង ឯករាជ្យ​និង​អាជីព ជា​អ្វី​ដែល​លោកស្រី​បាន​អះអាងថា មិន​មានចែង​ក្នុង​សេចក្តីសំរេចចិត្ត​ព្រាង​​ដោយ​រុស្ស៊ី​ទេ​។​

​តែ ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក វាស​ស៊ី​លី ណេ​បេន​ហ្សៀ បាន​ចោទប្រកាន់​អាមេរិក​ថា​ចង់​បាន​សេចក្តីសំរេចចិត្ត​ដែល​មិនអាច​«​បញ្ជាក់​ការ​​ប្រើ​កម្លាំង​ប្រឆាំង​ស៊ី​រី​ជា​ការត្រឹមត្រូវ​»​។​លោក​ថា សេចក្តីសំរេចចិត្ត​នេះ​ជា​ការព្យាយាម​បង្កើតឡើង​វិញ​អង្គការ​ជំនាញ​ចាស់​មួយ ដែល​ការពន្យារ​អាណត្តិ​របស់​វា​ត្រូវ​បាន​​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បដិសេធ​កាលពី​ខែវិច្ឆិកា​។​លោក​ហៅ​អង្គការ​នោះ​ថា​ជា​«​អាយ៉ង​នៅក្នុង​ដៃ​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​»​។​

​ពង្រាង​សេចក្តីសំរេចចិត្ត​មួយ​របស់​រុស្ស៊ី​សំរាប់​បង្កើត​អង្គការ​ជំនាញការ​ថ្មី​មួយ​ដើម្បី​កំណត់​ការទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​ក៏​ត្រូវបាន​បដិសេធ​។​​សេចក្តីសំរេចចិត្ត​នេះ​ត្រូវការ​ការបោះ​ឆ្នោត​គាំទ្រ​យ៉ាងតិច​៩​នៅក្នុង​ក្រុមប្រឹក្សា​ដែល​មាន​សមាជិក​១៥​ប្រទេស តែ​វា​បាន​ការគាំទ្រ​តែ​៦​ប្រទេស​។​សមាជិក​៧​ទៀត រួមមាន​​អាមេរិក អង់គ្លេស និង​បារាំង បាន​បោះ​ប្រឆាំង​និង​២​បោះ​អនុប្បវាទ​៕​ដោយ​៖​វាសនា

ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិលោកហៅអង្គការដែលស្នើឡើងដោយអាមេរិក
នោះថាជា«អាយ៉ងនៅក្នុងដៃកងកម្លាំងប្រឆាំងរដ្ឋាភិបាលក្រុងដាម៉ាស»

ទីតាំងផ្សាយពាណិជ្ជកម្ម