រលំអគារលំនៅដ្ឋាននៅទីក្រុងមុំបៃស្លាប់៨នាក់ ជាប់ក្រោមគំនរបាក់បែកជាង២០នាក់

201
ចែករម្លែក

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៨ នាក់បានស្លាប់នៅក្នុងប្រទេសឥណ្ឌា នៅពេលអគារលំនៅដ្ឋានកម្ពស់ ៣ ជាន់បានដួលរលំនៅមុនថ្ងៃរះថ្ងៃចន្ទនេះ (២១ កញ្ញា) ខណៈដែលមន្ត្រីមួយរូបមកពីទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយថា មនុស្សរហូតដល់ ២៥ នាក់ត្រូវគេជឿថាជាប់នៅក្នុងគំនរបាក់បែក។

ទូរទស្សន៍បានបង្ហាញរូបភាពសត្វឆ្កែសង្គ្រោះកំពុងរត់ពីលើគំនរបាក់បែកនៃអគារនៅសង្កាត់បាយវ៉ាន់ឌីស្ថិតនៅជាយក្រុងមុំបៃ។

ដៃគូរបស់រ៉យទ័រគឺវេបសាយ ANI បានដកស្រង់សម្តីអ្នកនាំពាក្យសង្កាត់បាយវ៉ាន់ឌី ដោយនិយាយថាមនុស្ស ៨ នាក់បានស្លាប់។

ANI ក៏បានរាយការណ៍ដែរថាក្មេងម្នាក់ត្រូវបានជួយសង្គ្រោះ។

លោក សាតយ៉ា ប្រាដាន ប្រធានកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិបាននិយាយនៅក្នុងធ្វីតធឺថា មនុស្សពី ២០ ទៅ ២៥ នាក់កំពុងជាប់ក្នុងគំនរបាក់បែកហើយក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅជួយហើយ។

ការបាក់រលំអគារគឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌាជាពិសេសក្នុងរដូវភ្លៀងមូសុងដោយសារតែសំណង់ចាស់និងជារឿយៗជាសំណង់ខុសច្បាប់។

ពុំទាន់មានការបញ្ជាក់អំពីមូលហេតុនាំឱ្យរលំអគារនៅសង្កាត់បាយវ៉ាន់ឌីនៅឡើយទេ៕ ដោយ ៖ កញ្ញាដាលីស

អគារលំនៅដ្ឋាននៅជាយក្រុងមុំបៃបាក់រលំនៅមុនថ្ងៃរះថ្ងៃចន្ទនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម