រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ដង្ហែ​សំពៅ​មាស ប្រាក់ និង​សំពៅ​ទេព​និមិត្ត បណ្តែត​សែន​ជូន​ដូនតា​

227
ចែករម្លែក

ដោយ​៖ ទេ​ពក​ង្រី /
​កំពង់ឆ្នាំង​៖
រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បាន​ប្រារព្ធ​ពិធី​ដង្ហែ សំពៅ​មាស សំពៅ​ប្រាក់ និង​សំពៅ​ទេព​និមិត្ត របស់​រដ្ឋបាលខេត្ត និង សំពៅ​ទេព​និមិត្ត របស់​ព្រះគ្រូ ឆន ឆុង ព្រះ​អនុគណ​ស្តីទី ក្រុង​កំពង់ឆ្នាំង យកទៅ​បណ្តែត សែន​ជូន​ដូនតា នៅ​មាត់ទន្លេ ផែ​ដើម​ពោធិ៍ ផ្សារ​ក្រោម វិលត្រឡប់​ទៅ​ស្រុក​វិញ ក្រោយពី​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ រយៈពេល ១៥ ថ្ងៃ​រួចមក ។​

​ពិធី​នេះ បាន​ប្រព្រឹត្តទៅ នៅ​រសៀល ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង លោក ឈួ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង និង​លោកស្រី ឈឹម ស្រីមុំ ។​

​ពិធីបុណ្យ​សែន ជូន​ដំណើរ​ដូនតា ក្រោយ​បញ្ចប់​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នេះ ត្រូវបាន​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ប្រារព្វ​ធ្វើឡើង រយៈពេល ២ ថ្ងៃ គឺ​ចាប់​រសៀល​ថ្ងៃ​១៥ រោច ខែភទ្របទ ជា​ថ្ងៃទី​១ គឹ​ជួបជុំ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ធ្វើ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ចម្រើន​សិរី​សួស្តី​ជ័យ​មង្គល និង បួងសួង​ដល់​បារមី​ស័ក្តិ​សិទ្ធ នៅ​ទូទាំង​ខេត្ត ជា​ពិ​សេ​លោកយាយ​ទេព ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ដល់​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្ត ដើម្បី​រួមគ្នា​អភិវឌ្ឍន៍ ខេត្តកំពង់ឆ្នាំង និង​លើក​កំពស់​កំរិតជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ កាន់តែ​មាន​ភាព​ធូរធារ ថែម​មួយកំរិត​ទៀត​។

​លុះដល់​ថ្ងៃ​១ កើត​ខែអស្សុជ ដែលជា​ថ្ងៃទី​២ នៅពេល​រសៀល លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង និង លោកស្រី រួម​នឹង​អភិបាលរង​ខេត្ត ព្រមទាំង​មានការ​ចូលរួម ពី​សំណាក់​អស់លោក លោកស្រី ដែលជា​សមាជិក សមាជិក​កា ក្រុមប្រឹក្សា​ខេត្ត ប្រធាន អនុប្រធាន មន្ទីរ​អង្គ​ភា​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង ថ្នាក់ដឹកនាំ​សង្កាត់​
​ទាំង​៤ និង ប្រជាពលរដ្ឋ បានរៀបចំ​ពិធី​ដង្ហែ​សំពៅ និង​បណ្តែត​សំពៅ​មាស សំពៅ​ប្រាក់ និង សំពៅ​ទេព​និមិត្ត ដែល​ធ្វើ​ពិធី​ដង្ហែ ចេញពី​អាសនៈ​លោកយាយ​ទេព ស្ថិតក្នុង​វត្ត​ទេពធីតា​រាម ហៅ​វត្ត​យាយ​ទេព ឆ្ពោះទៅ​មាត់ទន្លេ ផែ​ដើម​ពោធិ៍​ផ្សារ​ក្រោម ទល់មុខ​ភ្នំ​នាង​ក​ង្រី​។​

​ពិធី​សែន​ជូន​ដំណើរ​ដូនតា ជា​ពិធី​មួយ​ដែល​ប្រជាពលរដ្ឋ តែងតែបាន​ធ្វើឡើង នៅ​ថ្ងៃ​បញ្ចប់ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ រយៈពេល​១៥​ថ្ងៃ ប្រជាពលរដ្ឋ​ខ្មែរ មិនដែល​បំភ្លេច​ទេ នូវ​ពិធី​សែន​ជូន​ដំណើរ ជីដូន​ជីតា​នេះ​។ នៅក្នុង​ពិធី​នេះ ប្រជាពលរដ្ឋ បាន​ធ្វើជា​កន្ទោង ឬ​កាត់​ស្រទបចេក ចង​ក្បាល និង​កន្ទុយ ធ្វើជា​ទូក ដែលមាន​ដាក់​សំណែន ដូចជា ប្រហុក ផ្អក អំបិល អង្ករ សណ្តែក ល្ងរ លុយ និង​គ្រឿង​សំណែន​ផ្សេងៗ​ទៀត ដែល​ដាក់​ជា​កញ្ចប់​តូចៗ និង​មាន​ដុត​ទៀន ធូប​ភ្ជាប់​ជាមួយ​ការ​បួងសួង​ផងដែរ​។​

​បើទោះបីជា​ពិធី​នេះ គេ​សង្កេតឃើញ ប្រជាពលរដ្ឋ តាម​ស្រុកភូមិ​នីមួយៗ​បានធ្វើ​ឡើង ស្ទើរ​គ្រប់​ទីកន្លែង​ក៏ដោយ ប៉ុន្តែ​ពិធី​នេះ មិនមែនជា​ពិធី​របស់ ព្រះពុទ្ធសាសនា​ទេ ហើយក៏​មិនមាន​ចែង នៅក្នុង​តម្រា ឬ​ព្រះ​ត្រៃបិដក​ដែរ​។​

​ជា​រៀងរាល់ឆ្នាំ គឺ​មួយថ្ងៃ​បន្ទាប់ពី ពិធី​ឆ្លងបុណ្យ​ភ្ជុំបិណ្ឌ គេ​តែងតែ​សង្កេតឃើញ ប្រារព្ធ​ធ្វើ ពិធី​ជូន​ដំណើរ​ដូនតា មាតាបិតា ញាតិ​ការ ទាំង ៧ សន្តាន ទៅកាន់​បរម​ស្ថាន របស់​ពួកគាត់​វិញ បន្ទាប់ពី​បានធ្វើ​ដំណើរ​មកកាន់ ឋានកណ្តាល​យើង​នេះ ដើម្បី​ទទួលយក អាហារ​ចំណី ដែល កូនចៅ ធ្វើបុណ្យ​ឧទ្ទិស​ជូន នៅក្នុង​រដូវ​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ រយៈពេល ១៥ ថ្ងៃ ពីថ្ងៃ​១ រោច ដល់​ថ្ងៃ ១៥ រោច ខែភទ្របទ ។​

​សូមបញ្ជាក់ថា ពិធី​ជូន​ដំណើរ​ដូនតា​នេះ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ក្រោម​ការដឹកនាំ​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង តែងតែបាន​ប្រារព្វ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ ពុំដែល​អាក់ខាន​ឡើយ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​បុព្វ​ការ​រី​ជន ដែល​បាន​ចែក​ឋាន ទៅហើយនោះ មក​ទទួល​មគ្គផល​ទាំងនេះ ងាកក្រោយ​ឲ្យ​ពរជ័យ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់​ថ្នាក់ និង ប្រជាពលរដ្ឋ ទទួលបាន​នូវ សេចក្តីសុខ​សេចក្តីចម្រើន ជា​រៀងរហូត​ទៅ ហើយក៍​មានការ​បាញ់​កាំជ្រួច ជាការ​ជូន​ដំណើរ​ដូនតា ត្រឡប់​ទៅ​ស្រុក​វិញ​ផងដែរ ៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម