អ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជាបដិសេធចំពោះ របាយការណ៍របស់ក្រសួង រតនាគា អាមេរិក

627
ចែករម្លែក
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបដិសេធចំពោះរបាយការណ៍របស់ក្រសួងរតនាគាអាមេរិក

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានច្រានចោលចំពោះរបាយការណ៍របស់ក្រសួងរតនាគាអាមេរិក ថានោះគឺជាការចោទប្រកាន់ដែលខ្វះការពិត គ្មានមូលដ្ឋាន បំភ្លៃការពិត ខុសពីអង្គហេតុ និងមាននិន្នាការនយោបាយច្រើនជាងការពិត ហើយគេធ្វើសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយចិន មិនគួរយកខ្មែរទៅឡូកឡំនៅក្នុងរឿងនេះទេ ។របាយការណ៍នេះ វាអយុត្តិធម៌សម្រាប់កម្ពុជា។ 

ការបដិសេធរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឡើងបន្ទាប់ពីក្រសួងរតនាគារអាមេរិកបានចេញរបាយការណ៍អំពីការដាក់ទណ្ឌកម្មលើក្រុមហ៊ុន Union Development Group ឬUDG ដែលកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍នៅតំបន់តារាសាគរ ខេត្តកោះកុង។ ដោយបានចោទប្រកាន់ក្រុមហ៊ុនមួយនេះ រំលោភយកដីប្រជាពលរដ្ឋ។ ដោយនៅក្នុងរបាយការណ៍នោះបានសំរង់សំដីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថា “តំបន់តារាសាគរ អាចនឹងត្រូវបានបម្លែងទៅជាកន្លែងសម្រាប់បម្រើឲ្យកិច្ចការយោធា”។

ទាក់ទងការចោទប្រកាន់នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបដិសេធថាលោកមិនបាននិយាយដូចក្នុងរបាយការណ៍របស់ក្រសួងរតនាគាអាមេរិកនោះទេ ដោយលោកបានហៅរបាយការណ៍នោះថា គឺជាការចោទប្រកាន់ដែលខ្វះការពិត គ្មានមូលដ្ឋាន បំភ្លៃការពិត។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងប្រាប់រស្មីកម្ពុជាថា អ្វីដែលជាការចោទប្រកាន់ពីរឿងការអភិវឌ្ឍរបស់ឯកជនក្លាយទៅជាការអភិវឌ្ឍដោយមានការទិសដៅយោធា គឺជាការចោទប្រកាន់គ្មានុមូលដ្ឋាន និងប្រឌិតព័ត៍មានទាំងស្រុង។ ដូច្នេះការលើកឡើងនៃការធ្វើរបាយការណ៍នៃការចោទប្រកាន់ខុសពីអង្គហេតុទាំងអស់ និងជាការចោទប្រកាន់ខ្វះការពិត ខ្វះមូលដ្ឋាន ហើយវាអយុត្តិធម៌សម្រាប់កម្ពុជា។

ទាក់ទងករណីនេះប្រមុខការទូតកម្ពុជាលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានបញ្ជាក់សាជាថ្មីនូវគោលការណ៍រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា អំពីអព្យាក្រឹតភាពអចិន្ត្រៃយ៍ និងការមិនចូលបក្សសម្ព័ន្ធ ដែលមិនអនុញ្ញាតឱ្យកម្ពុជាមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ឬចូលរួមក្នុងសម្ព័ន្ធមិត្ត និងសន្ធិសញ្ញាយោធាណាមួយឡើយ។ការបញ្ជាក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានទី២៧ កិច្ច ប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយឥណ្ឌា ក្នុង ឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចៀសវាងការកាន់ជើងភាគីណាមួយក្នុងបរិបទនៃការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចនិងការធ្លាក់ក្នុងអន្ទាក់នៃការប្រកួតប្រជែងនេះ ដោយកម្ពុជាត្រូវចងចាំអំពីសោកនាដកម្ម ពីអតីតកាលដ៏សោកសៅ ដែលកម្ពុជាធ្លាប់ឆ្លងកាត់៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម