សកម្មជន​វៀតណាម​ម្នាក់​ទៀត​ត្រូវ​បាន​សំរេច​ទោស​អោយ​ជាប់គុក​១៣​ឆ្នាំ​

1206
ចែករម្លែក

​តុលាការ​មួយ​នៅ​វៀតណាម​បាន​ផ្តន្ទាទោស​អ្នកប្រឆាំង​ម្នាក់​ឱ្យ​ជាប់គុក​១៣​ឆ្នាំ​កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់ពី​បាន​រកឃើញថា​លោក​មាន​កំហុស​ក្នុង​ការប៉ុនប៉ង​ផ្តួល​​រំលំ​រដ្ឋាភិបាល​។ លោក​គឺជា​សកម្មជន​ទី​៧​ដែល​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​នៅ​មួយ​សប្តាហ៍​មក​នេះ នៅពេលដែល ក្រុម​អាជ្ញាធរ​កុំម្មុយនិស្ត​បាន​បង្កើន​ការ​​បង្ក្រាប​លើ​ក្រុម​អ្នកប្រឆាំង​។​

​សារព័ត៌មាន​វៀតណាម​VNA បាន​និយាយថា លោក Nguyen Van Tuc សកម្មជន​អាយុ​៥៤​ឆ្នាំនេះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ទោស​ពី​បទ​មាន​ទំនាក់ទំនង​ជាមួយ​​ក្រុម​មួយ ឈ្មោះថា ” ភាតរភាព​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​” នៅក្នុង​ការ​វិនិច្ឆយ​ទោស​នៅ​តុលាការ​ប្រជាជន​នៅ​ខេត្ត​Thai Binh ។​

​លោក​Nguyen Van Tuc ក៏​ត្រូវបាន​បញ្ជា​ឱ្យ​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ​រយៈពេល​៣​ឆ្នាំ​ផង​ដែរ បន្ទាប់​ពី​បានបញ្ចប់​រយៈពេល​ជាប់​ពន្ធនាគារ​របស់លោក​។​

​សារព័ត៌មាន​VNA ដែល​បាន​ដកស្រង់​សាលក្រម​នេះ បាន​និយាយថា​”​សកម្មភាព​ឧក្រិដ្ឋ ដែល​ប្រព្រឹត្ត​ដោយ​ចុងចោទ Nguyen Van Tuc គឺ​ធ្ងន់ធ្ងរ​ដោយ​ប៉ះពាល់​ដល់​​សន្តិសុខ​ជាតិ​” ។​លោក Nguyen Van Tuc បាន​ចូលរួម​ក្នុង​ក្រុម​នេះ​( ភាតរភាព​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​)​ក្នុង​ឆ្នាំ ២០១៤​ហើយ​បាន​បម្រើការ​ជា​អនុប្រធាន​នៃ​ក្រុម​នេះ ។ ក្រុម​នេះ​គឺ ជា​អង្គការ​ប្រតិកិរិយា​មួយ​ដែល​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​ដើម្បី​ប៉ុនប៉ង​កម្ចាត់​តួនាទី​ដឹកនាំ​របស់​បក្ស​កុំម្មុយនិស្ត​វៀតណាម និង​ផ្តួលរំលំ​រដ្ឋបាល​ប្រជាជន​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន សមាជិក​៦​នាក់​នៃ​ក្រុម​នេះ ដោយ​រួមទាំង លោក Nguyen Van Dai ជា​សហ​ស្ថាបនិក​នៃ​ក្រុម​នេះ និង​ជា​មេធាវី​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ​ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ពី​៧​ទៅ​១៥​ឆ្នាំ តាម​បទចោទប្រកាន់​ដូចគ្នានេះ​៕​ដោយ​៖​សុខា​/sn

លោក Nguyen Van Tuc (រូបកណ្តាល) សកម្មជន អាយុ៥៤ឆ្នាំនេះ ត្រូវបានវិនិច្ចយទោស
នៅតុលាការនៅខេត្តThai Binh កាលពីថ្ងៃអង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម