ផ្លាក​បដិវត្តន៍​ថៃ​ត្រូវបាន​រើចេញ ហើយ​ប៉ូលិស​ពិចារណា​ចោទ ប្រកាន់​មេដឹកនាំ​បាតុកម្ម​

247
ចែករម្លែក

​ផ្លាក​លោហៈ​ដែល​ពួក​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ​បានដាក់​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ជិត​វាំង​ក្នុង​ក្រុង​បាងកក​នោះ ត្រូវបាន​រើ​យកចេញ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​កញ្ញា ហើយ​ប៉ូលិស​ព្រមាន​ថា​ខ្លួន​អាច​​ចោទប្រកាន់​អ្នក​នៅ​ពីក្រោយ​ការបង្ហាញ​កាយវិការ​បែប​នេះ​។​

​ផ្លាក​អំណាច​ប្រជាជន​នេះ​ត្រូវ​បាន​ចាក់​ស៊ីម៉ងត៍​ដំឡើង​កាលពី​ថ្ងៃអាទិត្យ​ក្រោយ​ការជួបជុំ​ប្រឆាំង​រដ្ឋាភិបាល​និង​របៀបរបប​រាជានិយម​បច្ចុប្បន្ន​កាលពី​ថ្ងៃ​សៅរ៍ ដែល​មាន​ការចូលរួម​ពី​មនុស្ស​រាប់​ម៉ឺន​នាក់ រួម​មាន​ពួក​និស្សិត សកម្មជន​នយោបាយ ដូច​ជា​ពួក​អាវ​ក្រហម​ថៃ​ជាដើម​។​

ផ្លាកអំណាចប្រជាជនត្រូវបានយកចេញពីទីលានជិតវាំង

​នាយរង​ប៉ូលិស​ក្រុង​បាងកក​​ លោក ពី​យ៉ា តា​វី​ឆៃ បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា «​ខ្ញុំ​ឮ​ថា ផ្លាក​នេះ​បាន​បាត់ទៅហើយ តែ​មិនដឹងថា​វា​បាត់​ដោយ​របៀប​ណា​ទេ​»​។​

​ក្នុងពេល​ជាមួយគ្នា ប៉ូលិស​កំពុង​ពិចារណា​ចោទប្រកាន់​មេដឹកនាំ​បាតុកម្ម​ក្រោយ​ការជួបជុំ​ដ៏​ធំ​មិន​ដែល​ធ្លាប់​មាន​នៅ​ទីលាន​សា​ណា​ម​លួង​មុខ​វាំង​របស់​ស្តេច​ថៃ​ចាប់​តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក ដោយ​​ពួក​សកម្មជន​ទាមទារ​ឲ្យ​របប​រាជានិយម​ធ្វើការ​កែ​ទម្រង់​និង​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន អូ​ចា ចុះចេញ​ពី​តំណែង​។​

​សូមបញ្ជាក់​ថា ក្នុងអំឡុងពេល​បាតុកម្ម​ដ៏​វីវក់​២​ថ្ងៃ​កាលពី​ចុង​សប្តាហ៍​ មន្ត្រីប៉ូលិស​៤០​នាក់​ត្រូវបាន​បញ្ជូន​ទៅ​ថត​សំឡេង​ពួក​វាគ្មិន​ដែល​ឡើង​និយាយ​ឥត​ខ្លាចញញើត​នៅ​លើ​វេទិកា​ដើម្បី​ស្វែងរក​កំហុស​​ឆ្គង​និង​ភស្តុតាង​ដើម្បី​ធ្វើការ​ចោទប្រកាន់​ពួកគេ​។​

​ការតវ៉ា​ប្រឆាំង​បានបញ្ចប់​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ក្រោយ​មេដឹកនាំ​ប្រគល់​ញត្តិ​ទៅ​ឲ្យ​ប្រធាន​ក្រុម​ទីប្រឹក្សា​ព្រះមហាក្សត្រ​តាម​រយៈ​ប៉ូលិស​និង​បានដាក់​ផ្លាក​ថ្មី​មួយ​នៅ​ទីលាន​សា​ណា​ម​លួង​ដើម្បី​ប្រកាស​ការ​​ចាប់ផ្តើម​ចលនា​អំណាច​ប្រជាជន​។​

​ប៉ូលិស​បាន​រើ​របាំង​ផ្លូវ​និង​ប្រឡាយ​ទឹក​ឆ្ពោះ​ទៅកាន់​វិមាន​រដ្ឋាភិបាល តែ​ថា​ខ្លួន​មិន​បានដឹង​អំពី​ការ​បាត់​ផ្លាក​ដែល​ពួក​បាតុករ​ទើប​ដាក់​កាលពី​ថ្ងៃ​អាទិត្យ​ទេ​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា និង​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង់​ស៊ូ​វ៉ុន ដែល​ទទួលបន្ទុក​សន្តិ​សុខ​នៅ​កន្លែង​បាតុកម្ម បាន​អរគុណ​ពួក​បាតុករ​និង​បុគ្គលិក​សន្តិសុខ​ចំពោះ​ការ​ថែរ​​ក្សាច្បាប់​និង​សណ្តាប់ធ្នាប់​នៅ​កន្លែង​ជួបជុំ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

មេដឹកនាំ​និស្សិត ឡើង​លើ​វេទិកា​និយាយ​ប្រឆាំង​រដ្ឋាភិបាល​និង​ទាមទារកែ​ទម្រង់​របបរាជានិយម​

ទីតាំងផ្សាយពាណិជ្ជកម្ម