អាម៉េរិក​មិន​ស្តាប់​ពិភពលោក ហើយ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជា​ថ្មី​តែ​ឯង​

268
ចែករម្លែក

​អាម៉េរិក​កាលពី​ថ្ងៃ​សៅរ៍​ទី​១៩​កញ្ញា​បានប្រកាស​ជា​ឯ​តោ​ភាគី​ថា ទណ្ឌកម្ម​សហប្រជាជាតិ​ប្រឆាំង​អ៊ីរ៉ង់​វិល​មក​ចូល​ជា​ធរមាន​ឡើងវិញ​និង​បាន​សន្យា​ដាក់ទោស​អ្នកណា​ដែល​រំលោភ​វា​។​នេះ​ជា​ចំណាត់ការ​មួយ​​ដែល​នឹង​ធ្វើអោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាន់តែ​ឯកោ និង​បង្កើន​ភាព​តានតឹង​អន្តរជាតិ​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក ម៉ៃ ផ​ម​ផេវ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​« ថ្ងៃនេះ អាម៉េរិក​ស្វាគមន៍​ការវិល​មក​វិញ​ទណ្ឌកម្ម​សហប្រជាជាតិ​ទាំងអស់​លើ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​»​។​

​យោង​តាម​ប្រមុខ​ការទូត​អាម៉េរិក​រូបនេះ វិធានការ​នេះ​នឹង​ចូល​ជា​ធរមាន​ឡើងវិញ​នៅ​ម៉ោង​៨​យប់​នៅ​ក្រុង​វ៉ាស៊ីនតោន​។​

​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​បាន​សន្យា​«​ដាក់​ផលវិបាក​»​លើ​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ណា ដែល​មិន​អនុវត្ត​តាម​ទណ្ឌកម្ម ដោយ​លោក​បាន​និយាយថា​« បើ​សមាជិក​អង្គការ​​សហប្រជាជាតិ​ណា​មិន​គោរព​តាម​កាតព្វកិច្ច​របស់​គេ​នៅក្នុង​ការអនុវត្ត​ទណ្ឌកម្ម​ទាំងនេះ​ទេ សហរដ្ឋ​អាម៉េរិក​ត្រៀម​ប្រើ​អាជ្ញាធរ​ក្នុងស្រុក​ដើម្បី​ដាក់​ផលវិបាក​ដោយសារតែ​ការ​ខកខាន​មិន​អនុវត្ត​វា និង​​មិន​អាច​ធានា​ថា​អ៊ីរ៉ង់​មិន​ទទួល​ផល​ពី​សកម្មភាព​ហាមឃាត់​ដោយ​អង្គការសហប្រជាជាតិ​»​។​

​ដោយ​សល់​តែ​៤៥​ថ្ងៃ​ទៀត​ការបោះឆ្នោត​ថ្ងៃទី​០២​វិច្ឆិកា​នឹង​ចូលមក​ដល់ លោក​ត្រាំ​អាច​បញ្ចេញ​វិធានការ​ដាក់ទោស​អ្នក​រំលោភ​ទាំងនោះ​ក្នុងអំឡុង​សុន្ទរកថា​របស់​លោក​នៅ​ឯ​មហាសន្និបាត​អង្គការ​សហ​​ប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​ទី​២២​កញ្ញា​។​

​ទោះជា​យ៉ាងណា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ហាក់​តែឯង​លើ​បញ្ហា​នេះ ដោយ​មហាអំណាច​ដទៃទៀត រួម​មាន​ចិន រុស្ស៊ី និង​សូម្បីតែ​សម្ពន្ធមិត្ត​អាម៉េរិក​នៅ​អឺរ៉ុប ប្រឆាំង​នឹង​ទង្វើ​របស់​អាម៉េរិក​។​បារាំង ​អង់គ្លេស​និង​អាឡឺម៉ង់​បាន​និយាយ​នៅក្នុង​លិខិត​រួមគ្នា​មួយ​ថា «​ការសំរេចចិត្ត​ណាមួយ ឬ ចំណាត់ការ​ស្តារ​ទណ្ឌកម្ម​ឡើងវិញ នឹង​មិន​អាច​ចូល​ជា​ធរមាន​ដោយ​ស្រប​ច្បាប់​បាន​ទេ​»​។​

​សូមបញ្ជាក់​ថា កាលពី​ពាក់កណ្តាល​ខែ​សីហា រដ្ឋការ​លោក​ត្រាំ​បាន​បរាជ័យ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ពេល​ខ្លួន​ព្យាយាម​ពង្រីក​ទណ្ឌកម្ម​ការបញ្ជូន​សព្វាវុធ​ធម្មតា​ទៅកាន់​អ៊ីរ៉ង់ ដែល​​ត្រូវ​ផុត​អាណត្តិ​នៅ​ខែ​តុលា​។

​ពេលនោះ​លោក​ផ​មផេវ​បាន​វាយប្រហារ​បារាំង អង់គ្លេស និង​អាឡឺម៉ង់ ដោយ​ចោទប្រកាន់​ពួកគេ​ថា​នៅ​ខាង​អ៊ីរ៉ង់ និង​នៅ​ថ្ងៃ​២០​សីហា​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ទាំងអស់​ឡើង​វិញ​លើ​អ៊ីរ៉ង់​។​

​រំលឹកថា ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ត្រូវបាន​លុប​ចោល​នៅ​ឆ្នាំ​២០១៥​នៅពេល​អ៊ីរ៉ង់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ដែល​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​(​អ៊ីរ៉ង់​)​សន្យាថា​នឹង​មិន​ស្វះស្វែង​ផលិត​សព្វាវុធ​​នុយគ្លេអ៊ែ​រ​។​តែ​រដ្ឋាភិបាល​របស់​លោក​ត្រាំ​និយាយថា កិច្ចព្រមព្រៀង​នេះ​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​មុន​(​អូ​បា​ម៉ា​) មិន​គ្រប់គ្រាន់ និង​បាន​ដកខ្លួន​ចេញពី​វា​នៅ​ឆ្នាំ​២០១៨​ហើយ​ក៏​បន្ត​និង​​ពង្រឹក​ការដាក់ទណ្ឌក​ម្ម​លើ​អ៊ីរ៉ង់​តែឯង​៕​ប្រែ​សម្រួល​៖​វាសនា​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក ម៉ៃ ផ​ម​ផេវ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​សហប្រជាជាតិ​លើ​អ៊ីរ៉ង់​ជាថ្មី​កាលពី​ថ្ងៃ​សៅរ៍ ទោះជា​ជំទាស់​ពី​មហាអំណាច​ពិភពលោក​ដទៃទៀត​

ទីតាំងផ្សាយពាណិជ្ជកម្ម