ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​៖”​ការចោទប្រកាន់​របស់​អាមេរិក​រឿង​មូលដ្ឋាន​យោធា​ចិន​មិនមាន​អ្វី​ចម្លែក​ទេ​”

304
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​ភ្នំពេញៈ​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​បាន​ឆ្លើយតប​ទៅ​និង​ការចោទប្រកាន់​របស់​ក្រសួង​រតនាគារ​អាមេរិក​លើ​កម្ពុជា​និង​ក្រុមហ៊ុន​ចិន UnionDevelopmentGroup​គឺ​មិនមាន​អ្វី​ចម្លែក​ហើយក៏​មិនមាន​អ្វី​ថ្មី​ដែរ​ក្រៅតែពី​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​។​

ការឆ្លើយតប​របស់រ​ដ្ឋ​មន្ត្រី​ការពារជាតិ​កម្ពុជា​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​រតនាគារ​អាមេរិក​បានចេញ​របាយការណ៍​អំពី​ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​UnionDevelopmentGroup​ដែល​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​តារា​សាគរ​ខេត្តកោះកុង​។​ដោយបាន​ចោទប្រកាន់​ក្រុមហ៊ុន​មួយ​នេះ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​។​នៅក្នុង​របាយការណ៍​នោះបាន​សម្រង់​សម្តី​លោក​ផៃ​ស៊ី​ផាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ថា​“​តំបន់​តារា​សាគរ​អាច​នឹងត្រូវ​បាន​ប​ម្លែ​ង​ទៅជា​កន្លែង​សម្រាប់​បម្រើឱ្យ​កិច្ចការ​យោធា​”​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកញ្ញា​ឆ្នាំ​២០២០​នេះ​ថា ការចោទប្រកាន់​របស់​សហរដ្ឋអាមេរិក​មក​លើ​កម្ពុជា គឺ​មិនមាន​អ្វី​ចម្លែក​ទេ ។​ការចោទប្រកាន់​នេះ អាមេរិក​ចោទប្រកាន់​ជា​បន្ត​បន្ទាប់ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ រហូត​ទៅដល់​ក្រុមហ៊ុន​UnionDevelopment​ក៏​រង​នូវ​ការចោទប្រកាន់​ដែរ​។​ដោយសារ​អាមេរិក​យល់​ថា​មិនមាន​ផលប្រយោជន៍​អ្វី​សម្រាប់​គេ​គឺ​អាមេរិក​តែងតែ​ចោទប្រកាន់​បែបនេះហើយ​គឺ​គ្មានអ្វី​ចម្លែក​ទេ​។

​សម្តេច​បាន​យល់ច្បាស់​ណាស់​ចំពោះ​កិច្ចការងារ​នេះ​ដោយសារ​អ្នកធ្វើ​ការវិនិយោគ​អភិវឌ្ឍន៍​ដែល​នាំមក​នូវ​ការរីកចម្រើន​ដល់​ប្រទេស​និ​មួយៗ​ដែល​ជាទី​មិន​ពេញចិត្ត​របស់​អាមេរិក​។​អាមេរិក​តែងតែ​ចោទប្រកាន់ថា​ធ្វើ​ដើម្បី​កិច្ចការ​នេះ​កិច្ចការ​នោះ​ជាដើម​។​រឿងនេះ​អាមេរិក​តែងតែ​ធ្វើជា​បន្ត​បន្ទាប់មក រឿងនេះ​មិនមែនជា​រឿង​ថ្មី​ទេ ទោះជា​ចេញ​ក្រឡាសារ​ថ្មី​មកនេះ​។

​ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​បាន​បញ្ជាក់ថា អ្វីដែល​សហរដ្ឋអាមេរិក​ចោទប្រកាន់​មកលើ​កម្ពុជា និង​ក្រុមហ៊ុន Union Development Group របស់​ចិន វា​គ្មានអ្វី​ក្រៅពី​ភូមិសាស្ត្រ​នយោបាយ​នោះទេ ។​ដោយ​គេ​បានដឹង​បានលឺ​ទាំងអស់គ្នា​ហើយ​គឺ​រឿងនេះ​វា​មិនមាន​អ្វី​ក្រៅពី​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​។​
​ទាក់ទង​ការចោទប្រកាន់​របស់​អា​មេ​រិ​ក​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បដិសេធ​ច្រានចោល​ចំពោះ​របាយការណ៍​របស់​ក្រសួង​រតនាគា​អាមេរិក គឺជា​ការចោទប្រកាន់​ដែល​ខ្វះ​ការពិត គ្មាន​មូលដ្ឋាន បំភ្លៃ​ការពិត​ខុសពី​អង្គហេតុ​។​ជាមួយនេះ​មាន​និន្នាការ​នយោបាយ​ច្រើនជាង​ការពិតហើយ​គេ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ជាមួយ​ចិន​មិនគួរ​យក​ខ្មែរ​ទៅ​ឡូកឡំ​នៅក្នុង​រឿងនេះ​ទេ ។

​លោក​ផៃ​ស៊ី​ផាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធថា​លោក​មិនបាន​និយាយ​ដូច​ក្នុង​របាយការណ៍​របស់​ក្រសួង​រតនាគា​អាមេរិក​នោះទេ ដោយ​លោក​បាន​ហៅ​របាយការណ៍​នោះ​ថា គឺជា​ការចោទប្រកាន់​ដែល​ខ្វះ​ការពិត គ្មាន​មូលដ្ឋាន បំភ្លៃ​ការពិត​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា​អ្វីដែល​ជាការ​ចោទប្រកាន់​ពី​រឿង​ការអភិវឌ្ឍន៍​របស់​ឯក​ជន​ក្លាយទៅជា​ការអភិវឌ្ឍន៍​ដោយ​មានការ​ទិសដៅ​យោធា​គឺជា​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​និង​ប្រឌិត​ព័ត៌មាន​ទាំងស្រុង​។​ដូច្នេះ​ការលើកឡើង​នៃ​ការធ្វើ​របាយការណ៍​នៃ​ការចោទប្រកាន់​ខុសពី​អង្គហេតុ​ទាំងអស់​និង​ជាការ​ចោទប្រកាន់​ខ្វះ​ការពិត​ខ្វះ​មូលដ្ឋាន​ហើយ​វា​អយុត្តិធម៌​សម្រាប់​កម្ពុជា​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម