ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ដោយ សារឡានបត់ស្តាំខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូមួយគ្រឿង

105
ចែករម្លែក

ដោយ:ឆាយានាថ/កណ្តាល ៖ បុរសម្នាក់បានស្លាប់និងនារីម្នាក់រងរបួសធ្ងន់ ដោយសារ ឡានមួយគ្រឿង បានបត់ស្តាំខ្វះការប្រុងប្រយ័ត្ន ធ្វើអោយបុកម៉ូតូមួយគ្រឿងពេញទំហឹង ។ ទោះបីយ៉ាងណា ជនបង្ក ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ភ្លាមៗផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២៖១០នាទី នៅចំណុចភ្លើងស្តុបព្រែកហូរ លើផ្លូវជាតិលេខ២ ភូមិតាក្តុលត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សមត្ថកិច្ច បញ្ជាក់ថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក RHINO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3A-4901អ្នកបើករថយន្តឈ្មោះ អឿន សំអុល ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិតារាជ ឃុំត្នោត ស្រុកញ្រ្ជៀច ខេត្តព្រៃវែង បើកក្នុងទិសដៅពីជើង ទៅត្បូង រួចបត់ស្ដាំ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA CUB ពណ៌ ទឹកប៊ិច គ្មានផ្លាកលេខ មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ អ្នកបើកម៉ូតូឈ្មោះ វ៉ាន់ មុន្នី ភេទប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្លាប់ភ្លាមៗនៅកន្លែងហេតុ និងអ្នករួមដំណើរពីក្រោយឈ្មោះ សុខ ឧស្សា ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅភូមិ សង្កាត់ខាងលើ រងរបួសបាក់ជើងខាងឆ្វេងត្រូវបានរថយន្តសង្រ្គោះរបស់ស្នងការដ្ឋានខេត្តកណ្ដាលដឹក យកទៅ សង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ។

សមត្ថកិច្ច បន្តថា ចំពោះមធ្យោបាយដែលពាក់ព័ន្ធ សមត្ថកិច្ចបានយកមករក្សាទុក បណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ។ ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ នេះ គឺបណ្តាលមកពីអ្នកបើករថយន្តបើកបត់ស្ដាំខ្វះការប្រុងប្រយ័ត្ន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម