ករណី​ផ្ទុះអាវុធ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង នារី​ម្នាក់បាន​ស្លាប់ ជនបង្ក​ទៅ​សារភាព​នៅ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ

645
ចែករម្លែក

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ្នាំង​: កាលពី​យប់មិញ​មាន​ករណី​ផ្ទុះអាវុធ​មួយ​គ្រាប់ នៅមុខ​សាលាខេត្ត​កំពង់ឆ្នាំង វេលា​ម៉ោង​១​រំលងអធ្រាត្រ ថ្ងៃទី​១៦​កញ្ញា​ឆ្នាំ​២០២០ បណ្ដាល​ឲ្យ​នារី​ម្នាក់​ត្រូវបាន​ស្លាប់ នៅក្នុង​រថយន្ត​របស់​ជនសង្ស័យ​ដែលមាន​គ្នា​៣​នាក់​។​

​បុរស​ម្នាក់​បាន​បើករថយន្ត​ជាមួយនឹង​សព​សង្សារ ចូលមក​សារភាព​ប្រាប់​សមត្ថកិច្ច បន្ទាប់ពី​កើតមាន​ការផ្ទុះអាវុធ​មួយ​គ្រាប់ បណ្តាល​ឲ្យ​សង្សារ​របស់ខ្លួន​ស្លាប់​ភ្លាមៗ​ក្នុង​រថយន្ត​។​

​សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ទៀបភ្លឺ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ មាន​បុរស​ម្នាក់​មានឈ្មោះ ទាក់ ឌី អាយុ​២៨​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ មាន​មុខរបរ​លក់ដូ​រ​អចលនទ្រព្យ បើកបរ​រថយន្ត​ម៉ាក Lexus RX200T ពណ៌​ក្រហម ដោយ​ដឹក​មនុស្ស​២​នាក់ ក្នុងនោះ​មាន​សព​នារី​ម្នាក់​ឈ្មោះ ធី លី​ស្សា អាយុ​១៨​ឆ្នាំ ដែលជា​សង្សារ ឯ​ម្នាក់ទៀត​ឈ្មោះ ណ​យ ប៉ូ​រ៉ា នៅ​ភ្នំពេញ​រួម​ដំណើរ បាន​ចូលខ្លួន​មក​សារភាព នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឧដុង្គ​។​

​ឈ្មោះ ទាក់ ឌី ជា​ជនបង្ក​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ក្រោយ​ធ្វើដំណើរ​ចេញពី​ខេត្តសៀមរាប ពួកគេ​ទាំង​៣​នាក់ បានមក​ដល់​ខេត្តកំពង់ឆ្នាំង ក៏​ជជែក​គ្នា​ជាមួយ​សង្សារ គាប់​ជួន​ពេលនោះ​ឈ្មោះ ធី លី​ស្សា ជា​សង្សារ​បាន​ឈោង​ទាញ​កាំភ្លើង​ពីលើ​តាប​ឡូ​រថយន្ត ដោយ​ឃើញបែបនេះ​រូបគេ​ឈ្មោះ ទាក់ ឌី បាន​ឈោង​ទាញ​ដៃ​សង្សារ​កុំ​ឲ្យ​លេង ស្រាប់តែ​ពេលនោះ​រថយន្ត​បាន​រេ​ចង្កូត​ទៅបុក​នឹង​ខឿន​ផ្លូវ បណ្តាល​ផ្ទុះ​កាំភ្លើង​ម៉ាក ZORAKI M906 TD មួយ​គ្រាប់​ចំ​គល់​ដោះ​ខាងឆ្វេង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ក្នុង​រថយន្ត​។​

​ក្រោយពី​ដឹងថា សង្សារ​ខ្លួន​បាន​ស្លាប់ ឈ្មោះ ទាក់ ឌី មិនបាន​បើក​រត់គេចខ្លួន​ទេ បាន​បើករថយន្ត​មក​ចូលក្នុង​មូលដ្ឋាន​កង​រាជ​អាវុធ​ស្រុក​ឧដុង្គ ដើម្បី​ប្រាប់​ពី​ដំណើររឿង​ដល់​សមត្ថកិច្ច​។​

​ដោយសារតែ​ករណីនេះ បាន​កើតហេតុ​នៅក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង ដូច្នេះ​ពេលនេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានប្រគល់​រឿងនេះ​ឲ្យ​ទៅ​ម្ចាស់​ករណី​ខាងលើ​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី​។

សមត្ថកិច្ច​ក្នុង​គណៈកម្មការ​ចំរុះ​ដឹកនាំ​ដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង និង​លោក​ឧ​ត្ត​ម​សេនីយ​ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ក្នុងពេល​រួមគ្នា​ពិនិត្យ​ធ្វើ​កោសល្យ​ពិ​ច្ច័​យ លើ​សព​នារី​រងគ្រោះ​ជាមួយ​គ្រូពេទ្យ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា​៖ នារី​រងគ្រោះ មានឈ្មោះ ធី លី​ស្សា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តសៀមរាប មកដល់​ម៉ោង ៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា​នេះ ក្រុមគ្រួសារ​បានដឹង​ពី​ការស្លាប់​របស់​កូនស្រី​ហើយ និង​កំពុងតែ​ធ្វើដំណើរ​មក​ទទួលយក​សព​នារី​រងគ្រោះ ដែល​តម្កល់ទុក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។

ក្រោយពី​សមត្ថកិច្ច​ចំរុះ​ខេត្តកំពង់ឆ្នាំង ត្រួតពិនិត្យ​ធ្វើ​កោសល្យ​ពិ​ច្ច័​យ​លើ​សព​នារី​រងគ្រោះ​រួចមក បានបញ្ជាក់​ឲ្យ​ដឹងថា​៖ នារី​រងគ្រោះ​បាន​ត្រូវ​គ្រាប់​ចំ​ក្រោម​ចុង​ដោះ ២​សង់ទីម៉ែត្រ ផ្នែក​ខាងឆ្វេង និង​បាន​បៀម​ក្បាល​គ្រាប់​ក្នុង​ទ្រូង ចំណែក​សំបក​គ្រាប់កាំភ្លើង​ឡុ​ក​១​គ្រាប់ ត្រូវបាន​រកឃើញ​នៅក្នុង​កន្លុក​ចង្កឹះ​លេខ​នៃ​រថយន្ត​។

​ជុំវិញ​ករណីនេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង នឹង​បន្តធ្វើ​ការសាកសួរ និង​ស្រាវជ្រាវ ទៅលើ​ជនសង្ស័យ​បន្តទៀត​តាម​និតិ​វិធី ដើម្បី​រក​ឲ្យ​ឃើញថា នារី​រងគ្រោះ​បាន​ស្លាប់​ដោយសារ​ការ​រាលកៃ​កាំភ្លើង ឬ​ជា​អំពើ​ឃាតកម្ម និង​តើ​ជនសង្ស័យ​បាន​អាវុធខ្លី​ម៉ា​កឡុក​នេះ ពី​ណា​មកប្រើប្រាស់ តើ​មានច្បាប់​ឬ​អត់​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម