​បូម​សាំង​ដាក់​ដប​រួច​ខិត​ដែកកេះ​បង្ក​ឱ្យឆេះ​រោង​លក់​គុយទាវ​ខ្ទេច​របួស​ក្មេង​៣​នាក់​

183
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ក្មេង​ម្នាក់​បូម​សាំង​ដាក់​ដប​ហើយ​យក​ដែកកេះ​ខិត​ដុត​រោល​ខ្សែ​នាឡិកា​លេង​ក៏បង្ក​ឆាបឆេះ​រោង​លក់​គុយទាវ​១​ខ្នង​បណ្តាលឱ្យ​របួសធ្ងន់​ស្រាល​ក្មេង​៣​នាក់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុងភូមិ​គោក​ព្រិច​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​កាលពី​សៀ​ល​នៅ​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០២០​។​

លោក​វរសេនីយ៍​សៅ​សារឿន អធិការនគរបាល​ស្រុក​ថ្មពួក​បានឱ្យដឹងថា​៖​ជនរងគ្រោះ​មាន​១៖​ឈ្មោះ យ៉ាន់ លី​យ៉ុង ភេទ​ប្រុស អាយុ ១១​ឆ្នាំ​ជា​អ្នក​ខិត​ដែកកេះ​។​២៖ ឈ្មោះ យ៉ាន់ លី យ៉េន ភេទ​ប្រុស អាយុ​៧ ឆ្នាំ ជា​អ្នក​អង្គុយ​មើល​ក្បែរ​នោះបាន​រងរបួស​ធ្ងន់ និង​៣៖ ឈ្មោះ ឆាត គឹម​ឆាយ ភេទ​ស្រី អាយុ​៣​ឆ្នាំ​។​

លោក​អធិការ​បានឱ្យដឹង​បន្តថា​៖​នៅពេល​កើតហេតុ​នោះ​ក្មេងប្រុស​ម្នាក់​ក្នុងចំណោម​៣​នាក់ ត្រូវជា​ចៅ​របស់​ម្ចាស់​តូប​ឈ្មោះ​ដែង ងា​ម​ស្រី​អាយុ​៥៦​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​បាន​បូម​សាំង​ដាក់​ដប រួច​ក៏​ធ្វេសប្រហែស​ដោយបាន​យក​ដែកកេះ​ខិត​ដុត​រោល​ខ្សែ​នាឡិកា​លេង​ក៏បង្ក​ឆាបឆេះ​រោង​លក់​គុយទាវ​មួយ​ខ្នង​យ៉ាង​សន្ធោសន្ធៅ​។​ប្រជាពលរដ្ឋ​នៅក្បែរ​នោះបាន​មកជួយ​ពន្លត់ភ្លើង​តែ​ជាង​១​ម៉ោង​ក្រោយ​ទើប​រលត់​ហើយ​បង្ក​ការ​ពុំបាន​រាលដាល​ឆេះ​ផ្ទះ​និង​សំណង់​ជិតខាង​ទេ​៕S/

​រូបថត​៖​របួសធ្ងន់​ស្រាល​ក្មេង​៣​នាក់​ដោយសារ​ចាក់​សាំង​ខិត​ដែកកេះ​បង្ក​រាល​ឆេះ​ផ្ទះ​តៀម​លក់​គុយទាវ​(​រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម