សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​លោក ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដេ នាយករដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន​

191
ចែករម្លែក

មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើលិខិត​អបអរសាទរ​ជូន​ចំពោះ​លោក ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដេ នាយករដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន​។ លិខិត​អបអរសាទរ​របស់​តេ​ជោ ហ៊ុន សែន​ផ្ញើជូន​លោក​ស៊ូ​ហ្គា​យ៉ូ​ស៊ី​ហ៊ី​ដេ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​។​


​នៅក្នុង​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរថា “​តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​មាន​សេចក្តី សោមនស្ស​រីករាយ​សូម​សម្តែង​ការអបអរសាទរ​យ៉ាង​កក់ក្តៅ​បំផុត ក្នុងឱកាស​ដែល​ឯកឧត្តម​ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន​។​បន្ទាប់ពី​ទទួលបាន​ជ័យជំនះ​យ៉ាង​ភ្លូកទឹកភ្លូកដី ក្នុងការ​បោះឆ្នោត​ជា​ប្រធាន​ដឹកនាំ គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) កាលពី​ថ្ងៃទី​១៤ កញ្ញា ២០២០​។​

​ជ័យជំនះ​យ៉ាង​ត្រចះត្រចង់​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការគាំទ្រ​យ៉ាង​មុតមាំ​របស់​សមាជិក​គណ​បក្ស LDP ក៏ដូចជា​ទំនុកចិត្ត​របស់​ប្រជាជន​ជប៉ុន​ចំពោះ​ទស្សនៈវិស័យ​គោលនយោបាយ​និង​ភាពជា​អ្នកដឹកនាំ​របស់​ឯកឧត្តម ក្នុងការ​ជំនះ​ឱ្យបាន​នូវ​វិបត្តិ​កូ​វីដ​-១៩ និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក៏ដូចជា ការធានា​ឱ្យបាន​នូវ​អនាគត​របស់​ប្រទេស​ជប៉ុន​ប្រកបដោយ​សន្តិភាព និង​វិបុលភាព​។​

​ខ្ញុំ​ត្រៀមខ្លួន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម​ក្នុង​គោលបំណង​បន្ត​ពង្រឹង​និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិ​ជិតស្និទ្ធ​រវាង​កម្ពុជា និង​ជប៉ុន​បន្ថែមទៀត ដើម្បី​ផល ប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ ព្រមទាំង​ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក​។

​សូម​ឯកឧត្តម ទទួល​នូវ​ការ​រាប់អាន​ដ៏​ស្មោះស្ម័គ្រ​បំផុត​ពី​ខ្ញុំ និង​សូម​ជូនពរ ឯកឧត្តម សូម ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍ និង​ទទួលជោគជ័យ​នូវ​រាល់​គ្រប់​ភារកិច្ច​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​”​។​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ បានបង្ហាញ​រូបភាព​គណៈ​រដ្ឋ មន្ត្រី ថ្មី ដឹ​ដឹកនាំ​ដោយ​លោក ស៊ូ​ហ្គា យ៉ូ​ស៊ី​ហី​ដេ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន​។​

លោក ស៊ូ​ហ្គា យ៉ូ​ស៊ី​ហី​ដេ ត្រូវបាន​សភា​បោះឆ្នោត​គាំទ្រ​ឲ្យ​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​។​លោក​ស៊ូ​ហ្គា​យ៉ូ​ស៊ី​ហ៊ី​ដេ​(SugaYoshihide)​ត្រូវ​សភា​ជប៉ុន​បោះឆ្នោត​គាំទ្រ​ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី​ហើយ​បន្ទាប់ពី​ការប្រកាស​លាលែង​ចេញពី​តំណែង​ជា​ផ្លូវការ​របស់លោក​អា​បេ​ស៊ីន​ហ្សូ​កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​។​

​គួរ​បញ្ជាក់ថា លោក អា​បេ ស៊ីន​ហ្សូ បានប្រកាស​លាលែង​ចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​ជប៉ុន ជា​ផ្លូវការ​ព្រមទាំង​បានសម្រេច​រំលាយ​គណៈរ​ដ្ឋ​មន្ត្រី​ផងដែរ​ដើម្បី​ត្រួស​ត្រាយផ្លូវ​ឲ្យ​អ្នក​បន្តវេន​ពី​លោក ឡើងមក​ដើម្បី​ទទួល​ការគាំទ្រ​ពី​សភា​និង​រៀបចំ​រដ្ឋាភិបាល​ថ្មី​។​នៅក្នុង​សេចក្តីប្រកាស​លាលែង​ចេញ​ពី​តំណែង​ជា​ផ្លូវការ នៅ​ចំពោះមុខ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នេះ លោក អា​បេ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​លះបង់​ដួងព្រលឹង និង​រូប​កាយ​របស់ខ្ញុំ ស្តា​វិស័យសេដ្ឋកិច្ច និង​ការទូត​ឡើងវិញ ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាជន​ជប៉ុន​នៅ​គ្រប់ពេលវេលា​ទាំងអស់​ចាប់តាំងពី​យើង​បាន​ត្រឡប់មក​កាន់អំណាច​វិញ​»៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម