ទិដ្ឋភាព​ដ៏​កម្រ​បានឃើញ​! បក្សី​ចចាត​ឈ្មោល​ហើរ​ទៅ​ជួយ​មី​ញី​បញ្ជូន​ចំណី​ទៅ​ឱ្យ​កូនៗ​

237
ចែករម្លែក

​ប្ដី​ល្អ​តែងតែ​ដឹង​ទុក្ខ​ធុរៈ និង​ចេះ​ជួយ​ការងារ​ប្រពន្ធ​ដើម្បី​ភាព​សុខដុម​ក្នុង​ក្រុមគ្រួសារ ហើយ​បក្សី​ឈ្មោល​មួយ​ក្បាល​នេះ​ហាក់​ចេះ​ជួយ​ដៃគូ​ញី​របស់​វា​មិន​ឱ្យ​ចាញ់​មនុស្ស​ឡើយ​។​

​រូបភាព​ដែល​ថត​បាន​យ៉ាង​ល្អ​ឥតខ្ចោះ​នេះ​បង្ហាញ​ពី​សកម្មភាព​បក្សី​ចចាត (kingfisher) ឈ្មោល​ហោះហើរ​ទៅ​ជួយ​មី​ញី​បញ្ជូន​ចំណី​ទៅ​ឱ្យ​កូនៗ​របស់​ពួក​វា​ដែល​កំពុង​រង់ចាំ ព្រោះ​ខ្លាច​ជ្រុះ​បាត់​តាមផ្លូវ​។​

​ទិដ្ឋភាព​ដ៏​រហ័ស​មួយប៉ប្រិចភ្នែក​នេះ​ត្រូវបាន​អ្នកស្រី ដាយ​អាណា ណៃ (Diana Knight) ដែលជា​អ្នក​ថត​សត្វព្រៃ​មិនមែន​អាជីព​ថត​បាន​ដោយ​ចៃដន្យ​។ ស្ត្រី​ចូលនិវត្តន៍​រូបនេះ​បាន​ពួន​នៅ​ជិត​ស្រះ​ទឹក​ពេញ​មួយ​យប់​ចាំ​ថត​ភេ​មួយ​ហ្វូង​ជិត​សង្កាត់​ប៊​ន (Bourne) តំបន់​លីន​ខុន​សៀ (Lincolnshire) ប្រទេស​អង់គ្លេស​។​

​នៅ​ពេល​មេឃ​ភ្លឺ ហើយ​ហ្វូង​ភេ​មិន​បាន​បង្ហាញខ្លួន អ្នកស្រី ដាយ​អាណា ក៏​រៀបចំ​ច្រក​ជើង​កាមេរ៉ា​បម្រុង​នឹង​ចាកចេញ​ពី​ទីនោះ​។ ប៉ុន្តែ​រំពេច​នោះ​ស្រាប់តែ​ពន្លឺ​ពណ៌​ខៀវ​ហោះ​កាត់​ភ្នែក​របស់​គាត់ ហើយ​គាត់​​ក៏​ប្រញាប់​ទាញ​កាមេរ៉ា​ថត​ផ្ដិត​បាន​ទិដ្ឋភាព​ដ៏​កម្រ​នេះ​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម