ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សោកស្តាយ​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន យូ​ញៀន ឌី​វេឡុ​ប​មេន​

149
ចែករម្លែក

​ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​មានកា​រ​សោកស្តាយ​ជាទីបំផុត​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សាយ​ថា ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក បានសម្រេច​ចិត្ត​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន យូ​ញៀន ឌី​វេឡុ​ប​មេន គ្រុប ខូ អិ​ល​ធី​ឌី (UDG) ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍ មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​បុ​ទុម​សាគរ​និង​ស្រុក​គី​រី​សាគរ​ខេត្តកោះកុង​ក្រោម​ហេតុផល​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ទាល់តែសោះ​។

​ជុំវិញ​ហេតុផល​ដែលនាំឱ្យ​ក្រសួង​រតនាគារ​របស់​សហរដ្ឋអាមេរិក​សម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន UDG នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សូម​ធ្វើការ​គូសបញ្ជាក់​ដូចខាងក្រោម​៖១.​ករណី​ដែល​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក​អះអាងថា​ក្រុមហ៊ុន​UDG​ជា​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន​នោះ​គឺ​មិន​ស្របទៅនឹង​ឯកសារ​តម្កល់ទុក​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ទេ​។

​តាម​ឯកសារ តម្កល់ទុក​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុន UDG ជា​ក្រុមហ៊ុន​បរទេស ដែលមាន វិញ្ញាបនបត្រ E/2008 ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លេខ INV.1323 មាន​ភាគហ៊ុន ១០០% កាន់កាប់​ដោយ​ក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​ចិន​។

​ក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd ជា​ក្រុមហ៊ុន​ឯកជន​សុទ្ធសាធ ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៥​នៅ​ទីក្រុង​ធាន​ជី​ង​ប្រទេស​ចិន​ដែលមាន​ជំនាញ​លើ​ផ្នែក​វិនិយោគ អចលនទ្រព្យ​។ ជាក់ស្ដែង មុនពេល​មក​បណ្តាក់ទុន​នៅ​កម្ពុជា ក្រុមហ៊ុន Tianjin Union InvestmentDevelopmentGroupCo.,Ltd​បាន​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ប្រកបដោយ​ជោគជ័យ​លើ​ផ្នែក​អចលនទ្រព្យ​នៅលើ​កោះ​ហៃ​ណាន ប្រទេស​ចិន​។​

​ក្រុមហ៊ុន UDG បាន​លើក​សំណើសុំ​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​លំហែកាយ​មាត់ សមុទ្រ មក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០០៨​។ ឆ្លងតាម​ការពិនិត្យ​សិក្សា ស្រាវជ្រាវ និង​ការពិភាក្សា​ក្នុង​អង្គប្រជុំ “​ច្រកចេញ​-​ចូល​តែមួយ ” ជា​បន្តបន្ទាប់​រួចមក ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា​បាន​សរុប​មតិ​សុំ​ការពិនិត្យ​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ធ្វើកា​រវិ​និ​យោត​តាម​សំណើ​។​ដូច្នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានចេញ​វិញ្ញាបនបត្រ ចុះបញ្ជី ជា​ស្ថាពរ​លេខ​១៥៣០៨ ត​. ក ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០០៨​។​

២- ករណី​ផ្តល់​ទីតាំង​មាន​ទំហំ​លើសពី ១០ .០០០​ហិកតា​។ ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​បាន អះអាងថា​ការផ្តល់​ទីតាំង​ជូន​ក្រុមហ៊ុន UDG ធ្វើការ​អភិវឌ្ឍ​មាន​ទំហំ​លើសពី​ចំនួន​ដី​សម្បទាន​ដែល ច្បាប់​កំណត់​។ ជាការ​ពិត ច្បាប់​ភូមិបាល​មិន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ណាមួយ​ទទួលបាន​ដី​សម្បទាន លើសពី ១០.០០០​ហិកតា​ឡើយ ប៉ុន្តែ​គម្រោង​របស់​ក្រុមហ៊ុន UDG នេះ ពុំមែន​ជា​ករណី​ទទួលបាន ដី​សម្បទាន​សេដ្ឋកិច្ច​ទេ​។
​ករណីនេះ​ជាការ​ជួល​ទីតាំង​ដែល​ពុំមាន​ច្បាប់​ណាមួយ​កំណត់​ពី​ទំហំ អតិបរមា​ឡើយ​។ ដូចនេះ ការជួល​ទីតាំង​ឱ្យ​ក្រុមហ៊ុន​UDG​ក្នុង​ទំហំ​លើសពី​១០.០០០​ហិកតា​នេះ​ពុំមែន​ជាការ​អនុវត្ត​ខុសច្បាប់​ទេ​។ ក្នុង​ការជួល​ទីតាំង​នេះ រាជរដ្ឋាភិបាល​បាន​គោរព​និង​អនុវត្ត ស្របតាម​ច្បាប់ បទ​ប្បញ្ញត្តិ និង​នីតិវិធី​ជា​ធរមាន​។​

៣- ករណី​ចោទប្រកាន់ថា ក្រុមហ៊ុន UDG បាន​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ពី​ដី​របស់ខ្លួន​។ ទីតាំង វិនិយោគ​របស់​ក្រុមហ៊ុន UDG គឺជា​ផ្នែក​មួយ​នៃ​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ដែលជា​ទ្រព្យសម្បត្តិ សាធារណៈ​របស់​រដ្ឋ​។ ដោយ​ផ្អែក​តាមច្បាប់ ទីតាំង​ឧទ្យាន​ជាតិ​នេះ ពុំ​អាចមាន​បុគ្គល​ណា​ម្នាក់ មាន​សិទ្ធិ​កាន់កាប់ និង​អាស្រ័យ​ផល​បានឡើយ​។​

​ប៉ុន្តែ​ជាក់ស្តែង​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បានរស់នៅ​និង​អាស្រ័យ​ផល​នៅលើ​ទីតាំង​ដែល​ត្រូវបាន​ជួល​ឱ្យ​ក្រុមហ៊ុន​UDG​វិនិយោគ​។​ក្នុង​ស្មារតី​តិ​ត​គួរ​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ​កិច្ចសន្យាជួល​ទីតាំង​វិ​និ​យោត​នេះ​ត្រូវបាន​រៀបចំឡើង​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​។​ក្នុងនោះ​បានដាក់​ឆ្លង​កិច្ចប្រជុំ​អន្តរក្រសួង​ជាច្រើនលើក​ច្រើនសារ​ដើម្បី​កំណត់​យន្តការ​និង​នីតិវិធី​។​

​ដោះស្រាយ​មួយ​ដ៏​ត្រឹមត្រូវ​ជាមួយ​ប្រជាពលរដ្ឋ​ទាំងនោះ​ដោយ​ជៀសវាង​ការ​បង្ខិត​ប​ង្ខិ​ណាមួយ​។​ជាក់ស្តែង​បន្ទាប់ពី​កិច្ចសន្យាជួល​ទីតាំង​វិនិយោគ​ត្រូវបាន​ចុះហត្ថលេខា​រួច​ក្រុមការងារ​អន្តរក្រសួង​មួយ​ត្រូវបាន​បង្កើតឡើង សម្រាប់​ធ្វើជា​យន្តការ​ដោះស្រាយ ទីតាំង​ជូន​ប្រជាពលរដ្ឋ​ខាងលើ​។

​ក្រុមការងារ​អន្តរក្រសួង​នេះ​បាន​ចុះ​ស្រង់​ស្ថិតិ សិក្សា​លើ​គ្រប់ ទិដ្ឋភាព​ទាំងអស់ មុន​នឹងធ្វើ​របាយការណ៍​សុំ​ការពិនិត្យ​និង​សម្រេច​ពី​រាជរដ្ឋាភិបាល​។​ជារួម​ការដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​ទីតាំង​ជួល ត្រូវបាន​អនុវត្តតាម​គោលការណ៍ ស្ម័គ្រចិត្ត សន្តិវិធី ដោយ​គ្មាន​ការបង្ខិតបង្ខំ និង​ស្របតាម​ខ្លឹមសារ​ទាំងស្រុង​នៃ​កិច្ចសន្យា​។​

៤- ករណី​ចោទប្រកាន់ថា ការអភិវឌ្ឍន៍​នេះ​បាន​បំផ្លិចបំផ្លាញ​បរិស្ថាន​។ ក្នុង​កិច្ចដំណើរការ​អនុវត្ត ត​ម្រោ​ង​វិនិយោគ ក្រុមហ៊ុន UDG ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ប្លង់​មេ កម្មវិធី​អភិវឌ្ឍន៍ និង របាយការណ៍​ស្តីពី​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន (EIA) ដែល​ទទួលបាន​ការឯកភាព​ពី​ក្រសួង បរិស្ថាន​។ ប្លង់​មេ និង​កម្មវិធី​អភិវឌ្ឍន៍​ដែល​ក្រុមហ៊ុន UDG ត្រូវអនុវត្ត​នេះ​ត្រូវបាន​ពិនិត្យ​ពិភាក្សា និង​សម្រេច​យ៉ាង​ត្រឹមត្រូវ​តាមរយៈ​កិច្ចប្រជុំ​អន្តរក្រសួង ដែលមាន​ការចូលរួម​ពី​តំណាង​គ្រប់​ក្រសួង ស្ថាប័ន​ជំនាញ បន្ទាប់ពី​ការវិភាគ​សិក្សា និង​វាយតម្លៃ​យ៉ាង​ហ្មត់ចត់​និង​ច្បាស់លាស់ ។

​លើសពីនេះ បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ឱ្យធ្វើ​ការវិនិយោគ ក្រុមហ៊ុន UDG នៅ​បន្ត​មាន​កាតព្វកិច្ច​ក្នុងការ​ផ្តល់នូវ​របាយ​ការណ៍​សកម្មភាព​លម្អិត​ពី​ការអភិវឌ្ឍ​នានា​នៃ​គម្រោង​វិនិយោគ​របស់ខ្លួន​ស្របតាម​ប្លង់​មេ ជូន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ធ្វើការ​ពិនិត្យ វាយតម្លៃ និង​តាមដាន​ជាប្រចាំ ដើម្បី​ធានាថា ការអនុវត្ត​គម្រោង​អនុលោម​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ។​ជាមួយនេះ​គណៈកម្មការ​អន្តរក្រសួង​បានកំណត់​កម្មវិធី​ចុះ​ពិនិត្យ​ដល់ទី​តាំង​ផ្ទាល់​ការអនុវត្ត​គម្រោង​របស់​សាមី​ក្រុមហ៊ុន​នៅ រៀងរាល់​៦​ខែម្តង​។​

៥- ការចោទប្រកាន់ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន UDG អាច​នឹង​ត្រូវបាន​ប្រើប្រាស់​ជា​មូលដ្ឋាន យោធា + យោងតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន​មូលដ្ឋាន​កងទ័ព​បរទេស​ណាមួយ អាច​ត្រូវបាន​បង្កើត​នៅ​កម្ពុជា​ឡើយ ទោះជា​មូលដ្ឋាន​កងទ័ព​ចិន អាមេរិក ឬ​ប្រទេស​ណាមួយ​ក៏ ដោយ ។ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់បាន​បដិសេធ​ជាច្រើនលើក​ច្រើនសារ​រួចហើយ​ដែរ ចំពោះ ព័ត៌មាន​ដែលថា កម្ពុជា​អាច​ទទួលយក​កងទ័ព​បរទេស​មកឈរ​ជើង​នៅក្នុង​ទឹកដី​របស់ខ្លួន​។

​ដូចនេះ កម្ពុជា​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការពិត​របស់​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​ជា​មិត្ត​នានា ដើម្បី​បញ្ចប់​ការចោទប្រកាន់ និង​ការមន្ទិលសង្ស័យ​នេះ​។ គួរ​រំលឹក​ផងដែរ​ថា នាពេល​កន្លងមក តំណាង​ស្ថានទូត​នៃ​ប្រទេស​មួយចំនួន រួមទាំង​អនុព័ន្ធយោធា​អម​ស្ថានទូត ក៏​ធ្លាប់បាន​ទៅ​ទស្សនកិច្ច នៅ​តំបន់​អភិវឌ្ឍន៍​តារា​សាគរ នា​ថ្ងៃទី​១២ ខែកុម្ភៈ និង​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩ នេះ​រួចហើយ​ផង ដែរ​។​

​បន្ថែម​ពី​ការគូសបញ្ជាក់​ខាងលើ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ពិនិត្យឃើញថា គម្រោង​វិនិយោគ​របស់ ក្រុមហ៊ុន​UDG​នេះ​បាន​ចូលរួមចំណែក​ក្នុងការ​ទាក់ទាញ​ក្រុមហ៊ុន​ជាច្រើន​បន្ថែមទៀត​មក​វិនិយោគ​នៅ​ទីតាំង​វិ​និ​យោត​ខាងលើ​តាមរយៈ​ការជួល​បន្ត​នូវ​ទីតាំង​តាម​ផ្នែកៗ​ដល់​ក្រុមហ៊ុន​វិនិយោគ​នានា​ស្របតាម​កិច្ចសន្យា ជួល​។

ដូចនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​យល់ឃើញ​ថា ការដាក់ទណ្ឌកម្ម​រប​ស់​ក្រសួង​រតនាគារ​សហរ​ដ្ឋ អាមេរិក​នេះ នឹង​ជះឥទ្ធិពល​ជា​អវិជ្ជមាន ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន​UDG​ប៉ុណ្ណោះ​ទេ​តែ​ក៏​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ​ដល់​ការងារ​ប្រជាជន​ស្លូតត្រង់​ជាច្រើន​ក៏​ដូច​ដល់​បរិស្ថាន​ធុរកិច្ច​និង​វិនិយោគ​ទាំង​មូលនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ។​

ក្នុងនាម​ស្ថាប័ន​ដែល​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុងការ​ទាក់ទាញ​លំហូរ​វិនិយោគ​ពី​គ្រប់​មជ្ឈដ្ឋាន លើ​សកលលោក ដើម្បី​ចូលមក​អភិវឌ្ឍន៍​ប្រទេស​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ងើបឈរ​ពី​គំនរ​ផេះផង់ រហូត​ត្រូវបានគេទទួលស្គាល់​ថា​ជា​ប្រទេស​ដែលមាន​ឯក​ត្ត​កម្ម​កំណើន​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្ស​កន្លងទៅនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សង្ឃឹម​ថា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក នឹង​ពិចារណា​ឡើងវិញ​ចំពោះ​ការសម្រេចចិត្ត ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន យូ​ញៀន ឌី​វេឡុ​ប​មេន គ្រុប ខូ អិ​ល​ធី​ឌី (UDG) ជាក់​ជាមិនខាន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម