ប្រមុខអ.ស.ប ៖ ពុំមានការគាំទ្ររបស់អ.ស.បសម្រាប់ការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់សាជាថ្មីនោះឡើយ

189
ចែករម្លែក

អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ គូថេរ៉េស និយាយថាអ.ស.បនឹងមិនគាំទ្រការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញឡើយ ខណៈដែលសហរដ្ឋអាម៉េរិកកំពុងទាមទាររហូតដល់ខ្លួនទទួលបានភ្លើងខៀវពីក្រុមប្រឹក្សាសន្តិសុខ។

ប្រមុខអ.ស.បរូបនេះបាននិយាយនៅក្នុងលិខិតមួយទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខដែលទទួលបានកាលពីថ្ងៃអាទិត្យទី២០កញ្ញាដោយទីភ្នាក់ងារសារព័ត៌មាន Associated Press យ៉ាងដូច្នេះថា “មានភាពមិនប្រាកដប្រជា” ថាតើរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ បានយកមកប្រើឡើងវិញឬអត់នូវយន្តការដាក់ទណ្ឌកម្មនៅក្នុងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់និងមហាអំណាចចំនួន ៦ ។

រដ្ឋបាលត្រាំបានប្រកាសកាលពីថ្ងៃសៅរ៍ថារាល់ការដាក់ទណ្ឌកម្មរបស់អ.ស.បប្រឆាំងនឹងអ៊ីរ៉ង់ត្រូវបានស្តារឡើងវិញ ដែលនេះជាចំណាត់ការដែលពិភពលោកភាគច្រើនបានបដិសេធថាខុសច្បាប់និងទំនងជាមិនអើពើទេ។ ការប្រកាសរបស់សហរដ្ឋអាម៉េរិកប្រាកដជាបង្កឱ្យមានភាពចម្រូងចម្រាសក្នុងអំឡុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មហាសន្និបាតអ.ស.បដែលចាប់ផ្តើមនៅថ្ងៃចន្ទទី២១កញ្ញា ដែលធ្វើឡើងតាមរយៈវីដេអូស្ទើរតែពេញមួយឆ្នាំនេះដោយសារតែជំងឺកូវីដ១៩។

ការប្រកាសរបស់សហរដ្ឋអាម៉េរិកបានកើតឡើង ៣០ ថ្ងៃបន្ទាប់ពីលោកផមផេវបានជូនដំណឹងដល់ក្រុមប្រឹក្សាសន្តិសុខថា រដ្ឋបាលត្រាំនឹងយកមកប្រើឡើងវិញនូវ “ទណ្ឌកម្មពីមុន” ពីព្រោះអ៊ីរ៉ង់មិនបានគោរពកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀង ដែលគេស្គាល់ថាជា ផែនការសកម្មភាពរួម ឬ JCPOA នោះទេ។

ប៉ុន្តែសមាជិកភាគច្រើនលើសលប់នៅក្នុងក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ ប្រទេស បានហៅសកម្មភាពរបស់សហរដ្ឋអាម៉េរិកថាខុសច្បាប់ ព្រោះប្រធានាធិបតីដូណាល់ត្រាំបានដកសហរដ្ឋអាម៉េរិកចេញពីផែនការនេះក្នុងឆ្នាំ ២០១៨ ។

ពួកគេចង្អុលបង្ហាញអំពីសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២២៣១ ដែលបានយល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ សេចក្តីសម្រេចចិត្តនោះបានបញ្ជាក់ថា “រដ្ឋដែលចូលរួមផែនការ JCPOA” អាចយកយន្តការដាក់ទណ្ឌកម្មមកប្រើឡើងវិញបាន។ សហរដ្ឋអាម៉េរិកទទូចថាក្នុងនាមជាអ្នកចូលរួមដំបូង ខ្លួនមានសិទ្ធិស្របច្បាប់ ទោះបីជាខ្លួនឈប់ចូលរួមក៏ដោយ៕ ដោយ ៖ កញ្ញាដាលីស

អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ គូថេរ៉េស

ទីតាំងផ្សាយពាណិជ្ជកម្ម