ស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានកម្ពស់ទឹកកើនឡើងក្នុងកម្រិតប្រកាសអាសន្ន

291
ចែករម្លែក
ស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានកំពស់ទឹកកើនឡើងក្នុងកំរិតប្រកាសអាសន្ន 

ដោយ: មុនីរ័ត្ន/ភ្នំពេញៈ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ កម្ពស់ទឹកបានកើនឡើងដល់កម្រិតមួយដែលត្រូវប្រកាសអាសន្ន ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបន្តថា ដើម្បីត្រៀមលក្ខណ:ការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹងដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនថា បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុ រួចមកឃើញថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងធំ និងស្ទឹងអារ៉ៃ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់ ។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ នឹងអាចបង្កឲ្យមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់ ។

យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹង ដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ។

បន្ទាប់ពីការតាមដាន និងព្យាករលើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹកនិងឧតុនិយម សូមជម្រាបជូនដំណឹងដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនឲ្យបានជ្រាបថា សម្ពាធទាបសកម្មមួយ ដែលបានកើតឡើងនៅលើសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២០ បានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សទៅជា វិសម្ពាធទាប ហើយបានបង្កើនឥទ្ធិពលរបស់ខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី១១ ឈ្មោះ នូល (NOUL) ពេលដែលឆ្លងកាត់ប្រទេសហ្វីលីពីន នៅវេលាម៉ោង ១ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

យោងតាមការព្យាករណ៍ព្យុះនឹងធ្វើដំណើរចូលទៅដល់ឆ្នេរដាណាងនៃប្រទេសវៀតណាមភាគកណ្តាល នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២០ ហើយបន្តដំណើរចូលតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គក្នុងប្រទេសឡាវនិងថៃ។ ដោយឡែកនៅក្នុងខេត្តពោធិ៍សាត់ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកបានកើនឡើងក្នុងកម្រិតមួយដែលត្រូវប្រកាសអាសន្ន ៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម