ទិវា​ឯករាជ្យ​ជាតិ នៃ ប្រជាជន ម៉ិ​ក​ស៊ិ​ក​

477
ចែករម្លែក

ភ្នំពេញ​៖ តាមពិត ម៉ិ​ក​ស៊ិ​ក ទទួលបាន​ឯករាជ្យ នៅ​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ១៨២១ ឯណោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ិ​ក​ស៊ិ​ក ប្រារព្ធ ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី ១៦ ខែ កញ្ញា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​បព្វជិត​មួយរូប​ប្រកាស​ឯករាជ្យភាព​មុនគេ​សម្រាប់​ម៉ិ​ក​ស៊ិ​ក ប៉ុន្តែ​បាន​បរាជ័យ​ហើយ​ត្រូវបាន អេ​ស្ប៉ា​ញ កាត់ទោស​ប្រហារជីវិត ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​សាធារណៈ សហរដ្ឋ ម៉ិ​ក​ស៊ិ​ក មាន​ផ្ទៃដី ៧៦០ ០០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាមេរិក ខាងជើង​។ មាន​ព្រំដែន​ជាប់ សហរដ្ឋ អាម៉េរិក មហាសាគរ ប៉ាស៊ីហ្វិក និង សមុទ្រ កា​រ៉ា​អ៊ី​ប ។ នៅ​ឆ្នាំ ២០២០ មាន​ប្រជាជន​ជាង ១២៩ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា រ៉ូ​ម៉ាំង កាតូលិក ហើយ​ភាគច្រើន​ជា​អ្នក​និយាយ​ភាសា​អេ​ស្ប៉ា​ញ រដ្ឋធានី គឺ​ទីក្រុង ម៉ិ​ក​ស៊ិ​កូ ។​

ប្រវត្តិសាស្ត្រ​
​អេ​ស្ប៉ា​ញ បានឮ​ឈ្មោះ ម៉ិ​ក​ស៊ិ​ក មុនដំបូង​បំផុត​នៅ​ឆ្នាំ ១៥១៨ ដែល​កាលណោះ​មាន ឈ្មោះថា អាណាចក្រ Aztecs ។ លុះដល់​ខែ កុម្ភៈ ឆ្នាំ ១៥១៩ អេ​ស្ប៉ា​ញ​បាន​ព្យាយាម​ច្បាំង ដណ្តើមយក អាណាចក្រ Aztecs គឺ ម៉ិ​ក​ស៊ិ​ក ក្នុង​គោលដៅ​រុករក រ៉ែ​មាស នៅក្នុង​ទឹកដី នៃ អាណាចក្រ Aztecs ។

​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៥២០ ជំងឺ​អុតស្វាយ បាន​រាតត្បាត និង ផ្តាច់ផ្តិល​អាយុជីវិត​មនុស្ស​នៅ ម៉ិ​ក​ស៊ិ​ក ជាង ៣ លាន​នាក់ (​ឯកសារ​ខ្លះ​ថា​ស្លាប់​ប្រមាណ​ជា ១៥ លាន់​នាក់ ។ ប៉ុន្តែ​យើង​មិន ទំនងជា​ច្រើន​ដល់​ថ្នាក់​នោះទេ ព្រោះ​ពលរដ្ឋ ម៉ិ​ក​ស៊ិ​ក កាលណោះ​មាន​ប្រមាណ​ជា ៣០ លាន​នាក់ ) ដែល​បានធ្វើឱ្យ​អាណាចក្រ​នេះ​ចុះខ្សោយ​យ៉ាងខ្លាំង​ទើប​ទីបំផុត​បាន​បរាជ័យ នៅ​ចំពោះមុខ​កងទ័ព អេ​ស្ប៉ា​ញ យ៉ាង​ងាយ ។

​ដោយហេតុ​នោះ ម៉ិ​ក​ស៊ិ​ក ក៏​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់ អេ​ស្ប៉ា​ញ ហើយ​ត្រូវតែ​ទទួល យក​សាសនា​គ្រិស្ត រ៉ូ​ម៉ាំង កាតូលិក ដូច អេ​ស្ប៉ា​ញ ដែរ ។ ទឹកដី ម៉ិ​ក​ស៊ិ​ក បាន​ក្លាយជា​ផ្នែក​មួយ នៃ អាណាចក្រ អេ​ស្ប៉ា​ញ ដោយមាន​ឈ្មោះថា អេ​ស្ប៉ា​ញ​ថ្មី ។ ចាប់ពីពេលនោះ​មក​ក៏​ធ្លាប់ មានការ​ងើប​បះបោរ​ប្រឆាំង​ជាច្រើន​រូបភាព មាន​ទាំង​រូបភាព​បែប​ឧទ្ទាម​កម្ម​ផង ។

​ប្រសិនបើ​គេ​សម្លឹងមើល​ក្នុង​វិស័យសេដ្ឋកិច្ច​វិញ ទឹកដី​អតីត​ម៉ិ​ក​ស៊ិ​ក ដែល​បាន​ក្លាយជា អេ​ស្ប៉ា​ញ​ថ្មី នោះ ត្រូវបាន រដ្ឋាភិបាល ជុន​តា របស់ អេ​ស្ប៉ា​ញ ត្រួតត្រា​ក្នុង​គោលបំណង យក​ផលចំណេញ​របស់ អាណាចក្រ​អេ​ស្ប៉ា​ញ លើ​វិស័យ​កងទ័ព និង ជា​របង​ការពារ​ខ្លួន​របស់ អេ​ស្ប៉ា​ញ តែប៉ុណ្ណោះ ហើយ​ពេលនោះ ទឹកដី​អតីត ម៉ិ​ក​ស៊ិ​ក បាន​បង់ពន្ធ​ជាង​ពាក់កណ្តាល នៃ ពន្ធ​របស់​អាណាចក្រ អេ​ស្ប៉ា​ញ និង ផ្គត់ផ្គង់ ដល់​ផ្នែក​រដ្ឋបាល នៃ អាមេរិក​ខាងជើង និង អាមេរិក​កណ្តាល ទាំងស្រុង ដែល​បានសេចក្តីថា តាំងពី ម៉ិ​ក​ស៊ិ​ក ធ្លាក់​ក្រោម​ការត្រួតត្រា​របស់ អេ​ស្ប៉ា​ញ មក ប្រជាជន ម៉ិ​ក​ស៊ិ​ក ត្រូវបាន​បង្ខំ​ឱ្យទទួល​បន្ទុក​មិនតិច​តួច​ឡើយ គឺ​ការបង់ពន្ធ នោះ​តែម្តង ។

​ប្រពៃណី វប្បធម៌ សិល្បៈ របស់ អេ​ស្ប៉ា​ញ ជាច្រើន ត្រូវបាន​បណ្តុះ និង​ពង្រីក​នៅ​ពាស ពេញ​ទឹកដី​អតីត ម៉ិ​ក​ស៊ិ​ក ដែល​មរតក​វប្បធម៌​ទាំងនោះ​នៅតែ​ជា​វប្បធម៌​របស់ ម៉ិ​ក​ស៊ិ​ក ជាច្រើន​ផ្នែក​រហូត​សព្វថ្ងៃ ។ ទោះយ៉ាងណា ទង្វើ​ដែល​រដ្ឋាភិបាល ជុន​តា អេ​ស្ប៉ា​ញ​ដែល​គិត តែ​ពី​ជញ្ជក់​យកចំណេញ​ពី​ប្រជាជន​នោះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​កាន់តែ​ក្តៅក្រហាយ ទៅៗ ហើយក៏​មានការ​ផ្ទុះ​នូវ​ការបះបោរ​ប្រឆាំង​ជា​បន្តបន្ទាប់ ។​

ឯករាជ្យ​ពី អេ​ស្ប៉ា​ញ​
​ឆ្នាំ ១៨០៨ បារាំង បានចាប់ផ្តើម​លុកលុយ អេ​ស្ប៉ា​ញ ធ្វើឱ្យ អេ​ស្ប៉ា​ញ វឹកវរ និង ចុះខ្សោយ អំណាចកណ្តាល​យ៉ាងច្រើន ។ ប្រជាពលរដ្ឋ ម៉ិ​ក​ស៊ិ​ក ដែល​ស្រេកឃ្លាន​ឯករាជ្យភាព​របស់ ខ្លួន​តាំងតែ​ពី​យូរលង់​មកហើយ និង ជា​អ្នក​ដែល​ឆ្អែតឆ្អន់​នឹង​ការត្រួតត្រា​របស់​អេ​ស្ប៉ា​ញ ជាង​ពីរ​រយ​ឆ្នាំ​មកហើយ ក៏​មើលឃើញថា​នោះ​គឺជា​ឱកាសល្អ​ដែល​ពួកគេ​ត្រូវ​ក្រោកឈរ ដើម្បី​ឯករាជ្យ​របស់ខ្លួន​ហើយ ។​

​នៅ​ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ១៨១០ នាទី​ក្រុង Dolores ជាទី​ក្រុង​ដ៏​តូច​មួយ បព្វជិត មួយរូប ឈ្មោះ Miguel Hidalgo y Costilla បានប្រកាស​បដិវត្តន៍​ប្រឆាំង នឹង​ការត្រួតត្រា របស់​រដ្ឋាភិបាល យោធា ជុន​តា អេ​ស្ប៉ា​ញ ។ ជាមួយគ្នា​នោះ សង្គ្រាម ដើម្បី ឯករាជ្យភាព របស់ ជនជាតិ ម៉ិ​ក​ស៊ិ​ក ប្រឆាំងនឹង​កងទ័ព ជុន​តា អេ​ស្ប៉ា​ញ ក៏បាន​ផ្ទុះឡើង​នៅ​គ្រា​នោះឯង ។ ប៉ុន្តែ​បព្វជិត Hidalgo និង ក្រុម​ស្ម័គ្រ​បក្ស​របស់លោក​ត្រូវបាន​រដ្ឋាភិបាល ជុន​តា អេ​ស្ប៉ា​ញ ចាប់ខ្លួន និង កាត់ទោស​ប្រហារជីវិត​នៅ​ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ១៨១១ ។

​បព្វជិត Hidalgo បាន​បាត់​បង់ជីវិត ក៏ពិតមែន​ហើយ ប៉ុន្តែ​ស្មារតី​ស្នេហា​ជាតិ​របស់ បព្វជិត Hidalgo មិនបាន​ស្លាប់​ជាមួយ​បព្វជិត​រូបនេះ​ឡើយ​ហើយ​ត្រូវបាន​បន្ត​ដោយ​បព្វជិត​មួយរូប ទៀត​ឈ្មោះ José María Morelos ដែលជា​អ្នកកាន់កាប់​ទីក្រុង​សំខាន់ៗ នៃ ទឹកដី​អេ​ស្ប៉ា​ញ​ថ្មី ឬ អ​តី​តី ម៉ិ​ក​ស៊ិ​ក ហើយ​ក្រុម​នេះ​ក៏មាន​កងទ័ព​ដែរ ។​

​ខែ កញ្ញា ឆ្នាំ ១៨១៣ សមា​ជិ នៅ​តំបន់ Chilpancingo ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ការដឹកនាំ របស់​បព្វជិត Morelos ដើម្បី ពិភាក្សា​អំពី​ឯករាជ្យភាព របស់ អេ​ស្ប៉ា​ញ​ថ្មី ឬ អតីត ម៉ិ​ក​ស៊ិ​ក ។ នៅ​ទីបំផុត ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ១៨១៣ នោះ សមាជ​បាន​ព្រមព្រៀងគ្នា​ចេញ​សេចក្តីប្រកាស ឯករាជភាព​របស់ អតីត ម៉ិ​ក​ស៊ិ​ក ឬ អេ​ស្ប៉​ញា​ថ្មី ពី​អេ​ស្ប៉ា​ញ ។ នៅ​ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៨១៥ បព្វជិត Morelos ត្រូវបាន អាជ្ញាធរ ជុន​តា អេ​ស្ប៉ា​ញ ចាប់ខ្លួន ។​

​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ក្រុម​ចលនា​បះបោរ​ស្ទើរតែ​ចូល​ដល់ទី​អវសាន​ទៅហើយ ។ ឃើញ​ដូច្នោះ នៅ​ឆ្នាំ ១៨២០ រា​ជានុ​សិទ្ធិ Juan Ruiz de Apodaca ដោយមាន​បំណង​ចង់​កម្ទេច​ចលនា អ្នកបះបោរ​នោះ​ចោល​ទាំងស្រុង ក៏បាន​បញ្ជូន​កងទ័ព​ក្រោម​បញ្ជាការ​របស់ ឩ​ត្ត​ម​សេនីយ៍ criollo ទៅ​ប​ង្ក្រា​ម​ពួក​អ្នកបះបោរ ដែល​ពេលនោះ​ចលនា​អ្នកបះបោរ​នោះ មាន​លោក Agustín de Iturbide ជា​មេដឹកនាំ​។ មិន​ទៅ​បង្ក្រាប​ពួក​អ្នក​បោះ​បោរ​ឯណា ឧ​ត្ត​ម​សេនីយ៍ criollo បាន​ដឹកនាំ​ទ័ព​របស់គាត់​ទៅ​រួបរួម​ជាមួយ​ពួក​បះបោរ ហើយ​នៅ​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ១៨២១ ដោយ​ប្រើ​សមាស​ភាពជា​អ្នកតំណាង អេ​ស្ប៉ា​ញ ឧ​ត្ត​ម​សេនីយ៍​រូបនេះ​បាន​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​មួយ​ឈ្មោះថា​សន្ធិសញ្ញា Córdoba និង ប្រកាស​ឯ​រាជ​ភាព របស់ ម៉ិ​ក​ស៊ិ​ក បានបញ្ចប់​សង្គ្រាម ម៉ិ​ក​ស៊ិ​ក និង អេ​ស្ប៉ា​ញ ។ ម៉ិ​ក​ស៊ិ​ក​ក៏បាន​ឯករាជ្យភាព​របស់​ខ្លួ​នៅពេល នោះឯង​ខណៈដែល អេ​ស្ប៉ា​ញ​កំពុង​រង​ការ​រុករាន​ពី​សំណាក់ បារាំង នៅឡើយ ។​

​លោក Agustín de Iturbide ក៏បាន​ប្រកាស​ខ្លួន​ថា​ជា ព្រះ​ចៅ​អ​ធិ​រាជ្យ នៃ អាណាចក្រ​ម៉ិ​ក​ស៊ិ​ក ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៨២៣ ក៏មាន​បដិវត្តន៍​មួយ​បាន​ផ្ទុះឡើង​បាន​ផ្តួលរំលំ Agustín de Iturbide ហើយ​បង្កើតបានជា សហរដ្ឋ ម៉ិ​ក​ស៊ិ​ក ដោយមាន​លោក Guadalupe Victoria ជា​ប្រធានាធិបតី ដំបូង​បំផុត​របស់ ម៉ិ​ក​ស៊ិ​ក ។ នៅ​ឆ្នាំ ១៨២៩ ម៉ិ​ក​ស៊ិ​ក បាន​លប់បំបាត់​នូវ​ទាសភាព ។

​ចាប់ពី​ឆ្នាំ ១៨២៤ សង្គ្រាម ស៊ី​ល​វិល បាន​រីក​រាលដាល​ពាសពេញ​ប្រទេស ហើយ​ក៏មាន​រដ្ឋា ភិ​បាល​ចំនួន​បី នៃ សហរដ្ឋ​ម៉ិ​ក​ស៊ិ​ក បានប្រកាស​ខ្លួន​បំបែក​រដ្ឋ​ចេញពី ម៉ិ​ក​ស៊ិ​ក​ហើយ​ប្រកាស ឯករាជភាព​រៀងខ្លួន​ក្នុងនោះ​មាន​សាធារណរដ្ឋ រី​អូ ហ្ក្រា​ន់​ដេ មួយ សាធារណរដ្ឋ​តិច​សាស់ មួយ និង សាធារណរដ្ឋ យូ​កា​តាន់​មួយ ។​

​សាធារណរដ្ឋ តិច​សាស់ បន្ទាប់ពី​បានប្រកាស​ផ្តាច់ខ្លួន​ហើយ ក៏បានរ​ត់ទៅ​រួបរួម​ជាមួយ សហរដ្ឋ អាមេរិក បណ្តាលឱ្យមាន​សង្គ្រាម​ដណ្តើម​ព្រំដែន​រវាង​អាមេរិក និង ម៉ិ​ក​ស៊ិ​ក បាន​ផ្ទុះឡើង​នៅ​ឆ្នាំ ១៨៤៦ ( ហើយ​នោះ ក៏​ត្រូវបាន​ចាត់ទុកថា​គឺជា​មូលហេតុ​ដ៏​សំខាន់ មួយ​ដែលនាំឱ្យ សហរដ្ឋ អាមេរិក និង សហរដ្ឋ ម៉ិ​ក​ស៊ិ​ក​តែងតែមាន​ទំនាស់​នឹង​គ្នា​មិនចេះ ចប់​មិនចេះហើយ រហូតមកដល់​សព្វថ្ងៃ​នេះ ) ។ ទីបំផុត​នៅ​ឆ្នាំ ១៨៤៨​ក៏មាន​សន្ធិសញ្ញា​មួយ រវាង​ប្រទេស​ទាំងពីរ​ដោយ ម៉ិ​ក​ស៊ិ​ក បាន​បាត់បង់​ទឹកដី​របស់ខ្លួន​ប្រមាណ​ជា​ពាក់កណ្តាល ទៅក្នុង​ដៃ សហរដ្ឋ អាម៉េរិក ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​

គំនូរ​រូបលោក Agustín de Iturbide ជា​មេដឹកនាំ​ដណ្តើម បាន ឯ​រាជ្យ ម៉ិ​ក​ស៊ិ​ក ពី អេ​ស្ប៉ា​ញ
ក្បួនព្យុហយាត្រា​កងទ័ព​ម៉ិ​ក​ស៊ិ​ក នៅ​ទិវា​ឯករាជ្យ​ជាតិ
ទីក្រុង ម៉ិ​ក​ស៊ិ​កូ នៃ ប្រទេស ម៉ិ​ក​ស៊ិ​ក

ទីតាំងផ្សាយពាណិជ្ជកម្ម