ចៅក្រមបញ្ឈប់បទបញ្ជារបស់រដ្ឋបាលត្រាំដើម្បីដកកម្មវិធី WeChat របស់ចិនចេញពី App Stores

341
ចែករម្លែក

ចៅក្រមម្នាក់បានរារាំងរដ្ឋបាលត្រាំមិនឱ្យស្នើទៅក្រុមហ៊ុន Apple និង Google ដើម្បីដកចេញនូវកម្មវិធីផ្ញើសារដែលគ្រប់គ្រងដោយចិនឈ្មោះថា WeChat។

នៅក្នុងសេចក្តីសម្រេចចុះកាលបរិច្ឆេទថ្ងៃសៅរ៍ទី១៩កញ្ញា ចៅក្រមឈ្មោះ ឡូរែល ប៊ីល័រ នៅរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា សកម្មភាពរបស់រដ្ឋាភិបាលនឹងប៉ះពាល់ដល់ សិទ្ធិវិសោធនកម្មដំបូងរបស់អ្នកប្រើប្រាស់ ដោយសារតែការហាមឃាត់ជាធរមានលើ កម្មវិធីនេះនឹងលុបបំបាត់វេទិកាសម្រាប់ទំនាក់ទំនង។

WeChat គឺជាកម្មវិធីផ្តោតលើការផ្ញើសារដែលទទួលបានការពេញនិយម ពីសំណាក់ជនជាតិអាម៉េរិកាំងនិយាយភាសាចិន ដែលគេប្រើជាខ្សែទំនាក់ទំនងជីវភាព ប្រចាំថ្ងៃសម្រាប់មិត្តភក្តិ ក្រុមគ្រួសារ អតិថិជននិងទំនាក់ទំនងអាជីវកម្មនៅក្នុង ប្រទេសចិន។ ក្រុមហ៊ុនវិភាគ Apptopia បានឱ្យដឹងកាលពីខែសីហាថា កម្មវិធីនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិជ្ជាយក្សចិន Tencent និងមានអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃជាមធ្យម ១៩ លាននាក់នៅអាម៉េរិក។

អ្នកប្រើប្រាស់ WeChat មួយក្រុមបានស្នើសុំសេចក្តីសម្រេចពីតុលាការ បន្ទាប់ពី ក្រសួងពាណិជ្ជកម្មអាម៉េរិកនិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងរារាំង WeChat ពី App Stores របស់អាម៉េរិកនិងរារាំងកម្មវិធីនេះមិនឱ្យចូលប្រើប្រាស់សេវាកម្មអ៊ីនធឺណិត​សំខាន់ៗនៅក្នុងប្រទេស ចាប់ផ្តើមនៅយប់ថ្ងៃអាទិត្យទី២០កញ្ញាវេលាម៉ោង ១១ និង ៥៩ នាទីតទៅ។

រដ្ឋាភិបាលបានលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខជាតិនិងទិន្នន័យឯកជនក្នុងការចាត់វិធានការប្រឆាំងនឹង WeChat និងដាក់ការរឹតបន្តឹងស្រដៀងគ្នាលើ TikTok ដែលជាកម្មវិធីពេញនិយមមួយទៀតរបស់ចិន។

ក្រសួងយុត្តិធម៌បានឱ្យដឹងថា ការទប់ស្កាត់បទបញ្ជារបស់រដ្ឋបាលត្រាំនឹងធ្វើឱ្យមានការ​ខកចិត្តនិងបំបិទការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីក្នុងការដោះស្រាយឱ្យបានល្អចំពោះការគំរាមកំហែងដល់សន្តិសុខជាតិ។

អ្នកប្រើប្រាស់​ ​WeChat តវ៉ាថា ការហាមឃាត់កម្មវិធីនេះនៅអាម៉េរិកនឹងរឹតត្បិត​សេរីភាពនៃការបញ្ចេញមតិ៕ ដោយ៖ កញ្ញាដាលីស/Ha

ចៅក្រមរដ្ឋកាលីហ្វ័រញ៉ារារាំងរដ្ឋបាលត្រាំមិនឱ្យហាមឃាត់លើ WeChat

ទីតាំងផ្សាយពាណិជ្ជកម្ម