ក្រសួងធនធានទឹកជូនដំណឹងស្តីពី ស្ថានភាពរបស់ព្យុះទី ១១ ឈ្មោះនូល

216
ចែករម្លែក

 ដោយ:ប ចិន/ភ្នំពេញ:ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២០បានជូនដំណឹងស្តីពី ស្ថានភាពរបស់ព្យុះទី ១១ ឈ្មោះ នូល ( NOUL )ថាបន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាពអាកាសធាតុរួចមក ឃើញថា សម្ពាធទាបសកម្មមួយ ដែលបានកើតឡើងនៅលើសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី ១៥ ខែកញ្ញាបានវិវត្តខ្លួនយ៉ាងឆាប់រហ័សទៅជា វិសម្ពាធទាប (Tropical Depression) ហើយបានបង្កើនឥទ្ធិពលរបស់ខ្លួនជាបន្តបន្ទាប់ទៅជា ព្យុះទី ១១ឈ្មោះ នូល ( NOUL ) ពេលដែលឆ្លងកាត់ ប្រទេសហ្វីលីពីន នៅវេលាម៉ោង ១ ព្រឹក ថ្ងៃទី ១៦ខែកញ្ញា ឆ្នាំ ២០២០ នេះ ។

        យោងតាមការព្យាករ ព្យុះនេះ នឹងធ្វើដំណើរចូលទៅដល់ឆ្នេរដាណាងនៃប្រទេសវៀតណាម ភាគកណ្តាល នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០ ហើយបន្តដំណើរចូលតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គក្នុងប្រទេសឡាវ និងថៃ ។  

        លក្ខណ:បែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៨      ដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ មានស្ថានភាព ដូចខាងក្រោម ៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើន ។២- បណ្តាខេត្តនៅតំបន់ជាប់ជួរភ្នំដងរែក  និងខ្ពង់រាបភាគឦសាន  នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន រួមជាមួយខ្យល់បង្គួរ អាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) ។៣- តំបន់មាត់សមុទ្រ  និងនៅលើផ្ទៃសមុទ្រ  នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹង ជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។៤- ស្ថានភាពនៃទឹកទន្លេមេគង្គ ចាប់ផ្តើមឡើងបន្តិច ជាបន្តបន្ទាប់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម