ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​រុក្ខ​គិរី ប្រមូល​គ្រាប់មីន​មិនទាន់​ផ្ទុះ​២៥​គ្រាប់ ពី​ក្នុង​ស្រែ​យកមក​ប្រគល់​ឲ្យ​អង្គភាព​ជំនាញ​

168
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​២០២០ មាន​ប្រជាពលរដ្ឋ​២​នាក់ ជា​ម្ចាស់​ស្រែ​រស់នៅ​ចំណុច​ហុង​ទី​៥ ស្ថិត​ក្នុងភូមិ​/​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី បាន​រើស​គ្រាប់មីន​ចំនួន​២​លើក​សរុប​ចំនួន​២៥​គ្រាប់ ជា​ប្រភេទ​មីន​សញ្ញា​លេខបូក ក្នុង​នោ​មាន​៦​គ្រាប់​ខូចគុណភាព ក្រៅពីនោះ​នៅមាន​គុណភាព​១០០% ហើយ​បាន​ប្រគល់ជូន​អង្គភាព​យកទៅ​រក្សាទុក​ជៀសវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាជន​។​

​លោក ឆាយ ម៉ាប់ អធិការ​ស្រុក​រុក្ខ​គី​រី​បាន​ឲ្យ​ដឹងថា កាលពី​លើក​ទី​១​នៅ​ព្រឹក​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០២០​កន្លងទៅនេះ មាន​ប្រជាពលរដ្ឋ​មួយរូប​រស់នៅ​ក្នុងភូមិ​ព្រែកជីក ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី បានធ្វើ​ដំណើរ​ទៅកាន់​ចំណុច​ហុង​ទី​៥ ភូមិសាស្ត្រ​ខាងលើ ហើយ​បាន​ប្រទះឃើញ​គ្រាប់មីន​លេខបូក​ចំនួន​២០​គ្រាប់ ផលិត​នៅ​ប្រទេស​សូ​វៀត ហើយ​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​យកទៅ​រក្សាទុក ក្នុងនោះ​ខូចគុណភាព​៦​គ្រាប់​។ លើក​ទី​២​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកញ្ញា មាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ ឡាប ជាប់ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែកជីក បាន​រើស​គ្រាប់មីន​ចំនួន​៥​គ្រាប់​ទៀត ជា​ប្រភេទ​មីន​សញ្ញា​លេខបូក​មាន គុណភាព​១០០​ភាគរយ ហើយ​ប្រគល់​ឲ្យ​អង្គភាព​ជំនាញ​យកទៅ​រក្សាទុក​។

​លោក​អធិការ​ស្រុក​រុក្ខ​គី​រី បាន​បញ្ជាក់ថា ក្រោយពេល​ទទួលបាន​គ្រាប់មីន​សញ្ញា​លេខបូក​ចំនួន​២៥​គ្រាប់​រួចមក លោក​បាន​រាយការណ៍​ទៅ​អង្គភាព​ស៊ីម៉ាក់​ប្រចាំ​ស្រុក​មោងឫស្សី មក​ទទួល​យកទៅ​រក្សា​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព ដើម្បី​កម្ទេចចោល​នៅពេល​ក្រោយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម