រាប់ពាន់​នាក់​ជួបជុំ​នៅ​ក្រុង​បាងកក​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​និង​អំពាវនាវ​អោយ​កែ​ទំរង់​របបរាជានិយម​

442
ចែករម្លែក

​មនុស្ស​រាប់ពាន់​នាក់​បាន​មកជួបជុំ​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​សៅរ៍​ទី​១៩​កញ្ញា ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ធំ​បំផុត​ចាប់តាំងពី​ជំងឺ​កូវី​ដ​១៩​វាយប្រហារ​ព្រះរាជាណាចក្រ​នេះ​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា ដឹកនាំ​ដោយ​និស្សិត​សកល​វិទ្យាល័យ និង​សកម្មជន​នយោបាយ​មក​ពី​ផ្នែក​ផ្សេងៗ​ក្នុងប្រទេស បាន​ចូល​កាន់កាប់​ទីលាន​សា​ណា​ម​លួង នៅជាប់​នឹង​ព្រះបរមរាជវាំង​ក្នុង​ក្រុង​បាងកក​។​​ពួកគេ​បាន​សន្យា​នៅ​ទីនោះ​ពេញ​មួយ​យប់​និង​ដង្ហែ​ញត្តិ​ទៅកាន់​ការិយាល័យ​រដ្ឋាភិបាល​មួយ​នៅ​ថ្ងៃអាទិត្យ​។​

​មនុស្ស​ប្រមាណ​៣០.០០០​នាក់​បាន​ចូលរួម​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍​។​

​បាតុកម្ម​កាលពី​ចុង​សប្តាហ៍ ជា​ការជួបជុំ​ចុងក្រោយ​មួយ​ក្នុងចំណោម​ការជួបជុំ​ជា​បន្តបន្ទាប់​ដើម្បី​ប្រឆាំង​រដ្ឋាភិបាលចំរុះ​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន​អូ​ចា ដែល​ពួក​អ្នក​រិះគន់​ថា​បន្ត​កាន់​​អំណាច​ពី​រដ្ឋាភិបាល​យោធា ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​គាំទ្រ​យោធា​និង​រាជានិយម​មួយ ដែល​សរសេរ​ឡើង​ដោយ​ក្រុម​យោធា​។​

​មិន​ដូច​ការប្រឆាំង​តវ៉ា​មួយ​ឆា​វៗ​កាលពី​មុន​ទេ ពួក​សកម្មជន​និយាយថា ពួកគេ​មាន​ផែនការ​អង្គុយ​តវ៉ា​ពេញ​២៤​ម៉ោង​តែ​ម្តង​នៅពេលនេះ​។​

​ដឹកនាំ​ដោយ​ក្រុមនិស្សិត​ឈ្មោះថា រណសិរ្ស​ធ​ម្មាសា​ត​និង​បាតុកម្ម​(UFTD) ពួក​បាតុករ​កំពុង​ទាមទារ​អោយ​កែ​ទំរង់​របបរាជានិយម​ដ៏​មាន​ទ្រព្យធន​និង​ឥទ្ធិពល​របស់​ថៃ​។​ក្នុង​បាតុកម្ម​កាលពី​ថ្ងៃ​១០​សីហា​​ក្រុម UFTD​នេះ​បាន​ដាក់សំណើ​កែ​ទំរង់​១០​ចំណុច រួម​មាន​កាត់បន្ថយ​ថវិកា​សំរាប់​ព្រះបរមរាជវាំង និង​កុំ​លើក​តំកើង​ស្តេច​ហួសហេតុ​។​

​និស្សិត​វ័យ​២១​ឆ្នាំ​មក​ពី​សកល​វិទ្យាល័យ ធម្មា​សាត ដែល​បាន​ចូលរួម​បាតុកម្ម​បាន​និយាយថា សំណើ​១០​ចំណុច​នេះ​មាន​បំណង​ធ្វើអោយ​របប​រាជានិយម​រឹងមាំ​នៅ​ពេល​អនាគត​។​តែ​សំណើ​នេះ​បាន​បង្ក​​កំហឹង​ក្នុងចំណោម​ពួក​រាជានិយម ដែល​ចាត់ទុក​របប​រាជានិយម​ជា ស្ថាប័ន​មិន​អាច​ប៉ះពាល់​បាន​។​

​បាតុកម្ម​នេះ​ត្រូវបាន​រៀបចំឡើង​ចំ​ពេល​នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន​អូ​ចា កំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។​សេដ្ឋកិច្ច​ថៃ​ត្រូវ​គេ​ប៉ាន់ស្មាន​ថា​នឹង​ដើរ​ថយក្រោយ​ដល់​ទៅ​៨,១​ភាគរយ​នៅ​ចុងឆ្នាំ​នេះ ហើយ​​នាយករដ្ឋមន្ត្រី នៅ​កំពុង​ស្វែងរក​មនុស្ស​មក​បំពេញ​កៅអី​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ដែល​នៅ​ទំនេរ​នៅឡើយ​។​ឱនភាព​ដ៏​ខ្លាំង​និង​ភាព​អត់​ការងារ​ធ្វើ​ដ៏​ធំ​ដែល​កំពុង​លេចឡើង​ស្ទុងៗ​នាំ​ដល់​ការ​ពិនិត្យពិច័យ​លើ​​របៀប​នៃ​ការចំណាយ​ប្រាក់​ពន្ធ​។​

​ក្នុង​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍ ក៏​រួម​មាន​សកម្មជន​ក្រុម​អាវ​ក្រហម ដែល​បាន​ដើរ​តួនាទី​សំខាន់​មួយ​នៅក្នុង​ជម្លោះ​នយោបាយ​តំណាង​ដោយ​ពណ៌​កាលពី​អតីតកាល​នៅក្នុង​ព្រះរាជាណាចក្រ​នេះ​។​

​និស្សិត​ម្នាក់​បាន​និយាយថា «​ពួកគេ​ចូលរួម​ជាមួយ​យើង​ដោយសារ​មាន​មនោគមវិជ្ជា​ដូចគ្នា គឺ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​»​។​ចំណែក​អ្នកគាំទ្រ​ក្រុម​អាវ​ក្រហម​អាយុ​៦០​ឆ្នាំ​ម្នាក់​បាន​និយាយថា​«​ពួក​​និស្សិត​ចេញ​មក​តវ៉ា ដោយសារ​តែ​ពួក​អាវ​ក្រហម​នៅ​មិនទាន់​សំរេច​គោលដៅ​របស់​ខ្លួន​»៕​ប្រែ​សម្រួល​៖​វាសនា​

​បាតុករ​ថៃ​រាប់ពាន់នាក់ ជួបជុំគ្នា​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​១៩​កញ្ញា ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​និង​ទាមទារ​អោយ​កែ​ទំរង់​របបរាជានិយម

ទីតាំងផ្សាយពាណិជ្ជកម្ម