មន្ត្រី​ទទួលបន្ទុក​ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ នឹងមិន​ពន្យារពេល​ស​ង​ថ្ងៃ​ឈប់សម្រាក​ឡើយ​

306
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជា​អ្នកដឹកនាំ​អនុវត្ត​ដោយផ្ទាល់​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ទាំង ២ របស់​រាជរដ្ឋាភិបាល បាន​ប្រាប់ រស្មី​កម្ពុជា តាម​បណ្តាញ តេ​ឡេ​ហ្ក្រា​ម នៅ​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០ នេះ​ថា ” នឹងមិន​មានការ​ពន្យា​រ​ពេល​សង​ជំនួស​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ទេ ពោលគឺ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ សម្រាប់​ខែ​ទី ១ ជុំ​ទី ២ នេះ ចាប់​អនុវត្ត​ជា​ប្រក្រតី​ឡើងវិញ ចាប់ពី​ថ្ងៃទី ២១ ខែ កញ្ញា ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០ ដូច​ខែ​មុនៗ​ដែរ ។ ប៉ុន្តែ​ក្នុងករណី អ្នកទទួលផល គឺ​អ្នក​ដែលមាន​ឈ្មោះ​ក្នុង​ប​ញ្ចី ដែល​មិនទាន់បាន​បើកប្រាក់​របស់ខ្លួន​សម្រាប់​ខែ​នេះ អាច​បន្ត​បើកប្រាក់​នោះ នៅ​ខែ​បន្ទាប់​ទៀត ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៥ ខែ កញ្ញា ខាងមុខនេះ​បាន “ ។


​គប្បី​រំឭកថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ទាំង ២ គឺ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ និង កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​ក្រោម​អាយុ ២ ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ បាន​ឈប់សម្រាក​រយៈពេល ០៥ ថ្ងៃ សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ចាប់ពី​ថ្ងៃទី ១៦ រហូតដល់​ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២០ ហើយ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ នា​ខែ​ទី ១ សម្រាប់​ជុំ​ទី ២ នេះ បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ២៥ ខែ សីហា ឆ្នាំ ២០២០ ដោយមាន ប្រជាពលរដ្ឋ​ក្រីក្រ និង ងាយ​រងគ្រោះ​ជាង ៦៦ ម៉ឺន ៩​ពាន់ គ្រួសារ ។​


​លោក ឈួ​រ សុ​បញ្ញា បានឱ្យដឹង ថា គិត​ត្រឹម​ម៉ោង ១៨ និង ០០ នាទី ថ្ងៃទី ១៥ ខែ កញ្ញា ដែលជា​ពេល​ចុងក្រោយ មុន​ការឈប់​សម្រាក កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ បាន​បើកប្រាក់​ឧបត្ថម្ភ​ដល់​ប្រជាជន​ជាង ៤៩ ម៉ឺន និង ៦ ពាន់ ២១១ ដោយ​កម្មវិធី​ចំណាយ​ថវិកា អស់​ជាង ៩១ ពាន់​លាន​រៀល ឬ ជាង ២២ លាន​ដុល្លារ​អាម៉េរិក ហើយ​បើ​គិត​ចាប់តាំងពី​ដំបូង ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី ២៥ ខែ មិថុនា ផង​នោះ កម្មវិធី​បាន​ចំណាយ​ថវិកា​ជាង ៧៦ លាន​ដុល្លារ​អាម៉េរិក ។​


​ដោយឡែក​សម្រាប់ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​ក្រោម​អាយុ ២ ឆ្នាំ វិញ មាន​ស្ត្រី និង កុមារ ទទួលផល​សរុប ១៣ ៣ ២០៥ នាក់ ដោយ​កម្មវិធី​ចំណាយ​ថវិកា​អស់ ជិត ៧ លាន​ដុល្លារ​អាម៉េរិក ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក ឈួ​រ សុ​បញ្ញា ដដែល ៕ Kh

លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ក្រសួង​សង្គមកិច្ច ដែលជា​អ្នកដឹកនាំ​អនុវត្ត​ដោយផ្ទាល់​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ទាំង ២ របស់​រាជរដ្ឋាភិបាល ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម