លោក​ញឹក​ប៊ុនឆៃ​ដាក់​របាយការណ៍​ជូន​សម្តេច​តេ​ជោ​អំពី​ការចុះពិនិត្យ​ទីតាំង​បើក​ច្រក​អូរ​នាង​

245
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក​ញឹក ប៊ុនឆៃ បានដាក់​របាយការណ៍ និង​ឯកសារ​គោរព​ជូន​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​អំពី​ការចុះ​ពិនិត្យមើល​ទីតាំង​ដែល​ស្នើសុំ​បើក​ច្រក​អូរ​នាង​។​ទីតាំង​នេះ​ស្ថិតនៅ​ភូមិ​អូរ​នាង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​។​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ឯកភាព​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ​នៅពេលដែល​ប្រជុំ​គណៈកម្មការ​ព្រំដែន​ដើម្បី​ធ្វើ​ការងារ​ជាមួយគ្នា​។


​លោក​ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១៧ ខែកញ្ញា ថា លោក​បានដាក់​របាយការណ៍​ជា​ផ្លូវ​ការជូន​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ពិនិត្យ​ទាក់ទង​ការស្នើសុំ​បើក​ច្រក​អូរ​នាង ដែល​ជាប់​ព្រំដែន​ថៃ ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ​។​ការស្នើ​បើក​ច្រក​នេះ គឺ​ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ចេញចូល​។​

​លោក​បន្តថា​លោក​បានដាក់​របាយការណ៍​ជា​ផ្លូវការ​អំពី​ការចុះទៅ​ពិនិត្យ​ផ្ទាល់​នៅ​ច្រក​អូរ​នាង​។​ការចុះទៅ​ពិនិត្យ​នេះ ដោយសារ​ការប្រជុំ​ឆមាស​ទី​២ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ គឺ​លោក​បាន​គោរព​រាយការណ៍​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន អំពី​សារៈសំខាន់​នៃ​ការបើក​ច្រក​អូរ​នាង ។​គឺ​ច្រក​អូរ​នាង​បើក​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ស្រុក​អូរជ្រៅ​បានធ្វើ​ដំណើរ​ចេញចូល​ដោយ​ស្រួល​។​ពីព្រោះ​ច្រក​នេះ​នៅ​ខាងជើង​ប៉ោយប៉ែត និង​នៅ​ខាងជើង​ផ្សារ​រុង​ក្លឿ​របស់​ថៃ ហើយ​ខាង​ភាគី​ថៃ​វិញ​បានធ្វើ​ផ្លូវ និង​ប៉ុស្តិ៍​រដ្ឋបាល នៅ​ច្រក​នោះ​រួចរាល់​អស់ហើយ​។​

​លោក​ញឹក​ប៊ុនឆៃ​បាន​បញ្ជាក់ថា​“​ការបើក​ច្រក​អូរ​នាង​នេះ​ដើម្បី​ធ្វើឱ្យមាន​ភាព​ធូរស្រាល​នៅ​ច្រក​ប៉ោយប៉ែត​បច្ចុប្បន្ន​ដែលមាន​ការកកស្ទះ​ចង្អៀត​ហើយ​ទុក​ច្រក​ប៉ោយប៉ែត​ជា​ច្រក​មួយ​សម្រាប់​ភ្ញៀវទេសចរ​ដើម្បី​ធ្វើដំណើរ​ចេញចូល​។​នាពេល​កន្លងមក​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​បើក​ច្រក​ស្ទឹង​បត់ សម្រាប់​រថយន្ត​ធំៗ​ចេញចូល​”​។


​លោក​បាន​បញ្ជាក់ទៀតថា ចំពោះ​ការស្នើ​បើក​ច្រក​ស្ទឹង​បត់​នេះ គឺ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​របា​ការណ៍ ឆមាស​ទី​២​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ឯកភាព​ឱ្យ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ​នៅពេលដែល​ប្រជុំ​គណៈកម្មការ​ព្រំដែន ដើម្បី​ធ្វើ​ការងារ​ជាមួយគ្នា​។​

​នៅ​ឆមាស​ទី​៤​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​លោក​បានដាក់​របាយការណ៍​ជូន​សម្តេច​តេ​ជោ​ពិនិត្យ​ក្នុង​ការបើក​ច្រក​អូរ​នាង ហើយ​លោក​បាន​រៀបរាប់​អំពី​សារៈសំខាន់ នៃ​ការបើក​ច្រក​អូរ​នាង សម្រាប់​ប្រជាជន​កម្ពុជា​។​ជាពិសេស​សម្រាប់​ការអភិវឌ្ឍន៍​នៅ​តំបន់​អូរជ្រៅ និង​ក្រុង​ប៉ោយប៉ែត តាម​បណ្តោយ​ផ្លូវ​ដែល​បានធ្វើ​ថ្មី​មាន​ពីរ​ផ្លូវ​គឺ​ផ្លូវ​៣០​ប្រវែង​១៦​គីឡូ​បានមក​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវ​៥០​ស្របគ្នា​ទៅ​ចំ​ច្រក​អូរ​នាង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម