អាជ្ញាធរ​នឹង​ចាត់វិធានការ​ប្រសិនបើ​បុគ្គល​ណា​ប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

147
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​អាជ្ញាធរ​ជាតិ​អប្សរា​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្រសិនបើ​បុគ្គល​ដែល​ប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែលជា​បេតិកភណ្ឌ​ពិភពលោក​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​(Facebook)​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​អាជ្ញាធរ​ជាតិ​អប្សរា​នា​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​។​
​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា មាន​បុគ្គល ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក Vannchheun Bonjour និង​បុគ្គល​ផ្សេងទៀត​ដែល​កំពុងតែ​ប្រកាស​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ឱ្យ​បញ្ឈប់​នូវ​សកម្មភាព​របស់ខ្លួន​ជាបន្ទាន់​។ ក្នុងករណី​មិន​ព្រម​បញ្ឈប់​សកម្មភាព​នេះ​ទេ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​។

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្តថា​ដើម្បី​អនុវត្ត​គោលការណ៍​ច្បាប់​ក្នុង​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព​អាជ្ញាធរ​ជាតិ​អប្សរា​សូម​ធ្វើការ​អំពាវនាវ​ផងដែរ​ដល់​សាធារណជន​ដែលមាន​បំណង​ទិញ​ដីធ្លី​ក្នុង​តំបន់​នេះ​។​សូមកុំ​ទិញ​ឱ្យសោះ​និង​សូម​ធ្វើការ​ទំនាក់ទំនង​មកកាន់​អាជ្ញាធរ​ជាតិ​អប្សរា​បើ​មាន​ចម្ងល់​ទាំងឡាយណា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​តាម​លេខ​ទូរស័ព្ទ​០៩២៨៩៩៩៦៦​។​ម្យ៉ាងទៀត​ដើម្បី​បង្ការ​ការខូចខាត​ផលប្រយោជន៍​របស់​សាធារណជន​ដែល​កើតឡើង​ពី​ការទិញ​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ។​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​គឺជា​តំបន់​មាន​ស្ថានីយ​បុរាណវត្ថុ​សំខាន់ៗ​ដែល​ត្រូវការ​កិច្ចការពារ​កម្រិត​ខ្ពស់បំផុត​(​តំបន់​១)​និង​ជា​តំបន់​សម្បូរ​សំណល់​បុរាណវត្ថុ​ដែល​ត្រូវការពារ​ទប់ទល់​នឹង​នឹង​ការប្រើប្រាស់​ដីធ្លី​ផ្តេសផ្តាស​និង​ការអភិវឌ្ឍន៍​មិន​សមស្រប​(​តំបន់​២)​។
​ការលក់​ទិញ​ដីធ្លី​ក្នុង​តំបន់​នេះ គឺ​ផ្ទុយ​នឹង​ច្បាប់​ដែល​មានចែង​ក្នុង​ព្រះរាជក្រឹត្យ​លេខ​០០១ ន​.​ស ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​១៩៩៤ ស្តីពី​ការកំណត់ និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និងសេចក្តីសម្រេច​លេខ​៧០ សសរ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤ របស់​រាជរដ្ឋាភិបាល ស្តីពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២៕S/

​រូបភាព​:​អាជ្ញាធរ​ជាតិ​អប្សរា​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្រសិនបើ​បុគ្គល​ដែល​ប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​(Facebook)៕​អប្សរា​

ទីតាំងផ្សាយពាណិជ្ជកម្ម